ភ្នំពេញ ៖ ពិតជាគួរឲ្យអាណោចអាធ័មខ្លាំងណាស់ ខណៈដែលបុរសម្នាក់បានបាក់កស្លាប់ភ្លាមៗក្រោយពីបើកឡំប្រឺតាលឿនពេកមិនប្រយ័ត្នបណ្ដាលឲ្យធ្លាក់ជង្ហុកក្រឡាប់អូសជាច្រើនម៉ែត្រ កាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃអង្គារទី៨ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ សុន ពិឈីន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបររត់ឡំប្រឺតា ស្នាក់នៅសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសរងគ្រោះបើកឡំប្រឺតាពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1HV – 9755 តាមបណ្ដោយផ្លូវជាតិលេខ១ក្នុងទិសដៅពីកើតទៅលិចដោយល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើបានធ្លាក់ជង្ហុកក្រឡាប់អូសជាច្រើនម៉ែត្រ បណ្ដាលឲ្យម្ចាស់ឡំប្រឺតាផ្លោងចេញមកខាងក្រៅបាក់ ក ស្លាប់ភ្លាមៗគួរឲ្យសង្វេគក្រែលែង។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាននិងមន្ត្រីជំនាញចរាចរណ៍ខណ្ឌច្បារអំពៅបានចុះធ្វេីការវាស់វែងយកឡំប្រឺតាទៅរក្សាទុក និងធ្វេីកំណត់ហេតុប្រគល់សពឲ្យទៅក្រុមគ្រួសារដឹកយកទៅស្រុកកំណើតរៀបចំធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖ ភារ៉ា ដង្កោ