ខេត្តបាត់ដំបង៖ បុរសម្នាក់ក្រោយពីចេញទៅឆក់ត្រីបាត់ខ្លួនអស់ពីរយប់ស្រាប់តែអ្នកស្រុកប្រទះឃើញ ក្លាយជាសពអណ្តែតក្នុងទឹកអូរយ៉ាងអាណោចអាធ័ម។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង០៦ និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចអូរហែម ស្ថិតក្នុងភូមិព្រៃភ្ងាស ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌស្រុកគាស់ក្រឡបានឲ្យដឹងថាសាកសព ដែលប្រជាពលរដ្ឋប្រទះឃើញមានឈ្មោះ ហឿន សោម ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរជាកសិករ រស់នៅភូមិព្រៃភ្ងាស ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
ប្រភពដដែលបានបន្តថាតាមការបំភ្លឺរបស់ ឈ្មោះ ម៉េង នី ដែលត្រូវជាប្រពន្ធសពបានប្រាប់ថា នៅវេលាម៉ោង១០យប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ខ្លួនបានឃើញប្ដីយកម៉ូទ័រឆក់ត្រីដើរចេញពីផ្ទះ ហើយខ្លួនក៏សួរទៅឆក់ត្រីនៅឯណា ប្ដីក៏ឆ្លើយប្រាប់វិញថា ទៅឆក់ត្រីនៅឯអូរខាងជើងភូមិ ហើយក៏បាត់រហូត។លុះមកដល់ព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ក៏មិនឃើញប្ដីត្រឡប់មកផ្ទះវិញខ្លួនគាត់បានប្រាប់បងប្អូនឲ្យចេញជួយដើររកតែរកមិនឃើញ។
លុះដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង៦និង៤០នាទីព្រឹក ខ្លួនបានដំណឹងពីឈ្មោះ ហឿន សឺន ដែលត្រូវជាបងថ្លៃរបស់ខ្លួនថា បានរកឃើញប្តីខ្លួនហើយគឺស្លាប់ នៅចំណុចអូរហែម ដោយសារឆក់នឹងកម្លាំងចរន្តម៉ូទ័រឆក់ត្រីភ្លាត់ស្នៀតឆក់ខ្លួនឯង ហើយខ្លួនក៏ទៅមើលឃើញថា ប្ដីខ្លួនស្លាប់អណ្ដែតទឹក ដោយដៃកាន់ដែកឆក់ពិតប្រាកដមែន។
ក្រោយពីឃើញដូច្នោះ ខ្លួនក៏បានរាយការណ៍ជូនសមត្ថកិច្ច នគរបាលប៉ុស្ដិ៍មូលដ្ឋាននិងសមត្ថកិច្ចជំនាញចុះមកពិនិត្យ និងធ្វើកោសល្យវិច័យ។
សមត្ថកិច្ចជំនាញបានសន្និដ្ឋានថា ជនរងគ្រោះ ពិតជាបានស្លាប់ ដោយសារចរន្តឧបករណ៍ម៉ូទ័រឆក់ត្រីឆក់ខ្លួនឯងប្រាកដមែន និងបានប្រគល់ឲ្យក្រុមគ្រួសារ ទទួលយកសពទៅរៀបចំ ធ្វើបុណ្យតាមប្រពៃណី៕
ដោយ÷ប្រាថ្នា