ស៊ូវ៉ុន៖ បើយោងតាមផេកផ្លូវការរបស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េ ដកស្រង់ចេញពីគេហទំព័រ(ខ្មែរនៅកូរ៉េ Nesw) នៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ បានបញ្ជាក់ឲ្យដឹងថា, កីឡាការិនីស្នូកឃ័រជម្រើសជាតិកម្ពុជាដ៏ឆ្នើម ស្រួង ភាវី បានប្រកាសជូនដំណឹងដល់បងប្អូនខ្មែរយើងថា កីឡាការិនីរូបនេះទទួលបានកិត្តិយសដោយត្រូវបានទទួលការតែងតាំងមុខតំណែងជាឯកអគ្គរាជទូតសុឆន្ទៈប្រចាំក្រុងស៊ូវ៉ុន និងខេត្តសៀមរាបរបស់កម្ពុជាយើង នេះបើតានការបង្ហោះរបស់កីឡាការិនីផ្ទាល់ក្នុងទំព័រហ្វសប៊ុករបស់ខ្លួន។
ការផ្តល់កិត្តិយសតែងតាំងនេះគឺត្រូវបានផ្តល់ដោយលោកអភិបាលក្រុងស៊ូវ៉ុន ក្រោមកិច្ចសហប្រតិបត្តិការណ៍រវាងអភិបាលទីក្រុងស៊ូវ៉ុនកូរ៉េខាងត្បូង និង ខេត្តសៀមរាបខ្មែរ។ ការតែងតាំងជាឯកអគ្គរាជទូតសុឆន្ទៈប្រចាំក្រុងស៊ូវ៉ុន ក្នុងការធ្វើទំនាក់ទំនងរវាងតំបន់ទាំង២នេះនឹងតម្រូវឱ្យកីឡាការិនីរូបនេះប្រឹងប្រែងព្យាយាមជាតំណាងយ៉ាងណាក្នុងការពង្រឹងចំណងមិត្តភាពប្រទេសទាំងពីរ និងជាពិសេសគឺក្រុងស៊ូវ៉ុន និងខេត្តសៀមរាបរបស់កម្ពុជាឱ្យកាន់តែជិតស្និទ្ធិ និងមានភាតរភាពគ្នាកាន់តែប្រសើរឡើង។
បើតាមការបញ្ជាក់បន្តរបស់កីឡាការិនី ស្រួង ភាវី ទីក្រុងស៊ូវ៉ុននឹងមានកម្មវិធីចុះជួយខេត្តសៀមរាប និងបានជួយសាងសង់សាលារៀននិងជួយធ្វើផ្ទះ ឱ្យប្រជាពលរដ្ឋខ្មែរក្រីក្រទៀតផង។ ហើយនៅថ្ងៃខាងមុខខេត្តមួយចំនួនរបស់កម្ពុជា តាមរយៈនាងខ្ញុំ និងមន្ត្រីខ្មែរយើងដែលពាក់ព័ន្ធប្រចាំតំបន់ លើវិស័យសប្បុរសធម៌នានា នឹងត្រូវបានជួយជ្រោមជ្រែងលើវិស័យអប់រំដល់សិស្សក្រីក្ររៀនពូកែនៅតាមភូមិឋាននានា ដោយនឹងទទួលបាននូវអាហារូបករណ៍សិក្សាដល់សិស្សនិស្សិតពូកែ និងក្រីក្រឱ្យមានឱកាសអាចឡើងមករៀនបន្តជំនាញផ្សេងៗនៅប្រទេសកូរ៉េខាងត្បូងទៀតផង។
កីឡាការិនីរូបនេះក៏បានបង្ហាញថាមានតែទឹកចិត្តករុណា ហ៊ានលះបង់អាត្មា មានចិត្តក្លាហានពុះពា ទើបនាំឱ្យយើងទាំងអស់គ្នាអាចសម្រេចបំណងនានា ហើយអាចជម្នះគ្រប់បញ្ហាដោយបញ្ញាបានមកពីខំសិក្សា ហើយ “បើចង់មានឱកាស ត្រូវខំតស៊ូរៀនឱ្យច្បាស់”។
ដោយ ៖ សិលា