រឿងព្រេងខ្មែរ÷ រឿង ភ្នំប្រសិទ្ធិ

ចែករំលែក៖

ដែលអ្នកស្រុកហៅថា “ភ្នំប្រសិទ្ធិ” គឺសំដៅយកភ្នំពីរនៅទន្ទឹមគ្នា ។ ប៉ុន្តែដោយការចែកព្រំប្រទល់ស្រុក នៅខេត្តកណ្ដាល ភ្នំពីរនេះក៏គេត្រូវរំលែកធ្វើជាខណ្ឌព្រំប្រទល់ស្រុក ចំកណ្ដាលជ្រលងភ្នំ គឺភ្នំខាងលិច ចូលក្នុងឃុំម្កាក់ ស្រុកអង្គស្នួល, ឯភ្នំខាងកើត នៅក្នុងឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្ដាលដូចគ្នា ។ ភ្នំទាំងពីរនេះ ភ្នំខាងលិច មិនមានរឿងរ៉ាវ ឬ កន្លែងបរមបុរាណអ្វី គួរគប្បីនឹងលើកយកមកអធិប្បាយទេ គឺមានតែភ្នំខាងកើតប៉ុណ្ណោះ ដែលមានរឿងរ៉ាវច្រើន មានដំណែលចាស់ៗ ទាក់ទងដោយរឿងព្រេង ច្រើនយ៉ាង ។ កាលពីដើម អ្នកស្រុកច្រើនទុកភ្នំនេះ ជាទីកន្លែងសក្ដិសិទ្ធិសម្រាប់អ្នកស្វែងបន់ស្រន់ឲ្យសម្រេចប្រាថ្នាណាមួយ ឬ ធ្វើការសាងសីលភាវនានៅទីនោះ, តែនៅសម័យបច្ចុប្បន្ន ជំនឿទាំងនោះ ក៏ខ្សោយបន្តិចម្ដងៗ ទៅតាមការវិបត្តិនៃអារ្យធម៌ ។ ហេតុនេះ ទីភ្នំនេះឯង ទៅជាទីទេសចរណ៍មួយ សម្រាប់អ្នកស្រុកជិតឆ្ងាយ ធ្វើដំណើរទៅកម្សាន្ត នៅរាល់ពេលដែលបានទំនេរលំហែពីការងារ ។ សព្វថ្ងៃ បើទៅតាមរថយន្ត ត្រូវទៅតាមផ្លូវជាតិលេខ ៥ គឺផ្លូវពីភ្នំពេញទៅបាត់ដំបង លុះទៅដល់គីឡូម៉ែត្រលេខ ៣៨ ជិតដល់ផ្សារឧត្ដុង្គ មានផ្លូវជាតិលេខ ២៦ បែកចូលទៅខាងឆ្វេងដៃ ។ ចូលទៅតាមផ្លូវនេះ អស់ចម្ងាយ ១៦ គីឡូម៉ែត្រទៀត ទើបត្រូវបត់ចូលតាមផ្លូវលំមួយនៅខាងឆ្វេងដៃ បន្តទៅទៀត ទើបដល់ជើងភ្នំនេះ ។

នៅនឹងចង្កេះភ្នំ ផ្នែកខាងជើង មានព្រះវិហារមួយ គ្របប្រក់លើព្រះពុទ្ធបដិមាករចូលនិព្វានមួយអង្គ សាងដោយថ្មយ៉ាងធំ មានបណ្ដោយប្រមាណជា ២៧ ម៉ែត្រ ។ ត្រង់នេះអ្នកស្រុកហៅថា “កន្លែងព្រះនិព្វាន” ។ នៅខាងក្រោមកន្លែងព្រះនិព្វាននេះបន្តិច មានរូងដីមួយកន្លែងទទឹងប្រមាណ ៥ ម៉ែត្រ បណ្ដោយ ៦ ម៉ែត្រ ជារូងទាល់ តែមានមកពីអង្វែងកាលហើយ ។ ខាងកើតរូងដីនេះបន្តិច មានថ្មមួយផែនយ៉ាងធំ ហើយមានសភាពចម្លែកត្រង់មានស្នាមជើងសេះ និង ស្នាមជើងមនុស្ស ទ្រុឌជាប់នៅនឹងថ្មនោះ, ប៉ុន្តែ ដោយសារពេលវេលាយូរលង់ពេក, សព្វថ្ងៃ ក៏រលប់ខ្លះៗ ទៅហើយ ។ ខាងត្បូងថ្មដាមានស្នាមនេះ មានខឿនថ្មមួយកន្លែង អ្នកស្រុកហៅថា “ឥសីចង្ក្រម” ។

លុះឡើងដល់កំពូលភ្នំ មានព្រះវិហារមួយ ជាសំណង់ចាស់បុរាណដែរ មានទទឹង ៨ ម៉ែត្រ, បណ្ដោយ ១៥ ម៉ែត្រ, អ្នកស្រុកសន្មតនាមព្រះវិហារនេះហៅថា “វិហារត្រៃត្រិង្ស” ។

អំពីរឿងព្រេង ដែលទាក់ទងនឹងទីកន្លែងទាំងនោះ មានដោយឡែកៗ ពីគ្នា ដែលយើងលើកយកមកអធិប្បាយ មួយម្ដងៗ ដូចតទៅ ៖

១- អំពីរូងដី និង ឥសីចង្ក្រម

ចំពោះទីកន្លែងទាំងពីរនេះ មានរឿងព្រេងតែមួយ គឺ រឿង “បក្សីចាំក្រុង” ។សេចក្ដីពិស្ដារនៃរឿងព្រេងនេះ យើងបានបោះពុម្ពក្នុងសៀវភៅប្រជុំរឿងព្រេងខ្មែរ ភាគ ៥ ត្រង់រឿងព្រះវិហារសួ រួចសព្វគ្រប់ហើយ, ឥឡូវ យើងចោះយកតែត្រង់អន្លើ ដែលមានទាក់ទង នឹងទីកន្លែងត្រង់នេះ មាននិយាយបញ្ជាក់ តែប៉ុណ្ណោះ ។

សេចក្ដីដំណាលថា ៖ កាលដែលស្ដេចដំបងគ្រញូងជ្រែករាជ្យនោះ ក៏បានឡើងគ្រប់គ្រងរាជ្យរហូតមក ។ ប៉ុន្តែ រាជសម្បត្តិនេះ ពុំបានសុខសាន្តទេ នៅរយៈពេលតែ ៧ ឆ្នាំ និង ៧ ខែប៉ុណ្ណោះ មានអ្នកមានបុណ្យម្នាក់ គឺពញាក្រែក មកដណ្ដើមរាជ្យជាបន្តទៅទៀត ។ ដំណើររឿង មុននឹងបានរាជ្យទៅព្រះបាទពញាក្រែកនោះ, ព្រះបាទដំបងគ្រញូងបានធ្វើទុក្ខទោស ដល់ញាតិវង្សក្សត្រអង្គមុន សន្ធឹកណាស់, ហេតុនេះ បានជាពៀរវេរាមកដល់ព្រះអង្គវិញ គឺក្រោយដែលព្រះបាទពញាក្រែកឡើងសោយរាជ្យហើយ ក៏ចេញបញ្ជាឲ្យចងអាឃាតព្យាបាទវិញដែរ ។ ប៉ុន្តែនៅពេលនោះ មានអ្នកម្នាងមួយនោះ មានគភ៌ រត់ទៅពួនស្នាក់នៅនឹងលំនៅញាតិសន្ដានជារាស្ត្រ ។ ថ្ងៃមួយមានហេតុចម្លែកជាប្រផ្នូល, ព្រះបាទពញាក្រែក ក៏ឲ្យហោរាគន់គូរមើល, ហោរក្រាបទូលថា មានអ្នកមានបុណ្យម្នាក់ទៀត ចាប់បដិសន្ធិក្នុងផ្ទៃរបស់អ្នកម្នាង នៃស្ដេចដំបងគ្រញូងឋិតនៅទិសណាៗ ក៏ក្រាបទូលសព្វ ។ វេលានោះ ព្រះពញាក្រែក ក៏ឲ្យពេជ្ឈឃាដ តាមរកឃើញ យកមកកាប់សម្លាប់ចោលទៅ ។ តែពេលកាប់នោះ ទារកនោះឯង ក៏រត់ឡើងពីពោះ ទៅនៅក្នុងទ្រូងម្ដាយ លុះត្រាតែពេជ្ឈឃាដទៅផុត ទើបទារកចេញចាកផ្ទៃមាតាមកនៅកណ្ដាលវាល ។ ពេលនោះ ក៏ចុះមកកាងស្លាប គ្របដណ្ដប់ទារកកុំឲ្យក្ដៅ, ជួនជាមានបុរសចាស់ម្នាក់ឈ្មោះគោហេ គាត់ភ្ជួរដីហើយដើររូតរះទៅផ្ទះ ប្រទះឃើញទារកនេះ គាត់ក៏បីកុមារទៅទុកថែរក្សា ។ អស់រយៈពេល ៧ ឆ្នាំ ស្ដេចឲ្យហោរគន់គូរម្ដងទៀត ព្រះអង្គជ្រាបថាអ្នកមានបុណ្យនោះពុំទាន់ស្លាប់ទេ ទ្រង់ត្រាស់ឲ្យប្រមូលយកក្មេងអាយុ ៧ ឆ្នាំ ទាំងអស់មកផ្ដិតមើលក្រយៅដៃ ។ ពេលនោះតាគោហេ ក៏ត្រូវគេកេណ្ឌឲ្យយកចៅចិញ្ចឹមគាត់មកផ្ដិតដែរ ស្រាប់តែមានរូបកងចក្រនៅបាតដៃចៅគាត់ ដែលត្រូវគេយកទៅប្រហារចោល ព្រោះសំគាល់ថា ជាអ្នកមានបុណ្យ ។ ប៉ុន្តែ តាគោហេ លួចកញ្ឆក់ចៅពរត់គេច ដោយមានសត្វកាងស្លាបគ្របពីលើ រហូតទាល់តែបាត់ផុតពីមុខបណ្ដាជនអ៊ូអរទៅ ។ សេនាអមាត្យនាំគ្នាតាមកិតៗ ដែរ តែពុំទាន់ ។ តាគោហេ នាំកុមារនេះ ពីស្រុកមួយទៅស្រុកមួយ ដូចជាកាត់ទន្លេធំ ត្រង់រកាកោងឆ្លងទៅល្វាទេរ ដល់វិហារសួ តែពុំបាត់ភិតភ័យសោះ ត្បិតទ័ពគេចេះតែដេញតាមពុំឈប់ឈរ ។ កាលនោះ គាត់នាំកុមាររត់ពីវិហារសួ ឆ្លងទន្លេមកខាងលិចហើយឆ្លងកាត់ភូមិក្បែរមាត់ទន្លេ ទៅរកទីភ្នំ ដើម្បីងាយស្រួលពួនស្នាក់អាស្រ័យ ។ គាត់ទៅពួននៅភ្នំមួយ ក្នុងខេត្តសំរោងទង (ដែលសព្វថ្ងៃហៅថាភ្នំប្រសិទ្ធិនេះ) ។ ទីភ្នំនេះ ពុំមានជនសាមញ្ញណាទៅដល់ទេ កាលពីសម័យនោះ, ដូច្នេះហើយ បានជាតាគោហេ យល់ឃើញថា ជាទីសុខសាន្ត ។ មិនតែប៉ុណ្ណោះ ទីនោះឯង ជាទីអាស្រមបទ នៃពពួកឥសីទាំងឡាយ ធ្វើចង្ក្រមភាវនារាល់ថ្ងៃផង ។ តាំងពីមកនៅកន្លែងនេះ ក៏បានប្រកបនឹងសេចក្ដីសុខស្រួលមែន ។

លុះដល់ព្រះបាទពញាក្រែកសោយរាជ្យអស់កាលដ៏យូរមក ក៏សោយព្រះទិវង្គតទៅ ទើបមន្ត្រីរាជការទាំងអស់ ស៊ើបសួររករាជកុមារ ជាបុត្រអតីតមហាក្សត្រ ដើម្បីដង្ហែឡើងគ្រងរាជ្យ ។ ទទួលពេលនោះ លេចឮល្បីព្រះនាមកុមារព្រះរាជបុត្រមួយព្រះអង្គ ដែលនៅជាមួយតាគោហេ ហើយដែលអ្នកស្រុកស្គាល់ព្រះនាមថា “បក្សីចាំក្រុង” ព្រោះតាគោហេ បានថ្វាយនាមនេះ តាំងពីគាត់បានឃើញបក្សី តាមកាងស្លាបលើរាជកុមារ ពីតូចនោះមកម្ល៉េះ ។ អស់ពួកសព្វមុខមន្ត្រី នាំគ្នាទៅដង្ហែយកព្រះរាជកុមារ បក្សីចាំក្រុង ហើយរៀបអភិសេកគ្រងរាជ្យសម្បត្តិទៅ ។

ក្រោយពីបានឡើងគ្រងរាជ្យហើយ ព្រះអង្គក៏ចាត់ឲ្យសាងព្រះពុទ្ធរូប ព្រះវិហារ ទុកជាទីគោរពនៅលើភ្នំនេះ ហើយសន្មតនាមទីភ្នំនេះថា “ភ្នំឫសីសិទ្ធិ” បានន័យថាភ្នំរបស់ឥសី សឹងប្រកបតាមប្រាថ្នា, ព្រោះកាលដែលរស់នៅលើភ្នំនេះ តាគោហេ តែងតែបន់ស្រន់ជារឿយៗ សុំបួងសួងឲ្យរាជកុមារបានឡើងគ្រងរាជ្យ, លុះឥឡូវនេះ ក៏បានសម្រេចដូចប្រាថ្នាមែន ទើបបានជាសន្មតទីនេះថាដូច្នេះ ។

២- អំពីផែនថ្មមានស្នាមជើងសេះ

ចំពោះស្នាមជើងសេះ នៅលើផែនថ្ម តាមចាស់ទុំនិយាយថា ៖ ទាក់ទងមកពីរឿងចៅឫទ្ធិសែន និងនាងកង្រី ត្រង់ដែលឫទ្ធិសែនយកសំបុត្រនាងសន្ធមា ទៅឲ្យនាងកង្រី ហើយទៅដេកស្នាក់នៅក្បែរទីអាស្រមបទនៃមហាឥសី ។ ពេលនោះ មហាឥសីលួចមើលសំបុត្រឃើញនាងសន្ធមា បង្គាប់ឲ្យនាងកង្រីជាកូន សម្លាប់កុមារនេះចោលទៅ នៅពេលដែលទៅដល់, ឥសីក៏លួចហែកសំបុត្រចោល ក្លែងសំបុត្រសាជាថ្មី ឲ្យនាងកង្រី ទទួលយកបុរសនេះធ្វើជាប្ដី កាលបើឃើញកុមារនេះទៅដល់ ។ គឺត្រង់កន្លែងនេះហើយ ដែលមានផែនថ្មធំ នៅទៀបកន្លែងឥសីចង្ក្រម ។ គឺនៅពេលកុមារឫទ្ធិសែន ត្រឡប់មកវិញ ដោយប្រញាប់ប្រញាល់ រត់ចោលនាងកង្រីនោះ ក៏មកកាត់ទីកន្លែងនេះទៀត បានជួបនឹងឥសី, ឥសីឲ្យទានស្លឹកឈើ ហើយឲ្យហោះរត់ ។ គឺលើផែនថ្មនេះហើយ ដែលឫទ្ធិសែនចាប់បំផាយសេះ លោតផ្លោះហោះឡើង បានជាមានស្នាមជើងសេះ ទ្រុឌជាប់នឹងផ្ទាំងថ្ម ត្រង់នោះឯង ។

បើពោលដោយសង្ខេបទៅ បុរាណដ្ឋាននេះ ជាទីដំណែល អំពីមហាក្សត្រអង្គណាមួយ ក្នុងអតីតកាលមែន ប៉ុន្តែពុំមានដ្ឋាន ខាងអក្សរចារឹកឲ្យច្បាស់លាស់ ជាព័ត៌មានពិតប្រាកដប្រជាបានឡើយ, យើងយល់បានត្រឹមតែសេចក្ដីសន្និដ្ឋានប៉ុណ្ណោះ ដោយសង្កេតយកតាមរូបភាព ទីកន្លែង និងសេចក្ដីនិទានខ្លះ របស់អ្នកស្រុក ដែលចេះតែចាំតៗ គ្នាប៉ុណ្ណោះ ។ ដូច្នេះ, បើយើងសន្មតកំណត់ឲ្យជាក់ស្រេច ថាក្សត្រអង្គណាជាអ្នកកសាង ឬ ការកសាងនេះ ពីក្នុងរជ្ជកាលណានោះ ពុំទាន់បាននៅឡើយទេ ។ ការងារនេះ នៅក្នុងការស្រាវជ្រាវតែរាល់ថ្ងៃ ។

ក្រៅអំពីសេចក្ដីពិចារណារិះរេខាងទីតាំង និងប្រវត្តិពង្សាវតារដែលយើងលើកយករឿងព្រេងមកបញ្ជាក់ តាមលំអានអ្នកស្រុកចេះចាំតៗ គ្នាមកនេះ, យើងងាកបែរទៅខាងទេសភាព នៃព្រៃព្រឹក្សានៅលើទីនេះម្ដង ។ តាមពិត, ភ្នំនេះ ពុំមែនជាព្រៃស្រោង ប្រកបដោយឈើឡើយ, សភាពព្រៃ ជាសភាពព្រៃរបោះ ដែលមានតែកូនឈើតូចៗ គ្របដណ្ដប់លើដីខ្សាច់សៗ នៅចន្លោះៗ ដុំថ្មធំៗ ហើយថ្មទាំងនោះ ភាគច្រើនក៏មានពណ៌សដែរ ។ ហេតុនេះ បានជាភ្នំនេះទៅជាកន្លែងយកថ្មសម្រាប់ធ្វើផ្លូវរថភ្លើង និង យកមកប្រើប្រាស់សព្វយ៉ាងនៅក្នុងក្រុងភ្នំពេញសព្វថ្ងៃ ។

រួមសេចក្ដីមក ភ្នំប្រសិទ្ធិសព្វថ្ងៃ ជាទីទេសចរណ៍ សម្រាប់ជនរួមជាតិយើង មួយកន្លែងយ៉ាងសំខាន់ដែរ, បានជាមានរថយន្តទេសចរ ចេញចូលជាញឹកញាប់ រៀងរាល់ថ្ងៃអាទិត្យ និង ថ្ងៃបុណ្យផ្សេងៗ ដែលអ្នកធ្វើការងារបានឈប់សម្រាក ៕

កែសម្រួលនិងស្រាវជ្រាវពីសៀវ ភៅរឿងព្រេងខ្មែរដោយ÷ចៅតាជេត

...

(សូមរង់ចាំអានរឿងព្រេងឬទំនៀមខ្មែរ នៅថ្ងៃស្អែកទៀត)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print