នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Muhyiddin Yassin បានបញ្ជាក់ថា នៅពេលអស់កូវីដ-១៩ នឹងស្នើដល់ព្រះមហាក្សត្ររំលាយរដ្ឋសភា និងរៀបចំការបោះឆ្នោតមុនពេលកំណត់ ។
សារព័ត៌មានChannel News Asia នៅថ្ងៃទី២៩ខែវិច្ឆិកាបានផ្សាយថា នាយករដ្ឋមន្ត្រី Muhyiddin Yassin បានប្រកាសថា នៅពេលបញ្ចប់កូវីដ-១៩ យើងនឹងបោះឆ្នោត ហើយប្រគល់អំណាចទៅឲ្យរដ្ឋាភិបាលកើតឡើងដោយការបោះឆ្នោតជ្រើសរើសពីមហាជន។
ការប្រកាសខាងលើរបស់នាយករដ្ឋមន្ត្រី Muhyiddin Yassin ក្រោយពេលគណបក្សរបស់លោកមិនមានសំឡេងភាគច្រើនក្នុងសភាបង្កផលលំបាកយ៉ាងខ្លាំងក្នុងការអនុម័តគោលនយោបាយដឹកនាំប្រទេស ។
បើទោះបីបែបណាក្តី កាលពីថ្ងៃទី២៦ខែវិច្ឆិកា រដ្ឋសភាម៉ាឡេស៊ីបានអនុម័តមូលនិធិសម្រាប់ឆ្នាំ២០២១ បើទោះបីរងការជំទាស់ពីគណបក្សប្រឆាំងក្តី ។ ការគាំទ្រនោះត្រូវបានចាត់ទុកថា ជាការឆ្លងផុត ដំណាក់កាលបោះឆ្នោតផ្តល់ទំទុកចិត្តលើរដ្ឋាភិបាលរបស់លោកMuhyiddin Yassin ។ រដ្ឋាភិបាល ម៉ាឡេស៊ី បានស្នើចំណាយប្រាក់៧៩ពាន់លានដុល្លារសម្រាប់ឆ្នាំ២០២១ ដែលជាចំនួនច្រើនបំផុត មិនធ្លាប់មាន ។
ជាមួយគ្នានោះដែរ គណបក្សប្រឆាំងក៏បានស្នើឲ្យមានការគ្រប់គ្រងការចំណាយឲ្យបានល្អបំផុត ក្នុងពេល ប្រទេសជាតិស្ថិតនៅក្នុងដំណាក់កាលកូវីដ-១៩ ។
តាមការប្រកាសរបស់ក្រសួងសុខាភិបាលម៉ាឡេស៊ី មកទល់ពេលនេះ ម៉ាឡេស៊ីមានចំនួនអ្នកឆ្លងកូវីដ-១៩សរុបជាង៦៣ពាន់នាក់ ក្នុងនោះមានអ្នកស្លាប់៣៥៤នាក់។ ម៉ាឡេស៊ីជាប្រទេសឈរលំដាប់ទី ៤ក្នុងតំបន់អាស៊ានដែលមានអ្នកឆ្លងកូវីដ-១៩ច្រើនជាងគេ៕