ខេត្តបន្ទាយមានជ័យ៖ កម្លាំងអង្គភាពស៊ីម៉ាក់ប្រចាំនៅខេត្តបន្ទាយមានជ័យ បានរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើនគ្រាប់ដែលនៅសេសសល់ពីសម័យសង្រ្គាម នៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ក្នុងដីឡូត៍មួយកន្លែងស្ថិតនៅភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ។
លោកអធិការស្រុកព្រះនេត្រព្រះមាស រិទ្ធីបានបញ្ជាក់ថា កាលពីអំឡុង២ទៅ៣ខែមុន កម្លាំងនគរបាលស្រុកបានធ្វើការហ៊ុមព័ទ្ធដីឡូត៍មួយកន្លែងជាកម្មសិទ្ធិរបស់ឈ្មោះ ឡាយ ពេជ្រ ភេទប្រុស អាយុ៥៥ឆ្នាំ នៅភូមិចក្រី ឃុំជប់វារី ស្រុកព្រះនេត្រព្រះ អតីតជាមន្ត្រីនគរបាលចូលនិវត្តន៍ដើម្បីកុំឱ្យមនុស្ស សត្វឆ្លងកាត់។ការហ៊ុមព័ទ្ធធ្វើឡើងបន្ទាប់ពីមានស្នូរគ្រាប់ផ្ទុះនៅចំណុចដីឡូត៍នោះ។ ដោយមានការសង្ស័យ នៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ មន្ត្រីអង្គភាពស៊ីម៉ាក់បានចុះមករាវរុករកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅសេសសល់ពីសម័យសង្រ្គាមជាប្រភេទគ្រាប់៣៧មមចំនួន១២០គ្រាប់និងកាំភ្លើងតូចមានចំនួន៦០គីឡូក្រាម។
មន្ត្រីស៊ីម៉ាក់បាននិយាថា គ្រាប់ដែលរកឃើញពីការកប់នៅក្រោមដីយូរឆ្នាំសុទ្ធតែជាគ្រាប់ដែលមានគុណភាពនិងប្រសិទ្ធភាពល្អ វាអាចសម្លាប់មនុស្សដែលទៅប៉ះពាល់វាបានគ្រប់ពេល។គ្រាប់នេះដែរត្រូវបានគេកប់ចោលក្នុងអំឡុងដែលសង្គ្រាមស៊ីវិលបាននិងកំពុងប្រឈមមុខដាក់គ្នារវាងកងទ័ពរដ្ឋាភិបាលនឹងក្រុមឧទ្ទាមក្នុងព្រៃ ៕
វណ្ណា