ខេត្តប៉ៃលិន៖ ក្រោមការបញ្ជាផ្ទាល់ពីលោកស្នងការនគរបាលខេត្តប៉ៃលិន កម្លាំងចម្រុះបានបង្រ្កាបមុខសញ្ញាជួញដូរគ្រឿងញៀនខុសច្បាប់ ១ក្រុម ហើយឃាត់បាន ៤នាក់ និងវត្ថុតាងថ្នាំញៀនជាច្រើនទៀត។ សមត្ថកិច្ចនគរបាលចម្រុះបានឲ្យដឹងថា ប្រតិបត្តិការនេះ បានធ្វើឡើង កាលពីរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ នៅក្បែរស្ពានថ្ម ( ស្ពានតារស់) ស្ថិតក្នុងភូមិបរតាំងស៊ូ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដឹកនាំដោយលោកវរសេនីយ៍ឯក យ៉ែម សារិទ្ធ អធិការនគរបាលក្រុងប៉ៃលិន និងលោកវរសេនីយ៍ត្រី សេង ចិន្តា អធិការរងទទួលបន្ទុកផ្នែកប្រឆាំងគ្រឿងញៀន ដោយសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បរយ៉ាខា។
ប្រភពដដែលបានឲ្យដឹងទៀតថាជនសង្ស័យទាំង ០៤នាក់នោះ មានស្រី ម្នាក់ហើយក្នុងនោះដែរសមត្ថកិច្ច ដកហូតសម្ភារៈវត្ថុតាង រួមមាន៖ ១- ម្សៅក្រាមសថ្លា សង្ស័យជាម៉ាទឹកកកសរុបចំនួន ១៩កញ្ចប់តូច ២- កាំបិតវែង(ដាវសាំមូរ៉ៃ)ចំនួន ០៤ដើម ៣- ជញ្ជីងថ្លឹងថ្នាំញៀនចំនួន ០១គ្រឿង ៤- ដែកកេះចំនួន ០៩ដើម ៥- ម្សៅរំសេវផ្ទុះចំនួន ១ដប ៦- ថង់ប្លាស្ទិក សម្រាប់វេចខ្ចប់ ចំនួន ០១ដុំ ៧- ទូរស័ព្ទដៃចំនួន ០២គ្រឿង។
ក្រោយឃាត់ខ្លួនបានសមត្ថកិច្ចផ្នែកប្រឆាំងគ្រឿងញៀន បាននាំខ្លួនសង្ស័យ រួមទាំងវត្ថុតាងខាងលើ ទៅកាន់អធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីកសាងសុំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់៕
ដោយ÷ប្រាថ្នា