ខេត្តបាត់ដំបង៖ លោកឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ យោធភូមិភាគទី៥ នៅព្រឹកថ្ងៃសុក្រ ទី១១ ខែធ្នូ ឆ្នាំ២០២០ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉ន ពង្រឹងមុខវិជ្ជាទូទៅយោធា ដល់នាយទាហានរង ពលទាហាន ចំណុះតំបន់ប្រតិបត្តិការសឹករងបាត់ដំបង នៅសាលាហ្វឹកហ្វឺន តំបន់ប្រតិបត្តិការសឹករងបាត់ដំបង ។
អញ្ជើញចូលរួមក្នុងពិធីមាន លោក មេបញ្ជាការរង លោកនាយសេនាធិការរង លោកនាយ នាយរងការិយាល័យ យោធភូមិភាគទី៥ លោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកនាយ នាយរងការិយាល័យ ផ្នែក ចំណុះតំបន់ប្រតិបតិ្តការសឹករងបាត់ដំបង និងសិក្ខាកាម សរុបចំនួន ១៧៥នាក់ ។
តាមរបាយការណ៍បិទវគ្គដែលអានដោយ ឧត្តមសេនីយ៍ត្រី ហួម ខ្វែក មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបាត់ដំបង វគ្គហ្វឹកហ្វឺនដោយក្នុងរបាយការណ៍នោះបានឱ្យដឹងថា វគ្គហ្វឹកហ្វឺននេះ មានសិក្ខាកាមសរុបចំនួន ១០០នាក់ ដោយក្នុងនោះទទួលបាន និទ្ទេសល្អចំនួន ១៧នាក់ និទ្ទេសល្អបង្គួរចំនួន ៥៦នាក់ និងនិទ្ទេសមធ្យមចំនួន ២៧នាក់។
ថ្លែងក្នុងពិធីបិទវគ្គហ្វឹកហ្វឺននេះ ឧត្តមសេនីយ៍ឯក ឯក សំអូន បានថ្លែងកោតសរសើរដល់ថ្នាក់ដឹកនាំ គណៈគ្រប់គ្រងវគ្គ និងសិក្ខាមនៃតំបន់ប្រតិបត្តិការសឹករងបាត់ដំបងទាំងអស់ដែលបាន បំពេញបេសកកម្មតាមតួនាទីភារកិច្ច និងខិតខំរៀនសូត្ររហូតទទួលបានលទ្ធផលជោគជ័យនៅពេលនេះ។
លោក បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ត្រូវស្មោះត្រង់ដាច់ខាតចំពោះជាតិមាតុភូមិ និងប្រជាជន, គោរពអនុវត្តយ៉ាងម៉ឺងម៉ាត់នូវរាល់បទបញ្ជា ក្រសួងការពារជាតិ អគ្គបញ្ជាការ បញ្ជាការដ្ឋាកងទ័ពជើងគោក ដើម្បីបុព្វហេតុការពារខឿនឯករាជ្យជាតិ ការពារបូរណភាពទឹកដី ការពាររាជរដ្ឋាភិបាលស្របច្បាប់ដែលប្រសូត្រចេញពីការបោះឆ្នោតដោយឆន្ទះរាស្ត្រ និងការពារសមិទ្ធផលនានារបស់សង្គមជាតិដែលបានកើតឡើងក្រោមម្លប់សន្តិភាព។
លោកមេបញ្ជាការយោធភូមិភាគ ក៏បានផ្តាំផ្ញើបន្ថែមដល់នាយ ពលទាហានទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ចុះជួយប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ក៏ដូចជាក្នុងការងារបង្កបង្កើនផល និងច្រូតកាត់ផងដែរ។ ជាមួយគ្នាក៏បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ត្រូវ ជៀសឲ្យឆ្ងាយពីគ្រឿងញៀន និងចូលរួមអនុវត្តន៍វិធានការនានារបស់ក្រសួងសុខាភិបាលដើម្បីការពារខ្លួនគ្រួសារ និងសហគមន៍ជំងឺកូវីដ-១៩៕
ដោយ, សិលា