ការប្រកួតក្របខ័ណ្ឌអង់គ្លេស Premier League សម្រាប់សប្តាហ៍ទី១០ បានបញ្ចប់ហើយកាលពីរាត្រីថ្ងៃទី៣០ ខែវិច្ឆិកា ដោយមាន២គូ គឺក្រុមភ្ញៀវ Fulham យកឈ្នះក្រុមម្ចាស់ផ្ទះ Leicester City និងក្រុម West Ham យកឈ្នះក្រុមភ្ញៀវ Aston Villa ។ នេះបើយោងតាមការចុះផ្សាយរបស់ BBC Sport និង Livescore នៅព្រឹកថ្ងៃទី១ ធ្នូនេះ។
ក្រុម Fulham ធ្វើបានល្អដោយបានយកឈ្នះក្រុមម្ចាស់ផ្ទះ Leicester City ដែលជាក្រុមខ្លាំងមួយនៅអង់គ្លេស ដោយលទ្ធផល ២ទល់១ បើទោះបីក្រុមម្ចាស់ផ្ទះ Leicester មានការគ្រប់គ្រងបាល់ និងការលេងបានច្រើនជាងក្រុមភ្ញៀវក៏ដោយ។ ប៉ុន្តែនៅនាទីទី៣០ខ្សែប្រយុទ្ធ Lookmanរបស់ក្រុម Fulham រកបាន១គ្រាប់នាំមុខ ហើយនៅនាទីទី៣៨ ក្រុមLeicester បានបង្កឲ្យមានកំហុសក្នុងប្រអប់គ្រោះថ្នាក់ ធ្វើឲ្យអាជ្ញាកណ្តាលពិន័យបាល់១១ម៉ែត្រ ដែលស៊ុតដោយខ្សែបម្រើស្លាប Ivan Cavaleiro ។ ធ្វើឲ្យចប់តង់ទី១ ក្រុមភ្ញៀវ Fulham នាំមុខក្រុមម្ចាស់ផ្ទះ Leicester ២ទល់០។
ចូលដល់តង់ទី២ ក្រុមម្ចាស់ផ្ទះ បានព្យាយាមវាយសម្រុកដែលការគ្រប់គ្រងបាល់របស់ក្រុមម្ចាស់ផ្ទះមានរហូតដល់៦៨ភាគរយឯណោះ ប៉ុន្តែនៅតែមិនអាចបំប៉ោងសំណាញ់ទីគូប្រកួតបាន។ ចូលដល់នាទីទី៨៦ ជិតចប់ការប្រកួតទៅហើយកីឡាករខ្សែបម្រើប្រយុទ្ធ Barnes របស់ក្រុម Leicester រកបាន១គ្រាប់សងវិញ ធ្វើឲ្យចប់ការប្រកួតក្រុមភ្ញៀវ Fulhamឈ្នះក្រុម Leicester ក្នុងលទ្ធផល ២ទល់១។
លទ្ធផលនេះធ្វើឲ្យក្រុម Fulham ទទួលបាន៣ពិន្ទុឡើងផុតពីក្រុមបាតតារាងមកឈរចំណាត់ថ្នាក់លេខ១៧បណ្តោះអាសន្នមាន៧ពិន្ទុផុតពីតំបន់កាត់ចោល ខណៈដែលក្រុម Leicester City មកឈរចំណាត់ថ្នាក់លេខ៤មាន១៨ពិន្ទុ។
ចំណែកក្រុមម្ចាស់ផ្ទះ West Ham បានយកឈ្នះក្រុមភ្ញៀវ Aston Villa ក្នុងលទ្ធផល២ទល់១ដែរ ដែលគ្រាប់ទី១របស់ក្រុមម្ចាស់ផ្ទះរកបានតាំងពីដើមតង់ទី១ នាទីទី២ ដោយកីឡាករខ្សែការពារកណ្តាល Ogbonna ប៉ុន្តែនៅនាទីទី២៥ ខ្សែប្រយុទ្ធស្លាប Grealish របស់ក្រុម Aston Villa រកបាន១គ្រាប់សងវិញ ធ្វើឲ្យចប់ការប្រកួតតង់ទី១ គូទាំង២រកបានម្នាក់១គ្រាប់។
ចូលដល់តង់ទី២ ប្រកួតមិនបានប៉ុន្មានវិនាទីផង កីឡាករខ្សែបម្រើប្រយុទ្ធ Bowen របស់ក្រុម West Ham មានឱកាសរកបាន១គ្រាប់បន្ថែមទៀតធ្វើឲ្យក្រុមម្ចាស់ផ្ទះបន្តនាំមុខក្រុមភ្ញៀវ២ទល់១ រហូតដល់ចប់ការប្រកួត។ លទ្ធផលនេះធ្វើឲ្យក្រុម West Ham ឡើងទៅឈរលេខ៥បណ្តោះអាសន្ននៅលីគកំពូលអង់គ្លេសមាន១៧ពិន្ទុ ខណៈដែលក្រុម Aston Villa បានធ្លាក់មកឈរចំណាត់ថ្នាក់លេខ១០មាន១៥ពិន្ទុដដែល ៕ដោយ៖ភារៈ