ខេត្តក្រចេះ៖ បើតាមការបញ្ជាក់ឲ្យដឹងនគរបាលខេត្តក្រចេះប្រាប់ថាៈអគ្គីភ័យបណ្តាលមកពីភ្លើងចង្រ្កាន បានឆាបឆេះរាលដាលបណ្តាលឲ្យ លំនៅឋានផ្ទះឈើ២ខ្នង របស់ពលរដ្ឋនៅតំបន់ដាច់ស្រយ៉ាលពីទីរួមខេត្ត ចំនួនពីរគ្រួសារបានរងនូវការឆាបឆេះហ្មត់គ្មានសល់។
គ្រោះអគ្គីភ័យដែលអ្នកភូមិកំណត់ថា បណ្តាលមកពីភ្លើងចង្រ្កានដុតទុក ចោល និងបានបក់ប៉ើងតាមខ្យល់បណ្តាលឲ្យកើតមានការយឆាបឆេះកាលពីរសៀលថ្ងៃទី១៨ ខែកុម្ភះ ទៅលើលំនៅឋានអ្នកភូមិចំនួន២ គ្រួសារមានទីតាំងក្បែរគ្នា ក្នុងភូមិខ្នាច ឃុំថ្មី ស្រុកចិត្របុរី។
នគរបាលប៉ុស្តិ៍រដ្ឋបាលថ្មីបានឲ្យដឹងថា មិនមានជនរងគ្រោះបានរងគ្រោះក្នុងហេតុការណ៍គ្រោះអគ្គីភ័យមួយនេះទេ។ ដោយគ្រាន់តែមានផ្ទះឈើចំនួន២ខ្នងផ្ទះនិងសម្ភារៈប្រើប្រាស់ និងស្រូវមួយចំនួនធំ ត្រូវបានរងនូវការឆាបឆេះមិនអាចជួយពន្លត់ទាន់ ក៏ព្រោះតែតំបន់នោះជាតំបន់ដាច់ស្រយ៉ាល និងក៏ឆ្ងាយពីប្រភពទឹក។
ដោយសារតែរដូវនេះ ជារដូវក្តៅរាំងស្ងួតផងនោះ ស្នងការនគរបាលខេត្តក្រចេះ លោកឧត្តមសេនីយ៍ លន់ សុផាត អំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋតាមគ្រប់មូលដ្ឋាន ត្រូវមានការយកចិត្តទុកដាក់ខ្ពស់ ប្រុងប្រយ័ត្ននៅរាល់ការប្រើប្រាស់ភ្លើង ដើម្បីបង្ការកុំឲ្យមានហានិភ័យដោយគ្រោះអគ្គីភ័យកើតមានឡើង៕
ដោយ៖ សុវណ្ណារ៉ា