លោកស្នងការខេត្តកណ្តាល យកចិត្តទុកដាក់ ទទួលយកការរិៈគន់ និងការផ្តល់ព័ត៌មានពិតពីប្រជាពលរដ្ឋ

ចែករំលែក៖

ខេត្តកណ្តាល៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមបកស្រាយបំភ្លឺជូនគណនីហ្វេសបុកឈ្មោះ ម៉ាក់ ម៉េងហ័ង ដែលបានផ្សព្វផ្សាយនៅលើគណនីហ្វេសបុករបស់ខ្លួន កាលពីថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ២០២០ មានខ្លឹមសារថា “បងប្អូនជិះម៉ូតូឡានយប់ៗគួរប្រុងប្រយ័ត្នម្នាក់នេះឈរចាំគប់ដំថ្មម៉ងនៅគល់ស្ពានជិតស្ដុបព្រែកហូរនៅគល់ស្ពានផ្លូវ50ម គប់ផ្ទះខ្ញុំចង់រាល់យប់នឹងតែអត់ដឹងថាធ្វេីម៉េចជួយយោបល់ម្នាក់1ផង” ។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឱ្យលោកអធិការនគរបាលក្រុងតាខ្មៅ ស្រាវជ្រាវករណីខាងលើបន្ទាន់ បន្ទាប់មកលោកអធិការបានចាត់ឱ្យលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកហូរ ចុះទៅទីតាំងដែលបានរាយការណ៍ធ្វើការស្រាវជ្រាវ ។

ជាលទ្ធផល៖
នៅថ្ងៃទី ៤ ខែធ្នូ ឆ្នាំ២០២០ ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកហូរ បានបញ្ជាក់ឱ្យដឹងថា យុវជនដែលកាន់ដុំថ្មក្នុងវីដេអូនោះមានឈ្មោះ ខេន ចាន់ ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល (ជាជនមានសតិមិនប្រក្រតី) ។ បន្ទាប់មកកម្លាំងប៉ុស្តិ៍បានជួបជាមួយក្រុមគ្រួសាររបស់យុវជនខាងលើ ដោយបានណែនាំឱ្យក្រុមគ្រួសារយកទៅព្យាបាលនៅមន្ទីរពេទ្យ និងត្រូវយកចិត្តទុកដាក់លើសកម្មភាពរបស់យុវជនខាងលើ ចៀសវាងបង្កគ្រោះថ្នាក់ដល់អ្នកដទៃ ។

អាស្រ័យហេតុនេះ សូមសាធារណជន ដែលប្រើប្រាស់បណ្តាញសង្គមមេត្តាជ្រាប និងកុំមានការភាន់ច្រឡំ ៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print