មន្ត្រីសន្តិសុខរដ្ឋាភិបាលបានបញ្ជាក់ថា ក្រុមឧទ្ទាមតាលីបង់ប៉ាគីស្ថាន កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦ បានបាញ់ប្រហារបណ្តាលឲ្យស្លាប់កងកម្លាំងឈុតប៉ារ៉ាយ៉ាងតិច៩នាក់ នៅក្នុងការវាយប្រហារដាច់ដោយឡែក២ផ្សេងគ្នា ស្ថិតនៅតំបន់ភាគពាយព្យប៉ាគីស្ថាន ដែលញាំញីដោយអំពើហិង្សានោះ ។
ចាប់តាំងពីឆ្នាំ២០០៧រៀងរហូតមក ក្រុមឧទ្ទាមតាលីបង់ប៉ាគីស្ថានបានបង្កើន និងពង្រឹងសកម្មភាពវាយប្រហារនៅជុំវិញតំបន់ Mohamand ចម្ងាយប្រមាណ១៧៧គីឡូម៉ែត្រពីរដ្ឋធានីអិស្លាម៉ាបាដ ។
កងម្លាំងយោធារដ្ឋាភិបាលបានធ្វើប្រតិបត្តិការជាច្រើនលើកច្រើនសារដើម្បីកម្ចាត់ក្រុមឧទ្ទាមទាំងនេះ ជាពិសេសសកម្មភាពខ្លាំងក្លាជាងមុនបានចាប់ផ្តើមកាលពីដើមឆ្នាំ២០១៤មកទល់ពេលនេះ ។ កងកម្លាំងសន្តិសុខបានរំដោះទីតាំងមួយចំនួនដែលក្រុមឧទ្ទាមធ្លាប់គ្រប់គ្រងនាពេលកន្លងមក ។ ប៉ុន្តែទោះបីយ៉ាងណា កងកម្លាំងសន្តិសុខ និងក្រុមជនស៊ីវិលផងដែរ នៅតែក្លាយជាគោលដៅវាយប្រហារមិនឈប់ឈរពីសំណាក់ក្រុមឧទ្ទាមតាលីបង់ ។
មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលប្រចាំនៅតំបន់ Mohamad នោះបានបញ្ជាក់ថា មន្ត្រីឈុតប៉ារ៉ា២នាក់ដែលកំពុងបំពេញភារកិច្ចនោះត្រូវបាញ់ប្រហារបណ្តាលឲ្យបាត់បង់ជីវិត ។ ករណីនេះបានកើតឡើង ក្រោយពេលក្រុមឧទ្ទាមវាយប្រហារនៅទីតាំងត្រួតពិនិត្យសន្តិសុខមួយកន្លែងក្នុងភូមិមួយស្ថិតនៅក្នុងតំបន់ Akar នោះបណ្តាលឲ្យស្លាប់៧នាក់ ។
មន្ត្រីរដ្ឋាភិបាលផ្សេងទៀតក៏បានបញ្ជាក់ផងដែរថា ការបាត់បង់ជីវិតអាចកើនជាងនេះ ។ សាកសពជនរងគ្រោះត្រូវបញ្ជូនទៅឲ្យក្រុមគ្រួសារដើម្បីបញ្ចុះតាមប្រពៃណី ។
ក្រុមឧទ្ទាម Jammat-ur-Ahrar ជាក្រុមឧទ្ទាមតាលីបង់ប៉ាគីស្ថានបានប្រកាសទទួលស្គាល់ការវាយប្រហារខាងលើនេះ ។
លោក Ehsanullah Ehsan អ្នកនាំពាក្យរបស់ក្រុម Jammat-ur-Ahrar បានបញ្ជាក់ថា ក្រុមខ្លួនជាអ្នកទទួលខុសត្រូវនៅក្នុងការវាយប្រហារ២ទីតាំងខាងលើនេះ និងបានប្តេជ្ញាបន្តវាយប្រហារបែបនេះទៀតដោយមិនរាថយឡើយ ។
កាលពីខែមុននេះ ក្រុមឧទ្ទាមបានវាយប្រហារបណ្តាលឲ្យស្លាប់មនុស្សយ៉ាងតិច២០នាក់ ស្ថិតនៅសាកលវិទ្យាល័យ Bacha Khan ចម្ងាយ៤៨គីឡូម៉ែត្រប៉ុណ្ណោះពីទីតាំងដែលវាយប្រហារខាងលើនេះ ៕
ប្រែសម្រួល៖ ថាច់ យ៉ាត