ប៉ូលិសបារាំងបានបង្ខំចិត្តប្រើឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកក្រុមបាតុករហិង្សា បង្កអសន្តិសុខក្នុងទីក្រុងប៉ារីស។
តាមប្រភពព័ត៌មានបានឲ្យដឹងថា អំពើហិង្សាកើតឡើងក្រោយពេលក្រុមបាតុករប្រឆាំងនិឹងច្បាប់សន្តិសុខថ្មីរបស់ប្រធានាធិបតីម៉ាក្រុង ។ នេះជាអំពើហិង្សាលើកទីពីរហើយក្នុងទីក្រុងប៉ារីសពាក់ព័ន្ធនឹងច្បាប់សន្តិសុខថ្មី។
កាលពីថ្ងៃទី៥ខែធ្នូ ពលរដ្ឋរាប់សិបពាន់នាក់បាននាំគ្នាដង្ហែក្បួនបាតុកម្មក្នុងទីក្រុងប៉ារីសដោយសន្តិភាព ។ ប៉ុន្តែក្រោយមកក៏មានក្រុមបាតុករជ្រុលនិយមបានបង្កហិង្សាទៅលើកម្លាំងប៉ូលិស ហើយនៅយប់ថ្ងៃទី ៥ខែធ្នូ ប៉ូលិសក៏បានចាប់ខ្លួនបាតុករ៣០នាក់ផងដែរ។
ក្រៅពីទីក្រុងប៉ារីស ក៏មានបាតុកម្មនៅទីក្រុងជាច្រើនទៀតក្នុងប្រទេសបារាំង ក្នុងនោះមានMarseille, Lyon, Lille ជាដើម ប្រឆាំងច្បាប់សន្តិសុខថ្មី ដែលក្នុងនោះក៏មានការហាមប្រាមថតកម្លាំងប៉ូលិសពេលបំពេញភារកិច្ចផងដែរ។
កាលពីថ្ងៃទី២៩ខែវិច្ឆិកា តុលាការបារាំងសម្រេចឃុំខ្លួនបូលិសពីររូបក្នុងចំណោម៤រូបដើម្បីបើកការស្រាវជ្រាវពាក់ព័ន្ធករណីវាយប្រហារទៅលើបុរសជនជាតិស្បែកខ្មៅក្នុងទីក្រុងប៉ារីស ។ សកម្មភាពរបស់កម្លាំងប៉ូលិសត្រូវបានគេថតហើយបង្ហោះលើបណ្តាញសង្គម រងការថ្កោលទោសយ៉ាងខ្លាំង ហើយនោះជាមូលហេតុបណ្តាលឲ្យមានបាតុកម្មមកទល់ពេលនេះ៕