រកឃើញ៦ក្រុមឡើងវគ្គ១៦ក្រុមស្វ័យប្រវត្តិនៅ UEFA Champions League

ចែករំលែក៖

យោងតាមលទ្ធផលដែលចេញផ្សាយដោយ Soccer News កាលពីព្រឹកថ្ងៃ២៦ វិច្ឆិកា និងយោងតាមការចេញផ្សាយរបស់ UEFA បានឲ្យដឹងថា ការប្រកួតវគ្គជម្រុះតាមពូលក្របខ័ណ្ឌ UEFA Champions League បានរកឃើញ៦ក្រុមឡើងទៅវគ្គ១៦ក្រុមចុងក្រោយដោយស្វ័យប្រវត្តិ។

សម្រាប់ការប្រកួតវគ្គជម្រុះតាមពូលក្របខ័ណ្ឌខាងលើមិនទាន់បញ្ចប់នៅឡើយទេ គឺនៅសល់២ប្រកួតទៀតទើបចប់ការប្រកួតវគ្គជម្រុះនេះ។ ប៉ុន្តែបើទោះបីនៅសល់២ប្រកួតទៀតក៏ដោយគេបានរកឃើញ៦ក្រុមហើយបានឡើងទៅវគ្គប្រកួត១៦ក្រុមដោយស្វ័យប្រវត្តិ ដោយសារក្រុមខ្លាំងៗទាំងនោះមានពិន្ទុដាច់លើក្រុមលេខ៣ និងលេខ៤ក្នុងពូលរៀងៗខ្លួន។

ក្រុមខ្លាំងចំនួន២មកពីអេស្ប៉ាញគឺ Barcelona និង Sevilla បានកក់កៅអីទៅកាន់វគ្គ១៦ក្រុម ក្រោយពីក្រុម Barcelona បានយកឈ្នះ Dynamo Kyiv នៅក្រៅទឹកដីកាលពីថ្ងៃទី២៤ វិច្ឆិកា ខណៈដែលក្រុម Sevilla បានយកឈ្នះក្រុមម្ចាស់ផ្ទះ Krasnodar កាលពីថ្ងៃ២៤ វិច្ឆិកាដូចគ្នា។

ចំណែកក្រុមខ្លាំងចំនួន២ទៀតមកពីអង់គ្លេសគឺក្រុមតោខៀវ Chelsea និងក្រុមមេឃខៀវ Manchester City ក៏បានកក់កៅអីទៅកាន់វគ្គ១៦ក្រុមដែរ។ ក្រុមតោខៀវ Chelsea បានយកឈ្នះក្រុមម្ចាស់ផ្ទះ Rennesកាលពីថ្ងៃទី២៤ វិច្ឆិកា ខណៈដែលក្រុមមេឃខៀវ Manchester City បានយកឈ្នះក្រុមម្ចាស់ផ្ទះ Olympiakos Piraeus កាលពីថ្ងៃទី២៥ វិច្ឆិកា។

ដោយឡែកក្រុមខ្លាំងមកពីលីគកំពូល២ផ្សេងគ្នា២ក្រុមទៀតក៏បានកក់កៅអីវគ្គ១៦ក្រុមដែរ គឺក្រុមខ្លាំងមកពីអុីតាលី សេះបង្កង់ Juventus និងក្រុមខ្លាំងមកពីអាល្លឺម៉ង់ Bayern Munich។ ក្រុម Juventus បានយកឈ្នះក្រុមភ្ញៀវ Ferencvaros កាលពីថ្ងៃទី២៤ វិច្ឆិកា ក្នុងវគ្គជម្រុះតាមពូលដែលធ្វើឲ្យក្រុមនេះឈរលេខ២ក្នុងពូល មានពិន្ទុដាច់ក្រុមលេខ៣និងលេខ៤។ រីឯក្រុមខ្លាំង Bayern Munich បានបំបាក់ក្រុមភ្ញៀវ Salzburg កាលពីថ្ងៃទី២៥ វិច្ឆិកា ធ្វើឲ្យក្រុមមួយនេះរក្សាបានភាពមិនដែលចាញ់ក្នុងវគ្គជម្រុះតាមពូល និងមានកៅអីដោយស្វ័យប្រវត្តិទៅវគ្គ១៦ក្រុម។

សូមបញ្ជាក់ថា ការប្រកួតវគ្គជម្រុះតាមពូលក្របខ័ណ្ឌ UEFA Champions League នៅដល់តែ២ប្រកួតទៀតប៉ុណ្ណោះនឹងត្រូវបញ្ចប់ ក្នុងនោះការប្រកួតវគ្គបន្តនឹងត្រូវធ្វើឡើងនៅថ្ងៃទី១ និងទី២ ខែធ្នូ ឆ្នាំ២០២០ខាងមុខ។ ការប្រកួតនេះក្រុមនីមួយៗសុទ្ធតែត្រូវការឈ្នះដើម្បីរក្សាបានកៅអីទៅកាន់វគ្គ១៦ក្រុម ដែលត្រូវការ១០ក្រុមទៀត ៕ដោយ៖ភារៈ

...

      

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print