ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បន្តរំឮក ពីការពិនិត្យ និងផ្តាច់សេវាកម្មទូរសព្ទបន្ថែម ដែលមិនត្រូវការប្រើគ្រប់ប្រព័ន្ធទាំងអស់តាមរយៈលេខកូដ *1200#

ចែករំលែក៖

ភ្នំពេញ៖ ជាថ្មីម្ដងទៀតនៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ សេចក្តីជូនដំណឹងស្ដីពីការប្រើលេខកូដ*1200# ដើម្បីផ្តាច់សេវាកម្មទូរសព្ទបន្ថែម ដែលមិនត្រូវការប្រើ។ នេះជាការលើកឡើងដោយ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ ឱ្យបានជ្រាបថា ដោយមានការត្អូញត្អែរពីអ្នកប្រើប្រាស់អំពីបញ្ហាកាត់ទឹកប្រាក់ទូរសព្ទពីប្រតិបត្តិករដោយពុំដឹងមូលហេតុ ឬការភ្ជាប់សេវាកម្មផ្សេងៗដោយមិនបានដឹង ក្រសួងបានណែនាំដល់និយ័តករទូរគមនាគមន៍កម្ពុជា ឱ្យសហការជាមួយប្រតិបត្តិករទូរសព្ទចល័តទាំងអស់ រៀបចំយន្តការដាក់ឱ្យដំណើរការលេខកូដ*1200# ដើម្បីឱ្យអ្នកប្រើប្រាស់អាចពិនិត្យនិងផ្តាច់រាល់សេវាបន្ថែមដែលមិនមានតម្រូវការប្រើប្រាស់ ចាប់ពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ តទៅ។

ក្រសួងសូមបញ្ជាក់បន្ថែមថា , បច្ចុប្បន្នប្រតិបត្តិករទូរសព្ទបានបែងចែកសេវាកម្មទូរសព្ទជាពីរប្រភេទគឺ៖
– សេវាទូរសព្ទចល័ត (Mobile Service) សំដៅដល់សេវាដែលប្រើប្រាស់ជាប្រចាំ សម្រាប់ការហៅទូរសព្ទ និងការប្រើអុីនធើណេត រួមទាំងគម្រោងប្តូរប្រាក់ប្រចាំសប្តាហ៍ ឬប្រចាំខែ ជាដើម។
– សេវាឌីជីថល (Digital Service) សំដៅដល់សេវាបន្ថែមនានា ឬសេវាកម្មកំសាន្ត មានជាអាទិ៍ សេវាហោរាសាស្ត្រសេវាស្វែងរកការងារ សេវាបណ្តាញទំនាក់ទំនងសង្គម សេវាហ្គេម សេវា Missed Call Alert និង សេវា CallTune ជាដើម។
ដូច្នេះចំពោះបងប្អូនប្រជាពលរដ្ឋ ដែលមានចម្ងល់ លើការប្រើសេវា ផ្សេងៗប្រព័ន្ធទូរសព្ទ អាចស្វែងយល់ពីការពន្យល់ ណែនាំ បកស្រាយ ពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

អ្នកប្រើប្រាស់ទូរសព្ទភាគច្រើន អាចមានជួបប្រទះបញ្ហាកាត់ទឹកប្រាក់ដោយសារ “សេវាឌីជីថល”។ ដើម្បីផ្តាច់ចេញនូវសេវាទាំងនេះ សូមទស្សនាវីដេអូណែនាំ និងខិតបណ្ណផ្សព្វផ្សាយពន្យល់បន្ថែមតាមគេហទំព័រ និងទំព័របណ្តាញសង្គមផ្លូវការរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ ទន្ទឹមនឹងនេះ អ្នកប្រើប្រាស់គួរយល់ដឹងអំពីទំហំកញ្ចប់សេវាកម្មដែលខ្លួនកំពុងប្រើ សុពលភាព និងសេវាបន្ថែមរបស់ក្រុមហ៊ុននីមួយៗ ឱ្យបានច្បាស់លាស់នៅពេលមានការភ្ជាប់គម្រោងទាំងនោះ។

សូមបញ្ជាក់ផងដែរថា មុនពេលបញ្ចូលទឹកប្រាក់ដើម្បីភ្ជាប់គម្រោង ឬ សេវាកម្មណាមួយ អ្នកប្រើប្រាស់គួរបិទអុីធើណេតជាមុន ដើម្បីជៀសវាងការកាត់ទឹកប្រាក់ដោយសារការប្រើសេវាអុីនធើណេតជាដើម។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងផ្នែកសេវាអតិថិជនរបស់ក្រុមហ៊ុនទូរសព្ទដែលលោកអ្នកកំពុងប្រើប្រាស់ដូចជា ក្រុមហ៊ុនស្មាតតាមលេខ ៨៨៨ ក្រុមហ៊ុនមិត្តហ្វូនតាមលេខ ១៧៧៧ និងក្រុមហ៊ុនសែលកាតតាមលេខ ៨១២៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print