ខេត្តរតនគិរី៖ តូបផ្សារចុងសប្តាហ៍ដែលស្ថិតនៅមុខមន្ទីរពាណិជ្ជកម្មខេត្តត្រូវបានអគ្គិភ័យឆាបឆេះធ្វើឱ្យខូចខាតអស់ទាំងស្រុង។
អគ្គិភ័យឆាបឆេះតូបនោះបានកើតឡើងនៅវេលាម៉ោង៤ៈ១៥នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ត្រង់ចំណុចមុខមន្ទីរពាណិជ្ជកម្មខេត្ត(ផ្សារចុងសប្តាហ៍)ស្ថិតក្នុងភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។
ប្រភពបានឱ្យដឹងថា ការឆេះនោះបានខូចខាតតូបធ្វើអំពីតង់កៅស៊ូចំនួន២រួមនឹងសម្ភារមួយចំនួនទៀតផងដែរ។
ក្នុងហេតុការណ៍នេះគេបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តចំនួន១គ្រឿងមកបាញ់ទឹកពន្លត់មិនឱ្យប៉ះពាល់ដល់ផ្ទះអ្នកជិតខាងនោះទេ។
តូបឆាបឆេះនេះនៅមិនទាន់ដឹងច្បាស់អំពីមូលហេតុនៅឡើយ ហើយអាជ្ញាធរមូលដ្ឋាននិងសមត្ថកិច្ចកំពុងបន្តចុះស្រាវជ្រាវរកមូលហេតុនៃការឆាបឆេះនោះផងដែរ៕
ដោយ ជីវ័ន្ត
...