ក្រសួងទេសចរណ៍៖ សម្តេចតេជោ ហ៊ុន សែន បង្ហាញពីការប្តេជ្ញាចិត្ត ក្នុងការអភិរក្សបេតិកភណ្ឌដ៏អស្ចារ្យនេះ

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងទេសចរណ៍ ក៏បានលើកឡើងផងដែរ ដោយបញ្ជាក់ថា ថ្ងៃនេះ ខួបលើកទី២៨ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បង្ហាញពីការប្តេជ្ញាចិត្ត ក្នុងការអភិរក្សបេតិកភណ្ឌដ៏អស្ចារ្យនេះ។
ក្រសួងទេសចរណ៍បានលើកឡើងថា, នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០នេះ គឺជាខួបលើកទី២៨ឆ្នាំ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ (១៤ ធ្នូ ១៩៩២ – ១៤ ធ្នូ ២០២០)។

នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហោះសារអបអរសាទរ ខួបលើកទី២៨ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូផងដែរ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ការដាក់បញ្ចូលរមណីយដ្ឋានអង្គរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនេះ គឺជាការរំឭកស្មារតីកូនខ្មែរគ្រប់រូប ឲ្យចេះស្រឡាញ់ និងចូលរួមថែរក្សាបេតិកភណ្ឌ ជាពិសេសគឺសម្តែងនូវការដឹងគុណដ៏ជ្រាលជ្រៅ ដល់បុព្វបុរសខ្មែរ ដែលបានពលិកម្ម ដើម្បីបុព្វហេតុអារ្យធម៌ដ៏រុងរឿងរបស់ខ្មែរ នាសម័យអតីតកាល និងការតស៊ូជាបន្តបន្ទាប់របស់ថ្នាក់ដឹកនាំប្រទេស ក្នុងការជម្នះរាល់ឧបសគ្គទាំងឡាយ ការពារឲ្យបាននូវសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃរបស់ជាតិ និងពិភពលោកទាំងមូល ។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលបានបញ្ជាក់ទៀតថា «រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាចិត្តយ៉ាងមុតមំា ក្នុងការអភិរក្សបេតិកភណ្ឌមួយដ៏អស្ចារ្យនេះ ។ បច្ចុប្បន្នអង្គរវត្តបានក្លាយជាគោលដៅទេសចរណ៍លេខ១ នៅលើពិភពលោក ដោយបានទាក់ទាញភ្ញៀវទេសចរអន្តរជាតិរាប់លាននាក់ មកទស្សនា និងបានស្គាល់ពីសម្បតិ្តវប្បធម៌ប្រទេសកម្ពុជា ។ កិច្ចការពារសម្បត្តិបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប»។

សូមជម្រាបថា ប្រាសាទអង្គរ ត្រូវបានចុះបញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភ័ណ្ឌពិភពលោករបស់អង្គការយូណេស្កូ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ នាទីក្រុងសាន់តាហ្វេ សហរដ្ឋអាមេរិក ក្រោមព្រះរាជតម្រិៈដ៏ថ្លៃថ្លា និងឈ្លាសវៃនៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គបានធ្វើការអំពាវនាវទៅកាន់អង្គការយូណេស្កូ សូមឲ្យជួយស្រោចស្រង់ការពារក្រុមប្រាសាទអង្គរ។

ក្រោយពីការដាក់បញ្ចូលតំបន់ រមណីយដ្ឋានអង្គរចូលក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោក សន្និសីទអន្តរជាតិមួយបានប្រារព្ធធ្វើឡើងនៅទីក្រុង តូក្យូ ចាប់ពីថ្ងៃទី ១២-១៣ ខែតុលា ឆ្នាំ១៩៩៣ ក្រោមការផ្តួចផ្តើមគំនិតរបស់រាជរដ្ឋាភិបាលជប៉ុន ដោយមានការគាំទ្រពីប្រទេសបារាំង និងអង្គការយូណេស្កូ ដើម្បីដាក់ចេញនូវយុទ្ធសាស្រ្ត និងផែនការសកម្មភាពនានាជាប្រយោជន៍ ដល់កិច្ចការពារអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ ដើម្បីសម្រេចគោលដៅនេះ គណៈកម្មាធិការសម្របសម្រួលអន្តរជាតិ ហៅកាត់ថា អាយស៊ីស៊ី អង្គរ ត្រូវបានបង្កើតឡើងនាខែធ្នូ ឆ្នាំ១៩៩៣។

តំបន់ឧទ្យានអង្គរ មិនមែនសំដៅតែទៅលើប្រាសាទអង្គរវត្តតែមួយនោះទេ តែសំដៅលើរមណីយដ្ឋានអង្គរទាំងមូល ក្នុងនោះរួមបញ្ចូលទាំងប្រាសាទ បុរាណដ្ឋាន ស្ថានីយបុរាណវិទ្យា បរិស្ថាន និងសហគមន៍មនុស្សផងដែរ ដែលមានផ្ទៃក្រឡាសរុប៤០១គីឡូម៉ែត្រក្រឡា។

ប្រាសាទអង្គរ គ្រាន់តែជាផ្នែកមួយ ក្នុងចំណោមប្រាសាទជិត១០០ផ្សេងទៀត ដែលត្រូវបានចុះក្នុងបញ្ជីប៉ុណ្ណោះ។ ក្រៅពីការផ្ដល់នូវមោទនភាពដ៏ខ្ពង់ខ្ពស់ដល់ជនជាតិខ្មែរ ប្រាសាទអង្គរវត្តក៏បានចូលរួមចំណែកយ៉ាងច្រើន ក្នុងការបង្កើនប្រាក់ចំណូល និងជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈកេរ្តិ៍ឈ្មោះល្បីល្បាញ ដែលបានទាក់ទាញភ្ញៀវទេសចរ ទាំងជាតិ និងអន្តរជាតិ ចូលមកទស្សនាជាច្រើនសន្ធឹកសន្ធាប់ជារៀងរាល់ថ្ងៃ៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print