លោក ឃួង ស្រេង និងមន្រ្ដីក្រសួងសុខាភិ បាលចុះពិនិត្យទីតាំងនៅពហុកីឡដ្ឋានជាតិអូឡាំពិក ធ្វើសំណាកលើកទី២នៅថ្ងៃទី៨ ខែធ្នូនេះ

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមន្ដ្រីក្រសួងសុខាភិបាល, មន្ដ្រីក្រសួងអប់រំ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០នេះ បានចុះពិនិត្យមើលទីតាំងយកសំណាកជាលើកទី២សម្រាប់អ្នកពាក់ព័ន្ធផ្ទាល់និងប្រយោលនៃព្រឹត្ដិការណ៍សហគមន៍២៨វិច្ឆិកា សម្រាប់ព្រឹកថ្ងៃទី៨ ខែធ្នូនេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដែលគ្រោងទទួលចំនួនជាង៥០០០នាក់ រយៈពេល៧ថ្ងៃទើបបញ្ចប់ ។
លោកស្រីយក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានថ្លែងថា ការយកសំណាកលើកទី២ សម្រាប់ប្រជាពលរដ្ឋ ដែលបានប៉ះពាល់ផ្ទាល់ និងប្រយោល នឹងធ្វើឡើងចាប់ពីម៉ោង៧ព្រឹកថ្ងៃទី៨ ខែធ្នូ ស្អែកតទៅ។ ចំណែកនៅក្រសួងមហាផ្ទៃ គឺក្រុមការងាររបស់ក្រសួងសុខាភិបាលចំនួន១០ក្រុមបាននិងកំពុងធ្វើតេស្ដសំណាក ហើយនឹងរួចរាល់នៅថ្ងៃនេះផ្ទាល់តែម្ដង សរុបធ្វើតេស្ដប្រហែលពី ២,០០០-២,៥០០នាក់។
លោកស្រីបានបញ្ជាក់ទៀតថា៖ ដើម្បីការពារហានិភ័យចំពោះប្រជាពលរដ្ឋ អ្នកដែលប៉ះពាល់ផ្ទាល់ និងប្រយោល ឬសម្រាប់អ្នកប៉ះពាល់ប្រយោល ហើយគិតថាខ្លួនអាចនឹងមានហានិភ័យខ្ពស់ ត្រូវតែរួសរាន់មកធ្វើតេស្ដបាន។ ដោយឡែកអ្នកដែលប៉ះពាល់ប្រយោល ស្ទើរតែគ្មានហានិភ័យ ត្រូវធ្វើចត្ដាឡីស័កចំនួន១៤ថ្ងៃ ឱ្យបានត្រឹមត្រូវតាមវិធានរបស់ក្រសួងសុខាភិបាល ហើយបើសុខភាពមានភាពប្រែប្រួល សូមទំនាក់ទំនងភ្លាមៗទៅប្រព័ន្ធទូរស័ព្ទលេខ១១៥ និងប្រព័ន្ធទូរស័ព្ទផ្សេងទៀតរបស់ក្រសួងសុខាភិបាល ឬទៅកាន់មន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលនៅក្បែរផ្ទះខ្លួន ។
លោកស្រីបន្ដថា ចំពោះមុខនេះយើងដឹងហើយថា យើងកំពុងប្រយុទ្ធប្រឆាំងនឹងការរាតចូលសហគមន៍ជំងឺកូវីដ-១៩ ដូច្នេះយើងត្រូវរួមគ្នាទាំងអស់ ក្រសួងសុខាភិបាលតែមួយផ្នែកមិនអាចធ្វើបានទេ ដែលទាមទារឱ្យមានសហការគ្នាជាក្រុម គ្រប់ភាគីពាក់ព័ន្ធ ជាពិសេស គឺប្រជាពលរដ្ឋតែម្ដង។
ជាងនេះទៅទៀត ប្រជាពលរដ្ឋត្រូវតែលាងសម្អាតដៃឱ្យបានញឹកញាប់ ពាក់ម៉ាស់ និងរក្សាគម្លាតចាប់ពី១ម៉ែត្រកន្លះឡើងទៅ ពេលដែលចេញទៅក្រៅ។
កន្លងមកអ្នកវិជ្ជមានកូវីដ-១៩ គឺអត់បានពាក្យម៉ាស់ទេ ដូច្នេះប្រហែសតែមួយភ្លែតអាចចម្លងជំងឺកូវីដនេះពីមនុស្សម្នាក់ទៅមនុស្សជាងច្រើននាក់ទៀត ។
លោកស្រីបានថ្លែងថា «គួរឱ្យសោកស្ដាយ ដែលក្នុងព្រឹត្ដិការណ៍ «សហគមន៍២៨វិច្ឆិកា» ដែលរហូតមកដល់ពេលនេះមានករណីឆ្លងចំនួន៣២ករណីហើយ។ សូមអំពាវនាវដល់ប្រជាពលរដ្ឋត្រូវតែរួមគ្នាអនុវត្ដនិងគោរពនូវវិធានសុខាភិបាលឱ្យបានម៉ត់ចត់ បើធ្វេសប្រហែសតែបន្ដិច គឺអាចឆ្លងរីករាលដាលកាន់តែច្រើន» ។
ជារៀងរាល់ព្រឹកក្រុមបច្ចេកទេសតែងតែប្រជុំ, ជាក់ស្ដែងនៅព្រឹកមិញនេះ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានដឹកនាំកិច្ចប្រជុំដោយផ្ទាល់ ដើម្បីអង្កេតតាមដាននៃការវិវឌ្ឍជំងឺនេះ ដោយមិនមែនពិនិត្យមើលតែកន្លែងណាដែលកើត ឬឆ្លងហើយនោះទេ គឺក្រសួងមានក្រុមការងារបច្ចេកទេសពិសេស ដែលរហូតមកដល់ពេលនេះគឺកំពុងតែស្រាវជ្រាវជាប្រចាំ ដើម្បីរកមូលហេតុនៃការចម្លងជំងឺកូវីដ-១៩នេះ។
សូមបញ្ជាក់ថា៖ គិតពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសុខាភិបាលបានធ្វើតេស្តអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍សហគមន៍២៨ វិច្ឆិកា សរុបចំនួន១១.៣០៥សំណាក ដែលនៅក្នុងចំនួននេះ មានអ្នកវិជ្ជមានកូវីដ-១៩ថ្មីចំនួន៣២នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមណ្ឌលសុខភាពចាក់អង្រែ។
ជាមួយគ្នានេះ ក្រសួងសូមអញ្ជើញអ្នកប៉ះពាល់ព្រឹត្តិការណ៍ «សហគមន៍ ២៨វិច្ឆិកា» ទាំងអស់ អញ្ជើញទៅធ្វើតេស្តលើកទី២ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០នេះ នៅបរិវេណក្រសួងមហាផ្ទៃ សម្រាប់បុគ្គលិក-មន្ត្រីរាជការស៊ីវិល និងនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ ដែលមានទីតាំងនៅបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិកសម្រាប់បងប្អូនប្រជាពលរដ្ឋដែលជាអ្នកប៉ះពាល់ និងតាមបណ្តាមន្ទីរសុខាភិបាលខេត្ត (ដែលទទួលខុសត្រូវក្នុងការរៀបចំទីកន្លែងដែលពេលនោះ សម្រាប់អ្នកប៉ះពាល់នៅតាមខេត្ត) ។
បើគិតត្រឹមម៉ោង៧ៈ០០នាទីព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ នៅកម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន៣៤៨ នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន ៣០៦នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៤២នាក់៕. សំរិត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print