ខេត្តមណ្ឌលគិរី៖ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ៥នាក់ក្នុងប្រតិបត្តិការបង្រ្កាបករណីជួញដូរ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។
ប្រតិបត្តិការបង្ក្រាបនេះសមត្ថកិច្ចបានធ្វើឡើងកាលពីវេលាម៉ោង២០ៈ២៥នាទី ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នៅចំណុចសណ្ឋាគារស្រ៊ី លាងហ៊ីម បន្ទប់លេខ២០៧ ស្ថិតក្នុងភូមិចំបក់ សង្កាត់ស្ពានមានជយ័ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ការឈានដល់ការបង្ក្រាបករណីជួញដូរនិង
រក្សាទុកនូវសារធាតុញៀននេះបានក៏ដោយសារមានការសហការ និងរាយការណ៍ពីម្ចាស់សណ្ឋាគារ ស្រ៊ី លាងហ៊ីម ទើបកម្លាំងផ្នែកជំនាញការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ និងកម្លាំងប៉ុស្ដិ៍រដ្ឋបាលសង្កាត់ស្ពានមានជ័យ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ស៊ុម សោភ័ណ្ឌ ស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន និងមានការសម្របសម្រួលពីលោក ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរីចុះបង្រ្កាបបានតែម្តង។
ប្រភពបន្តថា ក្នុងករណីបង្ក្រាបនេះបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សុខ សុវណ្ណ ហៅម៉ាប់ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ និងទីលំនៅមិនពិតប្រាកដ។ ក្នុងខណៈនោះដែរសមត្ថកិច្ចបសនធ្វើការឆែកឆេរទើបឈានដល់នាំខ្លួនមនុស្សពាក់ព័ន្ធចំនួន ៤នាក់ផ្សេងទៀតផងដែរក្នុងនោះមាន
ទី១.ឈ្មោះ វ៉េត រ៉ន ភេទប្រុស អាយុ២១
ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ។
ទី២.ឈ្មោះ មួន ទូច ភេទប្រុស អាយុ២៧
ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ។ ទី៣.ឈ្មោះ តាយ រដ្ឋា ភេទប្រុស អាយុ
២៦ឆ្នាំ ជនជាតិខ្មែរ មុខរបររត់តាក់ស៊ី
និងទី៤.ឈ្មោះ ស៊្រន់ ស្រីល័ក្ខ ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ។
ចំពោះវត្ថុតាងដែលសមត្ថកិច្ចឆែកឆេររកឃើញនិងដកហូតបានរួមមាន៖
ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនចំនួន៤៦កញ្ចប់(៤៥កញ្ចប់តូច និង១កញ្ចប់ធំ)ទម្ងន់ ៤៤,៣៥ ក្រាម
ថ្លឹងទាំងសំបក, ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀន១គ្រឿង, ឧបករណ៍កែច្នៃសម្រាប់សេពគ្រឿងញៀនមួយចំនួន,
កែវសម្រាប់ជក់ថ្នាំញៀនចំនួន៦,ថង់វេចខ្ចប់ថ្នាំញៀនមួយចំនួនធំទៀត, កន្រ្តៃ ចំនួន១ដើម, ប្រាក់ដុល្លារចំនួន២០$(ម្ភៃដុល្លារ), ប្រាក់រៀលចំនួន២៥.០០០៛ (ពីរម៉ឺនប្រាំពាន់រៀល), ម៉ូតូម៉ាកវីនន័រ(winner) ពណ៌ខ្មៅ១គ្រឿង។
ក្រោយបង្ក្រាបបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន និងអធិការដ្ឋាននគរបាលក្រុង ក៏បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់៕
ដោយ ជីវ័ន្ត