ខេត្តពោធិ៍សាត់ ៖ អ្នកបើកបររថយន្តម៉ាក អុីស៊ុយហ្សុ៊យ ពណ៌ត្រេអុី មួយគ្រឰង ពាក់ស្លាកលេខ ពោធិ៍សាត់ 2A 0829 បានបុករះម៉ូតូចំនួន៥គ្រឿង បណ្ដាលឲ្យរងការខូចខាត និងរងរបួសមនុស្សយ៉ាងដំណំ ដែលករណីនេះត្រូវបានគេសង្ស័យថាអ្នកបើកបររថយន្តស្ថិតក្នុងស្ថានភាពស្រវឹងមានជាតិអាល់កុលក្នុងខ្លួន ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តបុករះម៉ូតូខាងលើ បានកើតឡើងនៅវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃសៅរ៍ ១២រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវកៅស៊ូលេខ១៥៥ ក្បែរផ្លូវដែក(រថភ្លើង) ស្ថិតនៅភូមិស្ទឹងតូច សង្កាត់រលាប ក្រុង.ខេត្តពោធិ៍សាត់ ។
មន្រ្តីនគរបាលក្រុងពោធិ៍សាត់បានឲ្យដឹងថា អ្នកបើកបររថយន្តឈ្មោះ សំរិទ្ធ ពិសី ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ បច្ចុប្បន្ន រស់នៅភូមិពាលញែកទី១ សង្កាត់ផ្ទះព្រៃ ក្រុង.ខេត្តពោធិ៍សាត់ បានធ្វើដំណើរក្នុងទិសដៅពីជើងឆ្ពោះទៅទិសខាងត្បូង។ លុះដល់កន្លែងកើតហេតុបានជ្រុលចង្កូតទៅបុក ក្រុមអ្នកចតម៉ូតូនៅចិញ្ចើមផ្លូវចំនួន៥គ្រឿង បណ្ដាលឲ្យរងការខូចខាត និងរងរបួសមនុស្ស ធ្ងន់ស្រាលចំនួន៤នាក់ ។
ប្រភពព័ត៌មានពីមន្រ្តីនគរបាលក្រុងដដែលបន្តទៀតថា បច្ចុប្បន្ន វត្ថុតាងម៉ូតូ និងរថយន្តត្រូវយកទៅ រក្សាទុកជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ រង់ចាំធ្វើការដោះស្រាយតាមច្បាប់ពេលក្រោយ។ ចំណែកជនរងរបួសកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ៕
ដោយ ÷ បុឹម ពិន