នៅថ្ងៃទី១២ខែធ្នូ រដ្ឋាភិបាលអាមេរិកបានចែកចាយវ៉ាក់សាំងប្រឆាំងកូវីដ១៩ ដល់បណ្តារដ្ឋត្រៀមចាក់ ជាទ្រង់ទ្រាយធំដល់ពលរដ្ឋឲ្យបានឆាប់បំផុត។ ការចែកចាយធ្វើឡើងក្រោយ រដ្ឋបាលចំណីអាហារនិងឪសថអាមេរិក (FDA) បានអនុម័តឲ្យប្រើប្រាស់ជាបន្ទាន់នៅវ៉ាក់សាំង ផលិតដោយក្រុមហ៊ុនPfizer សហការណ៍ជាមួយ ក្រុមហ៊ុនអាល្លឺម៉ង់។
នេះជាប្រភេទវ៉ាក់សាំងដំបូងបង្អស់ដែលបានអនុម័តឲ្យប្រើប្រាស់ជាផ្លូវការ នៅលើទឹកដីអាមេរិក ។ កន្លងមកប្រទេស អង់គ្លេស បារ៉ែន និងកាណាដា ក៏ចាក់វ៉ាក់សាំង ប្រឆាំងកូវីដ១៩របស់ក្រុមហ៊ុន Pfizer ។ ការចាក់វ៉ាក់សាំង នឹងជួយឲ្យអាមេរិក ឆាប់ឆ្លងផុតដំណាក់កាល អាក្រក់បំផុតដោយសារតែកូវីដ១៩។
តាមការលើកឡើងរបស់ FDA វ៉ាក់សាំងប្រឆាំងកូវីដ១៩ និងបញ្ជូនទៅកាន់មជ្ឈមណ្ឌលចែកចាយទាំង ៦៣៦ កន្លែង ទូទាំងទឹកដីអាមេរិក នៅថ្ងៃទី១៣ខែធ្នូ ។ ពលរដ្ឋនៅទូទាំង៥០រដ្ឋនិងទទួលបានការចាក់វ៉ាក់សាំង ចាប់ពីថ្ងៃទី១៤ខែធ្នូ ។ វគ្គដំបូងអាមេរិក ចាក់វ៉ាក់សាំងប្រមាណ២,៩លានដូសដល់ពលរដ្ឋ ក្នុងនោះបុគ្គលិកសុខាភិបាលនិង មនុស្សចាស់ទទួលបានវ៉ាក់សាំងមុនគេ។
គិតដល់ព្រឹកថ្ងៃទី១៣ខែធ្នូ នៅលើពិភពលោក មានករណីឆ្លងជាង ៧២លាននាក់ ស្លាប់ជាង១,៦លាននាក់ និងព្យាបាលជាសះស្បើយជាង៥០,៤លាននាក់ផងដែរ។ អាមេរិកជាប្រទេសមានករណីឆ្លងច្រើនជាងគេ គឺមានដល់ទៅ ជាង១៦,៥លាននាក់ ស្លាប់ ជាង៣សែននាក់៕
រូបភាព៖ Reuters