ស្ថានភាពផលិត ចែកចាយ និងតម្លៃវ៉ាក់សំាងប្រឆាំងកូវីដ​១៩ លើពិភពលោក

ចែករំលែក៖

បច្ចុប្បន្ន ពលរដ្ឋនៅជុំវិញពិភពលោក​ បានចាប់អារម្មណ៍​យ៉ាងខ្លាំង ដល់សកម្មភាពផលិតវ៉ាក់សាំង ក៏ដូចចែកចាយ​ ដើម្បីបង្កាកូវីដ​១៩ នៅលើពិភពលោក​។ បច្ចុប្បន្នមានក្រុមហ៊ុនជាច្រើន ផលិតវ៉ាក់សាំងទទួលបានជោគជ័យហើយកំពុងតែប្រើប្រាស់ ក្នុងនោះមាន រុស្ស៊ី  ចិន អាមេរិក អាល្លឺម៉ង់ អង់គ្លេស…ជាដើម ។
នៅថ្ងៃទី​១១ខែធ្នូឆ្នាំ​២០២០ ប្រទេសកូរ៉េខាងត្បូង​ ចិន និងជប៉ុន​​ បានឯកភាពសហការណ៍គ្នាទប់ស្កាត់កូវីដ​១៩​ និងចែកចាយវ៉ាក់សាំង ប្រកបដោយតម្លាភាព ​។ ប្រទេសទាំងបីបានព្រមព្រៀងគ្នា ថា​វ៉ាក់សាំងកូវីដ​១៩ គឺជាផលិតផលរួម​របស់ពិភពលោក​ ហើយធានា ទទួលបានការចែកចាយ​ស្មើភាពគ្នា ទាំងចំនួននិងតម្លៃ។
ពាក់ព័ន្ធនិងតម្លៃវ៉ាក់សាំង មកទល់ពេលនេះ​មិនទាន់​ប្រាកដ ថាមានតម្លៃប៉ុន្មាននោះឡើយ ដោយវ៉ាក់សាំងប្រឆាំងកូវីដ​១៩ គឺរដ្ឋាភិបាលប្រទេសនីមួយៗជាអ្នកទិញ ដើម្បីយកទៅចាក់ ជូនពលរដ្ឋដោយឥតគិតថ្លៃ។ តម្លៃវ៉ាក់សាំងអាស្រ័យទៅលើទំនាក់ទំនង​សម្ព័ន្ធមិត្ត និងភូមិសាស្ត្រនយោបាយផងដែរ​ ហើយការបញ្ជាទិញមុន ទិញក្រោយ មានតម្លៃខុសគ្នា។ មួយវិញទៀតប្រទេសដែលចូលរួមក្នុងការធ្វើតេស្តដំណាក់កាលចុងក្រោយ ក៏ទទួលបានអាទិភាព ក្នុងការផ្គត់ផ្គង់ ទាំងតម្លៃផងដែរ​។
មួយវិញទៀត តម្លៃវ៉ាក់សាំងក៏អាស្រ័យទៅលើភាគរយនៃប្រសិទ្ធភាព​របស់វាដែរ ហើយក្រុមហ៊ុន ផលិតឱសថ Oxford-AstraZeneca របស់អង់គ្លេសមាន​តម្លៃ​ថោក​ ​ជាងគេ គឺត្រឹមតែ ៣​ដុល្លារ​ប៉ុណ្ណោះក្នុងមួយដូស។ ដូច្នេះទិញមួយលានដូសមានតម្លៃ​៣លានដុល្លារ ។
ចំណែកវ៉ាក់សាំងរបស់ ក្រុមហ៊ុនអាមេរិក និងអាល្លឺម៉ង់ Pfizer-BioNTech ដែលកំពុងតែប្រើប្រាស់ នៅប្រទេសមួយចំនួន​មានតម្លៃ ១៩,៥ដុល្លារ ក្នុងមួយដូស ហើយសម្រាប់​មនុស្ស​ម្នាក់​ត្រូវ​ចាក់​វ៉ាក់សាំង Pfizer-BioNTech ចំនួន​២​ដង(ទិញមួយលានដូសតម្លៃ​១៩,៥លានដុល្លា)។ នៅក្នុងប្រទេសឥណ្ឌា ក្រុមហ៊ុននេះប្រកាសលក់ក្នុងតម្លៃតែ​១០ដុល្លារប៉ុណ្ណោះក្នុងមួយដូស(១លានដូសតម្លៃ​១០​លានដុល្លារ) ហើយក្រុមហ៊ុនកំពុងស្នើរឲ្យឥណ្ឌាអនុម័តប្រើប្រាស់បន្ទាន់។
ដោយឡែកវ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna​ ដែលបច្ចុប្បន្ននេះ វាមានតម្លៃចន្លោះពី ២៥ដុល្លារ ដល់ ៣៧​ដុល្លារក្នុងមួយដូស(១លានដូសមានតម្លៃប្រមាណ​២៥-៣៧លានដុល្លារ)។ ដោយឡែកសម្រាប់វ៉ាក់សាំង Moderna នេះ ខាងក្រុមហ៊ុនបានអះអាងថាមានប្រសិទ្ធិភាពដល់ទៅ ៩៤,៥% ហើយសម្រាប់​ការ​ចាក់​ចំនួន​២​ដង។
ចំណែកវ៉ាក់សាំង​របស់រុស្ស៊ី និងចិនវិញមានតម្លៃ ទាបជាងនេះ ។ ប៉ុន្តែតម្លៃអាចនឹងប្រែប្រួល​​ គ្រប់ពេលវេលា ហើយកាន់តែធ្លាក់ថ្លៃ ក្រោយ​ការចែកចាយបានច្រើន ហើយមិនមានអ្នកឆ្លងកូវីដ​១៩​ច្រើន​នៅពេលខាងមុខ៕

...

រូបភាព៖ AFP/TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print