ក្រោយការទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩ Sputnik V ផលិតដោយប្រទេសរុស្ស៊ី ប្រធានាធិបតីអាហ្សង់ទីន បានប្រកាសថា លោកនឹង ចាក់វ៉ាក់សាំង ប្រឆាំងកូវីដ១៩ មុនគេបង្អស់
សារព័ត៌មានRT នៅថ្ងៃទី ១០ខែធ្នូបានផ្សាយថា ប្រធានាធិបតីអាហ្សង់ទីន លោក Alberto Fernandez បានបញ្ជាក់ថា លោកនឹងចាក់វ៉ាក់សាំងដែលទិញពីរុស្ស៊ីមុនគេបង្អស់ ដើម្បីបញ្ជាក់ពីកម្រិតសុវត្ថិភាពនិងប្រសិទ្ធភាព នៃវ៉ាក់សាំង។
ប្រធានាធិបតីអាហ្សង់ទីន លោក Fernandez បានប្រកាសថា«ខ្ញុំគឺជាមនុស្សដំបូងគេ ចាក់វ៉ាក់សាំង ធ្វើជាគំរូដល់ពលរដ្ឋ ហើយមិនត្រូវបារម្ភពីសុវត្ថិភាពនោះឡើយ»។ អាហ្សង់ទីនគឺជាប្រទេស ថ្មីបានបញ្ជាទិញវ៉ាក់សាំងពីប្រទេសរុស្ស៊ី ចំនួន ១០ លានដូស។
ប្រធានាធិបតី Fernandezបញ្ជាក់ថា ប្រទេសរបស់លោក នឹងមានវ៉ាក់សាំងគ្រប់គ្រាន់ចាក់ជូនពលរដ្ឋ ៥ លាននាក់ដែលប្រឈមការឆ្លងកូវីដ១៩ខ្ពស់ជាងគេ ។ ការចាក់វ៉ាក់សាំងនឹងចាប់ផ្តើមនៅខែមករាឆ្នាំ២០២១។
រដ្ឋាភិបាលអាហ្សង់ទីន ក៏បានប្រកាសថានឹងទិញវ៉ាក់សាំង២៥លានដូស នៅក្នុងឆ្នាំ២០២១ ដើម្បី ចាក់បង្កាដល់ពលរដ្ឋ ។ បច្ចុប្បន្ន អាហ្សង់ទីន មានចំនួនអ្នកឆ្លង កើនឡើង ដល់ទៅ ជាង១,៤លាននាក់ និងស្លាប់ជាង៤ម៉ឺននាក់។
បច្ចុប្បន្នមានប្រទេសជាង ៥០ហើយដែលបានទិញវ៉ាក់សាំង Sputnik V របស់រុស្ស៊ី ដែលជាវ៉ាក់សាំងដំបូងគេបំផុត។ តាមលទ្ធផលនៃការធ្វើតេស្តដំណាក់កាលចុងក្រោយ មានប្រសិទ្ធភាពដល់ទៅ៩១,៤% ។ តម្លៃវ៉ាក់សាំង របស់រុស្ស៊ីគឺ ១០ ដុល្លារក្នុងមួយដូស។ ចំណែកពលរដ្ឋរុស្ស៊ីនឹងទទួលបានវ៉ាក់សាំង ដោយអត់គិតថ្លៃ៕
រូបភាព៖ BUENOS AIRES TIMES