អគ្គនាយកដ្ឋាន ក.ប.ប. បានរកឃើញវត្តមានសារធាតុមេតាណុលក្នុងស្រា ករណីពុល នៅខេត្តកំពង់ឆ្នាំង ដែលសង្ស័យថាបណ្តាលមកពីការទទួលទានស្រា

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីទទួលបានព័ត៌មានពីករណីពុល នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មន្ត្រីជំនាញអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានសហការជាមួយ កម្លាំងនគរបាលខេត្តកំពង់ឆ្នាំង កម្លាំងសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរដែនដី ដោយមានកិច្ចដឹកនាំសម្របសម្រួលពី លោកព្រះរាជអាជ្ញារង ខេត្តកំពង់ឆ្នាំង បានចុះប្រតិបត្តិការត្រួតពិនិត្យ ស្រាវជ្រាវ និងស៊ើបអង្កេត នៅទីតាំងកើតហេតុស្ថិតក្នុងភូមិជីប៉្រង ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង និងសិប្បកម្មផលិតផលស្រាចំនួន ០៨កន្លែង (៣កន្លែង ស្ថិតក្នុងស្រុកទឹកផុស និង ៥កន្លែងទៀតក្នុងស្រុកកំពង់ត្រឡាច) កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ។

ក្នុងប្រតិបត្តិការនេះ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. បានចុះធ្វើការសាកសួរព័ត៌មាន សាវតា ពាក់ព័ន្ធនៃការពុល និងបានប្រមូលនិងដកយកគំរូសំណាកស្រាសរុបចំនួន ៧៣គំរូ ( ១៨គំរូទទួលពីស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង និង៥៥គំរូ ទទួលបានពីទីតាំងសិប្បកម្ម៨កន្លែង) មកធ្វើការវិភាគនៅ មន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋាន ក.ប.ប.។
លទ្ធផលនៃការធ្វើតេស្តគំរូសំណាករួមមាន៖
– ៥គំរូ នៃស្រាចំនួន ១៦គំរូ ដែលទទួលបានពីស្នងការដ្ឋាននគរបាលខេត្ត មានវត្តមានមេតាណុលក្នុងកម្រិតខ្ពស់ចាប់ពី ១០.៥% រហូតដល់ ១៧.២៥ % លើសកម្រិតអនុញ្ញាតដែលឱ្យខ្ពស់បំផុតត្រឹមតែ ០.១៥% ប៉ុណ្ណោះ។
– ៥៥គំរូ ដែលបានដកហូតពីសិប្បកម្មចំនួន ៨កន្លែងផ្សេងគ្នា កំពុងធ្វើការវិភាគបន្ត។

តាមរយៈលទ្ធផលខាងលើ និងផ្អែកលើការសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ សបញ្ជាក់ឱ្យឃើញថា គំរូស្រាចំនួន ០៥ ក្នុងចំណោម គំរូស្រាចំនួន១៦ ខាងលើ មានកម្រិតមេតាណុល លើសពី ១០ក្រាម ក្នុង១០០មីលីលីត្រ ស្រា ដែលមានន័យថា៖
– ក្មេងជំទង់អាចពុលស្លាប់បាន ប្រសិនបើទទួលទានចាប់ពី ១០០មីលីលីត្រ ឡើងទៅ និង
– មនុស្សពេញវ័យអាចពុលស្លាប់បាន ប្រសិនបើទទួលទានចាប់ពី ៣០០មីលីលីត្រ ឡើង។

សូមបញ្ជាក់ផងដែរថា ករណីពុលស្រានេះ គិតត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ គិតត្រឹមម៉ោង១៤៖០០នាទីរសៀល ករណីសង្ស័យពុលស្រា សរុបចំនួន ១៣១នាក់ (ស្រី៦នាក់) អ្នកចេញជាសះស្បើយចំនួន ៩០នាក់, កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង បុរសចំនួន ៣១នាក់, សម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែតចំនួន ៣នាក់, អ្នកស្លាប់ចំនួន ៧នាក់ (នៅមនី្ទរពេទ្យខេត្ត២នាក់ ស្លាប់ពេលបញ្ជូនទៅភ្នំពេញ២នាក់, ស្លាប់នៅផ្ទះ២នាក់ និងស្លាប់នៅមន្ទីរពេទ្យកាល់ម៉ែត ១នាក់)។

មន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. សូមអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ បញ្ឈប់ការទទួលទានស្រា ដែលមិនមានស្លាកសញ្ញាត្រឹមត្រូវ មិនមានប្រភពច្បាស់លាស់ និងមានតម្លៃទាបហួសហេតុ (មិនសមស្របតាមតម្លៃទីផ្សារ) ដែលអាចជាហានិភ័យ បង្កគ្រោះថ្នាក់ និងមិនមានការទទួលខុសត្រូវ។ ក្នុងកំឡុងពេលមានការរីករាលដាលនៃជំងឺកូវីដ-១៩ បរិមាណនៃការប្រើប្រាស់អាល់កុល មានការកើនឡើង ដូច្នេះហើយមានការផលិតអាល់កុលច្រើន ធ្វើឱ្យការផ្គត់ផ្គងស្រាស មានការធ្លាក់ចុះ ជាហេតុធ្វើឱ្យជនឱកាសនិយម ឆ្លៀតយកសារធាតុមេតាណុល មកបន្លំធ្វើស្រាស ឬ អាល់កុល។ ក្នុងករណីសង្ស័យមានក្លែងបន្លំ បងប្អូនប្រជាពលរដ្ឋ អាចធ្វើការទំនាក់ទំនងមកកាន់ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» តាមរយៈលេខទូរស័ព្ទ (+៨៥៥) ២៣ ២៣១ ៨៥៦ ឬ (+៨៥៥) ៩២ ៨៣០ ៨៥៦៕

ដោយ៖ សិលា

 

      

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print