កម្លាំងប៉ូលិសនៅក្នុងខណ្ឌ Suffolk ទីក្រុងញូវយ៉កបានធ្វើសកម្មភាពបំបែកពិធីជប់លៀងភ្លាមៗ ដោយខ្លាចពិធីជប់លៀងនោះក្លាយជាសម្បុកកូវីដ-១៩ថ្មី។
សារព័ត៌មាន The New York Times នៅថ្ងៃទី២ខែធ្នូបានផ្សាយថា កម្លាំងប៉ូលិសខណ្ឌ Suffolk ទទួលបានការហៅទូរស័ព្ទផ្ទាល់អំពីព័ត៌មានស្តីពីការជប់លៀងទ្រង់ទ្រាយធំក្នុងតំបន់ Brookhaven, Long Island។ ពលរដ្ឋដែលរស់នៅជុំវិញនោះបានលើកឡើងថា មានរថយន្តជាច្រើនចតនៅតាមដងផ្លូវយ៉ាងវែង។
ក្រោយពេលដឹងថាមានការជួបជុំគ្នាទ្រង់ទ្រាយធំតាមរយៈកាមេរ៉ាសុវត្ថិភាព។ ម្ចាស់ភូមិគ្រិឹះបានជួលឲ្យភ្ញៀវហើយស្នើមិនឲ្យមានការជួបជុំគ្នាលើសពី៨នាក់ឡើយ។ ពេលទៅដល់កន្លែងជប់លៀងប៉ូលិសបានឃើញមានមនុស្សប្រមាណ៤០០នាក់ចូលរួម។ពិធីជប់លៀង គឺជាការបំពានច្បាប់ប្រឆាំងនឹងកូវីដ-១៩ នៅក្នុងទីក្រុងញូវយ៉ក។
កាលពីខែវិច្ឆិកា អភិបាលរដ្ឋ លោក Andrew M. Cuomo បានអនុម័តចេញបញ្ជាហាមប្រមូលផ្តុំគ្នាលើសពី១០នាក់នៅទូទាំងរដ្ឋញូវយ៉ក។ ប៉ុន្តែនៅក្នុងខណ្ឌSuffolk គឺជាតំបន់ដែលតែងតែមានការជួបជុំគ្នាទ្រង់ទ្រាយធំ មិនខ្វល់ពីការឆ្លងកូវីដ-១៩ ឬការព្រមានពីរដ្ឋាភិបាល។ កាលពីខែតុលា ក៏មានការប្រមូលផ្តុំគ្នាប្រមាណ២០០-៣០០នាក់នៅតំបន់Farmingville នៃទីក្រុង
ញូវយ៉ក។
អាមេរិកមានករណីឆ្លងរាលដាលកូវីដ-១៩ កើនឡើងខ្ពស់ដោយមានអ្នកឆ្លងជាង២សែននាក់ក្នុងមួយថ្ងៃ។ ជាមួយគ្នានោះអាមេរិកនឹងចាប់ផ្តើមចែកចាយវ៉ាក់សាំងប្រឆាំងកូវីដ-១៩ នៅសប្តាហ៍ក្រោយនេះដើម្បីចាក់បង្ការដល់មនុស្សងាយរងគ្រោះ ក្នុងនោះមានគ្រូពេទ្យនិងមនុស្សចាស់ជាដើម៕