ខេត្តកំពង់ឆ្នាំង ៖ ករណីពុលស្រានៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង រហូតមកដល់ព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានកើនឡើងដល់៦៤នាក់ហើយ។ ចំណែកអ្នកស្លាប់មានត្រឹមតែ៤នាក់ប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់របស់លោកប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងលោកវេជ្ជ បណ្ឌិត ប្រាក់ វ៉ុន ដែលបានប្រាប់កាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។
លោកវេជ្ជបណ្ឌិតប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានប្រាប់ឲ្យដឹងទៀតថា ករណីពុលស្រានេះគឺស្ថានភាពយើងគ្រប់គ្រងបានល្អ ដោយក្រុមគ្រូពេទ្យបានដឹកអ្នកជំងឺមកមន្ទីរពេទ្យយ៉ាងយកចិត្តទុកដាក់បំផុតហើយធ្វើការព្យបាលបានទាន់ពេលវេលា។ ក្នុងចំណោមទាំង៦៤នាក់ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ពួកគាត់មានអាការធូរស្បើយដែរហើយ នៅសល់តែមួយនាក់ប៉ុណ្ណោះដែលនៅមានអាការធីងធោង ក្តៅខ្លួន វិលមុខដោយសារមិនទាន់អស់ជាតិពុល ហើយគ្រូពេទ្យកំពុងតែតាមដានសុខភាពរបស់គាត់ ។ ក្នុងករណីនេះ គឺមានអ្នកស្លាប់តែ៤នាក់ប៉ុណ្ណោះ ដែល២នាក់គឺស្លាប់ពេលបញ្ជូនទៅភ្នំពេញ និង២នាក់ផ្សេងទៀតស្លាប់នៅមូលដ្ឋានផ្ទាល់តែម្តង ។
បើតាមប្រភពចុងក្រោយពីមូលដ្ឋាននាពេលនេះ សមត្ថកិច្ចមូលដ្ឋានបានហៅអ្នកលក់ស្រាចំនួន៣នាក់មកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុកទឹកផុសផងដែរ និងបានបញ្ជូនអ្នកលក់ស្រាទាំង៣នាក់នេះបន្តមកស្នងការដ្ឋាននគរបាលខេត្តដើម្បីធ្វើការសាកសួរបន្ថែមទៀត ពាក់នឹងករណីស្រាពុលដើម្បីធ្វើការស្រាវជ្រាវបន្តទៀត ៕ចន្ថា