សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ប្រើហិង្សាលើកូនប្រុសអាយុ២ខួបនិងធ្វើតេស្តមានសារធាតុញៀន

ចែករំលែក៖

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលគគីរសោមបានឃាត់ខ្លួនជនសង្ស័យជាឪពុកដែលបានប្រើហិង្សាយកមែកឫស្សីមកវាយលេីកូនប្រុសអាយុ២ខួបបណ្ដាលឱ្យរងរបួសពេញខ្លួន ខណៈខឹងកូនចាប់បោចសក់របស់ខ្លួន។

ការឃាត់ខ្លួនជនសង្ស័យជាឪពុកបានធ្វើឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី៥ខែធ្នូឆ្នាំ២០២០ស្ថិតនៅភូមិព្រៃតាធឹក ឃុំគគីរសោម ស្រុកស្វាយទាប។

សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលគគីរសោមបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះសៅ សិត អាយុ២៦ឆ្នាំ មុខរបរកសិករ រស់នៅភូមិព្រៃតាធឹក ឃុំគគីរសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង។
ចំណែកឯកូនប្រុសរងគ្រោះមានឈ្មោះសៅ រ៉ាឈីញ អាយុ២ឆ្នាំ រងរបួសជាំលេីស្បែកជាច្រើនកន្លែង។

ប្រភពបន្តថា នៅព្រឹកថ្ងៃទី៥ខែធ្នូឆ្នាំ២០២០ មានជីដូនឈ្មោះរ័ត្ន ចន្ថន  អាយុ៥១ឆ្នាំត្រូវជាម្ដាយជនសង្ស័យបានមករាយការណ៍ដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរសោមថា នៅវេលាម៉ោង៦និង៣០នាទីព្រលប់ថ្ងៃទី០៤ខែធ្នូ ឆ្នាំ២០២០ជនសង្ស័យឈ្មោះសៅ សិត បានយកមែកឫស្សីមកវាយលេីកូន បណ្តាលឱ្យជាំលេីស្បែកជាច្រើនកន្លែងបន្ទាប់ពីខឹងកូនប្រុសបោចសក់ឈឺពេក ពេលដែលខ្លួនប្រឡែងលេងជាមួយ។

ពាក់ព័ន្ធនឹងករណីខាងលើនេះលោកកែវសុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយទាបបានឲ្យដឹងថា ជនសង្ស័យខាងលើនេះគឺមានទំនាស់ជាមួយប្រពន្ធមកជាច្រើនថ្ងៃហើយដោយមិនត្រូវគ្នាទេ ហើយនៅថ្ងៃកើតហេតុបានយកកូនមកប្រឡែងគ្នាលេង ប៉ុន្តែដោយកូនចាប់បោចសក់ឈឺក៏ស្រាប់តែខឹងរួចហើយប្រើហិង្សាវាយកូនដែលប្រហែលជាចង់បញ្ឈឺចិត្តប្រពន្ធតែម្ដង។
ប្រភពបន្តថា ក្រោយពីសមត្ថកិច្ចឃាត់ខ្លួនក៏បានធ្វើតេស្តទឹកមូត្រដើម្បីរកសារធាតុញៀន ជាលទ្ធផលគឺវិជ្ជមានផងដែរ។

បច្ចុប្ប្នន្នជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួននៅប៉ុស្តិ៍នគបាលរដ្ឋបាលរង់ចាំបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្វាយទាបដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមច្បាប់៕ យឹម សុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print