ខេត្តបន្ទាយមានជ័យ ៖ យោងតាមគេហទំព័រនគរបាលជាតិបានឲ្យដឹងថាលទ្ធផលនៃការធ្វើតេស្តដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាលើវត្ថុសំណាករកវីរុស COVID-19 លើកទី០១ ដែលធ្វើលើអ្នកសង្ស័យជិត៣០០នាក់នៅខេត្តបន្ទាយមានជ័យ គឺអវិជ្ជមានវីរុសកូវីដ-១៩ទាំងអស់ ។
លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានសុខាភិបាលនៃរដ្ឋបាលខេត្តបន្ទាយមាជ័យ បានអោយដឹងនៅថ្ងៃទី៣០ ខែវិច្ឆិកានេះថា ករណីអ្នកសង្ស័យមានចំនួន ២៩៣នាក់/ ស្រី៩៧នាក់ ដែលក្រុមឆ្លើយតប បន្ទាន់ (RRT) នៃមន្ទីរសុខាភិបាលខេត្ត បានយកវត្ថុសំណាករកវីរុសកូវីដ-១៩ សម្រាប់ថ្ងៃទី០១នៅមហាសាលប្រជុំនៃសាលាខេត្តបន្ទាយមានជ័យ គឺកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បីបញ្ជូនទៅវិទ្យាស្ថានប៉ាស្ទ័រ នោះ លទ្ធផលមកវិញគឺអវិជ្ជមានវីរុសកូវីដ-១៩ទាំងអស់ ហើយនៅថ្ងៃទី០២ គឺថ្ងៃទី៣០ ខែវិច្ឆិកា ធ្វើនៅមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណ ក្រុមការងារកំពុងបន្តស្រាវជ្រាវ រកអ្នកពាក់ពន្ធ័ផ្ទាល់ ផ្សេងទៀតក្នុងការបង្ការ ទប់ស្កាត់ ការចម្លងវីរុសកូវីដ-១៩ទាំងអស់គ្នា ។ ពោលគឺមណ្ឌលសុខភាពយកវត្ថុសំណាកនៅមហាសាលប្រជុំនៃសាលាខេត្តបន្ទាយមានជ័យធ្វើតែ១ថ្ងៃគឺថ្ងៃទី២៩ ខែវិច្ឆិកានោះ បានបិទហើយ ។
ជាមួយគ្នានោះដែរ មន្ទីរសុខាភិបាលខេត្ត សូមសំណូមពរ និង អំពាវនាវឲ្យមន្ត្រី កងកម្លាំង ប្រជាពលរដ្ឋរបស់ទាំងឡាយ ត្រូវអនុវត្តន៍តាមវិធានការសុខាភិបាល ក្នុងការថែរក្សា អនាម័យ លាងសំអាងដៃឲ្យបានសំអាតបដៃ ជាប្រចាំដោយសាប៊ូ ឬអាល់កុល ពាក់ម៉ាស់ ឲ្យបានត្រឹមត្រូវ គ្រប់ពេលវេលា នៃ ការធ្វើដំណើរ ចេញទៅក្រៅផ្ទះ ទីសាធារណៈ ហើយរក្សាគម្លាតសុវត្ថិភាពបុគ្គល និងគម្លាតសុវត្ថភាពសង្គមជាដើម ។ ចំពោះ អ្នកដែលពាក់ព័ន្ធ ឬ មានរោគសញ្ញាសង្ស័យផ្សេងទៀត សូមអញ្ជើញទាក់ទងទូរសព្ទ័115 ឬ មកជួបពិគ្រោះយោបល់ជាមួយ ក្រុមគ្រូពេទ្យដែលនៅជិតផ្ទះបងប្អូន ។
សូមរំលឹកថា តាំងពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឆែម សាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ (ដែលភរិយាលោកបានឆ្លងកូវីដ-១៩ ) បានរួមដំណើរជាមួយអគ្គនាយករង កងកម្លាំងទៅត្រួតពិនិត្យប្រតិបត្តិការទទួលការវិលត្រឡប់នៃអ្នកជាប់ឃុំជាង១.៦០០នាក់ ក្រោយពេលទឹកជំនន់លិចពន្ធនាគារបន្ទាយមានជ័យ ។ នៅពេលនោះអ្នកប៉ះពាល់ជាមួយលោកអគ្គនាយក គឺមានលោកព្រះរាជអាជ្ញា លោកព្រះរាជអាជ្ញារង លោកប្រធានតុលាការ មេបញ្ជាការ មេបញ្ជាការរងកងរាជអាវុធហតហត្ថ លោកស្នងការ លោកស្នងការរង លោកឧត្តមអគ្គានុរក្សជាប្រធាន អនុប្រធានពន្ធនាគារ.មន្ត្រីពន្ធនាគារនុរក្សខេត្ត និងកងកម្លាំង រាប់រយនាក់ និងអ្នកជាប់ឃុំខ្លះ ។ បន្ទាប់ពីនោះ ហើយបន្តបន្ទាប់ឬច្រើនថ្ងៃ មន្ត្រីទាំងនោះ ក៏ទទួលការប៉ះពាល់ផ្ទាល់ និងប្រយោលពីមន្ត្រីថ្នាក់ដឹកនាំ មន្ត្រីកងកម្លាំង អ្នកពាក់ព័ន្ធរាប់រយពាន់នាក់ទៀត ។ ហេតុនេះ អ្នកសង្ស័យត្រូវតែយកវត្ថុសំណាកយកទៅធ្វើតេស្តរកវីរុសកូវីដ-១៩ ៕
ដោយ÷ប្រាថ្នា