ដាច់ចរន្តអគ្គិសនីញឹកញាប់ដោយសារប្រជាពលរដ្ឋកាប់ដើមឈើរលំលើខ្សែបណ្តាញ

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ មានករណីលោតដាច់ចរន្តអគ្គិសនីជាញឹកញាប់នៅតំបន់មួយចំនួនក្នុងខេត្តមណ្ឌលគិរីនោះគឺបណ្តាលមកពីមានគេកាប់ដើមឈើដួលរលំលើខ្សែបណ្តាញ។
ប្រភពបញ្ជាក់ថា ដើមឈើដួលរលំលើខ្សែបណ្តាញពីឧបករណ៍ផ្តាច់-ភ្ជាប់ Auto recloser ដែលនៅជិតផ្លូវបំបែកភូមិពូទ្រូត្រង់ចំណុចជិតខ្ទមអ្នកតា ចន្លោះផ្លូវពីស្រុកអូររាំងឆ្ពោះទៅកាន់ស្រុកកែវសីមាខេត្តមណ្ឌលគិរី។
ដើមឈើនោះដួលរលំលើខ្សែបណ្តាញតង់ស្យុងមធ្យម២២គីឡូវ៉ុល ដែលបណ្តាលឱ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួននៅឃុំសែនមនោរម្យ ស្រុកអូររាំង ឃុំស្រែខ្ទុម និងឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

ក្រោយពីមានការកាប់ដើមឈើរលំលើខ្សែបណ្តាញបណ្តាលឱ្យដាច់ចរន្តអគ្គិសនីនោះរួចមក ក្រុមការងារបច្ចេកទេសក៏បានធ្វើការជួសជុលភ្ជាប់ចរន្តនិងផ្លាស់ប្តូរប្រភពផ្គត់ផ្គង់រួចរាល់ហើយដែរនៅវេលាម៉ោង៩ៈ៣០នាទីព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០នេះចេញពីច្រកកោះញែក ទៅកាន់ឃុំស្រែខ្ទុម និងឃុំស្រែព្រះ ស្រុកកែវសីមា។

ជាមួយគ្នានេះអគ្គិសនីកម្ពុជាក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នផងនៅពេលខ្លួនប្រកបការងារផ្សេងៗដែលនៅជិតកន្លែងខ្សែបណ្តាញអគ្គិសនីនោះ ព្រោះអីអាចបណ្តាលឱ្យមានការរអាក់រអួលក្នុងការផ្គត់ផ្គង់អគ្គិសនី និងមានគ្រោះថ្នាក់ដល់អាយុជីវិតជាយថាហេតុផងដែរ។

អគ្គិសនីកម្ពុជាក៏សូមអាស្រ័យផងដែរដល់សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី មេត្តាយល់យោគផងចំពោះការរអាក់រអួលដាច់ចរន្តមួយរយៈនេះ៕
ដោយ ជីវ័ន្ត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print