ម្នាក់ស្លាប់៣នាក់ទៀតរងរបួសធ្ងន់ស្រាលដោយម៉ូតូ២គ្រឿងបុកគ្នានៅស្រុកស្វាយទាប

ចែករំលែក៖

ខេត្តស្វាយរៀង៖ យុវជនម្នាក់ស្លាប់និងបីនាក់ទៀតរងរបួសធ្ងន់ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូដែលបើកមិនប្រកាន់ស្ដាំបុកគ្នាពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងវេលារសៀល។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង១០នាទីរសៀលថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០២០ស្ថិតនៅលើផ្លូវលេខ៣១៧ក្នុងភូមិខ្ជាយ ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថាបុរសដែលស្លាប់មានឈ្មោះសួស ឃីម   អាយុ១៩ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិព្រៃទទឹង ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង និងអ្នករួមដំណើរឈ្មោះ ម៉ៅ សុផែន  អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិព្រៃទទឹង ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀងរងរបួសធ្ងន់ ជិះម៉ូតូ

ម៉ាកអ៉ិចស្ទ័រ ពណ៌ខ្មៅ  គ្មានស្លាកលេខ ខូចខាតយ៉ាងដំណំ។

ចំណែកភាគីម្ខាងទៀតមានឈ្មោះ សុង សំអាន  ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិអង្គ្រង ឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង និងអ្នករួមដំណើរឈ្មោះ កន ចន្ថន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មកររោងចក្រ  រស់នៅភូមិអង្គ្រង ឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀងរងរបួសទាំងពីរនាក់។

បើតាមសាក្សីបានឲ្យដឹងថា មុនពេលកើតហេតុមានយុវជន២នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកអ៉ិចស្ទ័រពណ៌ខ្មៅ  គ្មានស្លាកលេខ ក្នុងទិសដៅពីត្បូងទៅជើងដោយបានបើកប្រកាន់ស្តាំស្រាប់តែ

ទៅបុកជាមួយម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ  ពាក់ស្លាកលេខ ស្វាយរៀង ១J -៥០៣៤ដែលបើកក្នុងទិសដៅបញ្ច្រាសគ្នាយ៉ាងពេញទំហឹងលាន់សូរដូចរន្ទះបង្កការភ្ញាក់ផ្អើលតែម្ដង។

ក្រោយកើតហេតុសមត្ថកិច្ចបានមកដល់ធ្វើការវាស់វែងនិងប្រគល់សពអ្នកស្លាប់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកឯអ្នករងរបួសបានបញ្ចូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង  និងអូសយកម៉ូតូទាំងពីរគ្រឿងមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំរមាំងថ្កោលដើម្បីដោះស្រាយបន្តតាមច្បាប់៕

ដោយ៖ យឹម សុថាន

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print