ភ្នំពេញ៖ ទីតាំងម៉ាស្សាយីហោដាយម៉ិន (Diamond Massage) ដែលបើកទីតាំងម៉ាស្សាបង្កប់សេវាផ្លូវភេទដោយចំហ និងបានបង្ហោះពេញបណ្ដាញសង្គមFacebook នោះ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ សហការជាមួយមន្ទីរទេសចរណ៍ កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះបិទទីតាំងម៉ាស្សានេះ និងឃាត់ខ្លួនបុរសម្នាក់ដែលជាសន្ដិសុខទៅសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញផងដែរ។
ប្រតិបត្តិការនេះដឹកនាំផ្ទាល់ដោយលោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ ធ្វើឡើងនៅ រសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចទីតាំងម៉ាស្សាយីហោ ដាយម៉ិន (Diamond Massage)ត្រង់ចំណុចផ្ទះលេខ៤៨C ផ្លូវលេខ២២២ ក្នុងមូលដ្ឋានសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញបានប្រាប់ឱ្យដឹងថា ចំពោះទីតាំងម៉ាស្សានេះ មិនអនុញ្ញាតឱ្យមានការបើកដំណើរការឡើយ ដោយ យោងតាមការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីការពារជំងឺឆ្លង COVID-19 គឺត្រូវបានបិទជាយូរមកហើយ តែដោយឡែកទីតាំងម៉ាស្សាដែលបើកលួចលាក់ល្មើសនឹងបទបញ្ជារបស់អាជ្ញាធរត្រូវបិទទីតាំងនោះជាស្ថាពរតែម្ដង។
ក្រោយបញ្ចប់ប្រតិបត្តិការកម្លាំងនគរបាលជំនាញបានឃាត់ខ្លួនបុរសម្នាក់ដែលតាំងខ្លួនជាសន្តិសុខ ដើម្បីនាំខ្លួនទៅសួរនាំបន្ដែម៕ ដោយ ៖ រ៉ារ៉ា