ជម្លោះចូលច្រៀងខារ៉ាអូខេបន្ទប់ជាប់គ្នា រហូតដល់ប្រើហិង្សារបួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់នៅក្នុងចំណោម៣នាក់បានរងរបួសធ្ងន់បន្ទាប់ពីចូលច្រៀងខារ៉ាអូខេបន្ទប់ជាប់គ្នា ហើយមានទំនាស់ពាក្យសម្តីគ្នាក៏បានផ្ទុះហិង្សាយកខ្សែក្រវាត់វាយក្បាលជនរងគ្រោះជាគូជម្លោះបង្កការភ្ញាក់ផ្អើលដល់អ្នកនៅទីនោះ ខណៈដែលក្រុមជនសង្ស័យនាំគ្នារត់គេចខ្លួនបន្សល់ទុកតែម៉ូតូមួយគ្រឿង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែវិច្ឆិកាឆ្នាំ២០២០ស្ថិតនៅចំណុចក្លិបខារ៉ាអូខេជំនោរត្រជាក់ចិត្ត ក្នុងភូមិស្វាយតឿសង្កាត់ស្វាយតឿ ក្រុងស្វាយរៀង។

បើតាមសមត្ថកិច្ចកងរាជអាវុធហត្ថក្រុងស្វាយរៀងបានឱ្យដឹងថា  បុរសរងគ្រោះមាន ១-ឈ្មោះយ៉ូន សុខជា  អាយុ២៧ ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិព្រៃស្រគំ ឃុំពងទឹក ស្រុករំដួល ខេត្ត ស្វាយរៀង(របួសក្បាល)បញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្ត ។២-ឈ្មោះភាព ភា អាយុ២៣ឆ្នាំ មុខរបរកម្មករម៉ាស៊ីនច្រូតស្រូវ រស់នៅភូមិសំពណ៌ ឃុំព្រៃទទឹង ស្រុកមេសាង ខេត្តព្រៃវែង (គ្មានរបួស) និងទី៣-ឈ្មោះម៉ុន ណាត  អាយុ២១ឆ្នាំ មុខរបរកម្មករម៉ាស៊ីនច្រូតស្រូវ រស់នៅភូមិ ដំណាក់សេរី ឃុំកំចាយមារ ស្រុក កំចាយមារ ខេត្តព្រៃវែង (គ្មានរបួស) ។

ប្រភពបន្តថា ចំណែកក្រុមជនសង្ស័យ៣នាក់មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ព្រោះក្រោយបង្កហេតុបានរត់គេចខ្លួនបន្សល់ម៉ូតូមួយគ្រឿងម៉ាកហុងដា C១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១I-១៣០១។

ប្រភពបន្តថា បន្ទាប់ពីទទួលព័ត៌មាននេះភ្លាមកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងដឹកនាំដោយលោកអនុសេនីយ៍ទោ សែន កុសល មេបញ្ជាការស្តីទីក្រុងបានចុះបង្ក្រាបករណីប្រើអំពើហិង្សានៅចំណុចខារ៉ាអូខេជំនោរត្រជាក់ចិត្តនេះ ប៉ុន្តែក្រុមជនសង្ស័យបានរត់គេចខ្លួនបន្សល់តែម៉ូតូទើបកម្លាំងសមត្ថកិច្ចបានយកជនរងគ្រោះទៅកាន់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងនិងកំពុងស្រាវជ្រាវរកជនសង្ស័យដើម្បីចាត់ការតាមច្បាប់ ។

សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុដែលបណ្ដាលឱ្យមានហិង្សានេះដោយសារ ចូលច្រៀងខារ៉ាអូខេបន្ទប់ជាប់គ្នា ហើយទំនាស់ពាក្យសម្តីគ្នា ទើបឈានដល់ក្រុមជនសង្ស័យយកខ្សែក្រវាត់វាយតែម្ដង៕យឺម សុថាន

...

    

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print