ភ្នំពេញ៖ ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវបានចេញសេចក្តីថ្លែងការណ៍ព័ត៌មាន ស្តីពី គូសបញ្ជាក់ថា “ការឆ្លើយតបរបស់កម្ពុជាចំពោះមេរោគកូវីដ១៩ គឺ
ដើម្បីធានាថា ជីវិតដ៏មានតម្លៃ និងមិនត្រូវបាត់បង់ដោយសារមេរោគនេះ ។
ប៉ុន្តែនាពេលថ្មីៗនេះ របស់អ្នករាយការណ៍ពិសេសចំនួន៣រូប ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងរបស់កម្ពុជា ជាមួយនឹងមេរោគកូវីដ១៩ ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងហ្សឺណែវ សូមផ្តល់ការបំភ្លឺ ដូចខាងក្រោម៖
១. នៅទូទាំងពិភពលោក ការឆ្លើយតបនឹងការរាតត្បាតកូវីដ១៩ តម្រូវឱ្យមានវិធានការវិសាមញ្ញ និងពុំដែលដាក់ចេញនាពេលកន្លងទៅ ដោយគិតគូរលើកាលៈទេសៈប្រទេសនីមួយៗ។ សម្រាប់ កម្ពុជា ការឆ្លើយតប ដែលបានដាក់ចេញតាមរយៈវិធីសាស្រ្តមានការចូលរួមពីតួអង្គរដ្ឋាភិបាល និងសង្គមទាំងមូល និងស្របតាមគោលការណ៍ណែនាំរបស់អង្គការសុខភាពពិភពលោក មាន គោលបំណងធានាថា ជីវិតដ៏មានតម្លៃនឹងមិនត្រូវបានបាត់បង់។ គិតត្រឹមថ្ងៃនេះ ប្រទេស កម្ពុជាបានគ្រប់គ្រងមេរោគកូវីដ១៩នេះ ដោយមានករណីវិជ្ជមានតិចជាង ៣៦០ នាក់ ពុំមាន អ្នកស្លាប់និងពុំមានការបិទប្រទេសឡើយ។ ប្រទេសកម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ១ នៅ តំបន់អាស៊ី និងលេខ៣ នៅលើពិភពលោក ក្នុងការគ្រប់គ្រងបានប្រសើរបំផុតចំពោះការរាលដាលឆ្លងមេរោគនេះ បើយោងតាម Bureau de Perspective Economique of Senegal ។
២. ការបង្ហាញអត្តសញ្ញាណផ្ទាល់ខ្លួនរបស់អ្នកផ្ទុកមេរោគកូវីដ១៩ ដោយក្រសួងសុខាភិបាល គឺ មានសារៈសំខាន់ជាខ្លាំងនិងភាពចាំបាច់បំផុត ក្នុងកាលៈទេសៈតម្រូវឱ្យមានការទប់ស្កាត់ជា បន្ទាន់នូវការឆ្លងចូលសហគមន៍ ដែលមិនទាន់រកឃើញប្រភពច្បាស់នៅឡើយ ក្នុងគោលបំណង ការពារសុវត្ថិភាពសុខភាពសាធារណៈ និងសន្តិសុខរបស់ប្រជាជនទាំងមូល ដែលត្រូវបានធានា ដោយច្បាប់អន្តរជាតិ។
៣. វិធានបណ្តោះអាសន្ននិងមានសមាមាត្រខាងលើ ត្រូវបានដាក់ចេញដើម្បីលើកទឹកចិត្ត និង ជំរុញឱ្យមានការតាមរក ធ្វើតេស្ត និង ធ្វើចត្តាឡីស័ក ឱ្យបានឆាប់រហ័សនិងទាន់ពេលវេលា ចំពោះបុគ្គលពាក់ព័ន្ធនឹង “ព្រឹត្តិការណ៍ថ្ងៃទី៣ និង២៨ ខែវិច្ឆិកា” សំដៅរួមចំណែកទប់ស្កាត់ការឆ្លងរាលដាលដែលមិនអាចគ្រប់គ្រងបាន ដូចដែលតំបន់ខ្លះក្នុងពិភពលោកកំពុងជួបប្រទះ យ៉ាងធ្ងន់ធ្ងរ។ ជាការគាំទ្រដល់វិធានការខាងលើនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបង្ហាញជាសាធារណៈនូវអត្តសញ្ញាណផ្ទាល់របស់ សម្តេច នៅពេលធ្វើតេស្តកូវីដ១៩ និងបានអំពាវនាវមិនឱ្យមានការរើសអើងចំពោះអ្នកជំងឺកូវីដ១៩ ផងដែរ។
៤. ការគាំទ្រនិងកិច្ចសហប្រតិបត្តិការដ៏ធំធេងរបស់ពលរដ្ឋកម្ពុជាចំពោះវិធានការណ៍ខាងលើត្រូវ បានឆ្លុះបញ្ចាំង តាមរយៈវត្តមានដ៏ក្លាហានរបស់ពលរដ្ឋកម្ពុជា ចំនួនលើសមួយម៉ឺននាក់ ដែល ទាក់ទងដោយផ្ទាល់ឬដោយប្រយោលជាមួយព្រឹត្តិការណ៍ខាងលើ ចេញមកចូលរួមធ្វើ តេស្តកូវីដ១៩ ដោយស្ម័គ្រចិត្ត។
៥. កិច្ចប្រឹងប្រែងការពារភាពឯកជនរបស់បុគ្គលពាក់ព័ន្ធក៏ត្រូវបានខំខិតធ្វើឡើងផងដែរ នៅពេល ចំនួនករណ៍វិជ្ជមានកូវីដ១៩ ជាប់ទាក់ទងនឹងព្រឹត្តិការណ៍ខាងលើ ហាក់បានថយចុះ។ ការ ដាក់បង្ហាញរូបភាព ដែលបានប្រើប្រាស់ក្នុងគ្រាតម្រូវឱ្យមានប្រតិបត្តិការស្វែងរកជាបន្ទាន់ និងឆាប់រហ័សនោះ ឥឡូវត្រូវបានដកចេញពីសេចក្តីប្រកាសព័ត៌មានប្រចាំថ្ងៃរបស់ក្រសួង សុខាភិបាលរួចហើយ។ ការឈប់បង្ហាញឈ្មោះក៏នឹងត្រូវចាប់ផ្តើមអនុវត្តឡើងវិញ នៅពេល ការឆ្លងចូលសហគមន៍ត្រូវបានគ្រប់គ្រងទាំងស្រុង។
៦. កិច្ចការពារសិទ្ធិរបស់បុគ្គលដែលត្រូវបានដកហូតសេរីភាពនៅតែជាអាទិភាពរបស់រាជរដ្ឋាភិបាល ។ វិធានការប្រុងប្រយ័ត្ននិងគំនិតផ្តួចផ្តើមផ្សេងៗត្រូវបានដាក់ចេញ ដើម្បីទប់ស្កាត់ការរីករាលដាល កូវីដ១៩ នៅក្នុងពន្ធនាគារ និងដើម្បីដោះស្រាយស្ថានភាពចង្អៀតណែននៅតាមពន្ធនាគារ។
ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាសូមបមកញ្ជាក់ជាថ្មីថា ការប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩របស់កម្ពុជា បានដាក់បញ្ចូលនូវគុណតម្លៃសិទ្ធិមនុស្ស។ ចម្បងនិងសំខាន់បំផុត គឺសិទ្ធិមានជីវិត សិទ្ធិរស់រាន និង សិទ្ធិទទួលបានការព្យាបាលសុខភាព។ អ្នករាយការណ៍ពិសេស ដែលបុគ្គលខ្លះមិនដែលស្គាល់ច្បាស់ពី កម្ពុជាផងនោះ គួរតែចូលរួមអបអរចំពោះសមិទ្ធផលខាងលើដែលមិនអាចប្រកែកបាន ទទួលស្គាល់នូវ អាទិភាពរបស់កម្ពុជា និងបំពេញតួនាទីប្រកបដោយទំនួលខុសត្រូវ តាមរយៈការជួយបន្ថែម ជាជាង បង្អាក់ដល់បេសកកម្មសង្គ្រោះជីវិត និងទប់ស្កាត់ការឆ្លងរាលដាលក្នុងទ្រង់ទ្រាយធំ៕
ដោយ, សិលា