នៅពេលនេះលោកត្រាំអាចអង្គុយនៅការិយាល័យសេតវិមានបាន តែ ៥០ថ្ងៃទៀតប៉ុណ្ណោះ នឹងត្រូវវេចបង្វេចចាកចេញ ផ្តល់ជូនម្ចាស់ថ្មីហើយ។ ប៉ុន្តែក្នុងរយៈពេលចុងក្រោយនៃការកាន់អំណាច លោកត្រាំមិនបានផ្តល់លក្ខណៈងាយស្រួលដល់លោកបៃឌិនដើម្បីដឹកនាំជំនួសនោះឡើយ ផ្ទុយទៅវិញគឺបានបង្កបញ្ហាជាច្រើនទុកឲ្យរដ្ឋាភិបាលថ្មីត្រូវដោះស្រាយ។
ប៉ុន្មានថ្ងៃមុនលោកត្រាំបានអនុញ្ញាតឲ្យក្រុមការងាររបស់លោកបៃឌិនចាប់ផ្តើមដំណើរការផ្ទេរអំណាច តាមស្ថាប័ននីមួយៗ។ ក្រុមអ្នកសង្កេតការណ៍បានលើកឡើងថា ក្នុងរយៈពេល៥០ថ្ងៃចុងក្រោយនេះលោកត្រាំនឹងប្រើប្រាស់អំណាច របស់លោកដើម្បី «យកថ្មរាំងផ្លូវ ឬដាក់បន្លាលួស» ក្នុងគោលដៅបង្កផលលំបាកដល់ប្រធានាធិបតីថ្មី។
នៅពេលនេះលោកត្រាំ កំពុងតែប្រើប្រាស់សិទ្ធិលើកលែងទោស ដោយលោកបានសម្រេចលើកលែងទោសដល់លោកMichael Flynn អតីតទីប្រឹក្សាសន្តិសុខជាតិដែលជាប់ពាក់ព័ន្ធនឹងការស្រាវជ្រាវរឿងរុស្ស៊ីជ្រៀតជ្រែកកិច្ចការបោះឆ្នោតកាលពីឆ្នាំ២០១៦។ ក្រៅពីនេះលោកត្រាំ ក៏បានចេញបញ្ជាលើកលែងទោសចំនួន២៨ និង បន្ថយទោសចំនួន១៦ករណីផងដែរ។ កាលពីអតីតប្រធានាធិបតី Bill Clinton មុនពេលចេញពីសេតវិមាន បានអនុម័ត លើកលែងទោសដល់ទៅ១៧៦ករណី។
បញ្ហាដែលលោកត្រាំបន្សល់ទុកឲ្យលោកបៃឌិននាពេលនេះគឺវិស័យពាណិជ្ជកម្មជាមួយចិន ដោយលោកត្រាំបានបង្កើនការដាក់ទណ្ឌកម្មដល់ក្រុមហ៊ុនចិនជាច្រើនបន្ថែមទៀត ។
បញ្ហាដែលប្រឈមុខខ្លាំងនាពេលនេះ គឺបញ្ហាអុីរ៉ង់ ដែលលោកបៃឌិនពិបាកក្នុងការបន្តកិច្ចព្រមព្រៀងបរមាណូជាមួយអុីរ៉ង់។ ពេលនេះស្ថានភាពរវាងអាមេរិកនិឹងអុីរ៉ង់កាន់តែតានតឹង ក្រោយការលួចធ្វើឃាតបិតាបច្ចេកវិទ្យាបរមាណូអុីរ៉ង់នៅលើទឹកដីអុីរ៉ង់តែម្តង ហើយរដ្ឋាភិបាលអុីរ៉ង់បញ្ជាក់ថា អ្នកនៅពីក្រោយការវាយប្រហារនោះ គឺអាមេរិក និងអុីស្រាអែល៕
ដោយ៖ធីរីណា
ប្រធានាធិបតីអាមេរិកដូណាល់ត្រាំ
(រូបភាព៖ Getty images )