ទីក្រុងវ៉ាស៊ីនតោនបានអនុម័តដាក់ទណ្ឌកម្មលើការធ្វើដំណើរនិងហិរញ្ញវត្ថុចំពោះមន្ត្រីចិន១៤រូប ដែលអាមេរិកចោទប្រកាន់ថាបានជាប់ពាក់ព័ន្ធនឹងការបោះឆ្នោតនៅកោះហុងកុង ។
សារព័ត៌មានរ៉យទ័រនៅថ្ងៃទី ៨ខែធ្នូបានផ្សាយថា ទីក្រុងវ៉ាស៊ីនតោនបានដាក់ទណ្ឌកម្មដល់មន្ត្រីចិន១៤រូប ហើយទ្រព្យសម្បត្តិរបស់មន្ត្រីទាំង១៤រូបនឹងត្រូវបង្កកនៅអាមេរិក ។ ក្រុមហ៊ុនអាមេរិកក៏ដូចជាបុគ្គលហាមមានទំនាក់ទំនងរកស៊ីជាមួយមន្ត្រីទាំង១៤រូបស្ថិតនៅក្នុងបញ្ជីដាក់ទណ្ឌកម្ម ។
ការដាក់ទណ្ឌកម្មរបស់រដ្ឋាភិបាលអាមេរិក គឹជាការខិតខំរបស់ប្រធានាធិបតីត្រាំ ក្នុងការដាក់ទណ្ឌកម្មទៅលើចិនមុនពេល លោកបញ្ចប់តំណែងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។
ចំណែកចិនវិញបានថ្កោលទោសយ៉ាងខ្លាំងដល់អាមេរិកដែលបានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន។ បញ្ហាកោះហុងកុង ឬតៃវ៉ាន់គឺស្ថិតនៅក្នុងដែនអធិបតេយ្យរបស់ចិន អាមេរិកត្រូវតែគោរពតាមកិច្ចព្រមព្រៀងចិនតែមួយ។
ជាមួយគ្នានេះដែរ អ្នកនាំពាក្យក្រសួងការបរទេសចិនបានបញ្ជាក់ថា ប្រសិនបើអាមេរិកបន្តដើរខុសផ្លូវ ទីក្រុងប៉េកាំងនឹងមានវិធានការទប់ស្កាត់វិញយ៉ាងសមស្របបំផុត ដើម្បីការពារសន្តិសុខ និងដែនអធិបតេយ្យភាពរបស់ចិន៕