នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោកស្រី Jacinda Ardern នៅថ្ងៃទី១៤ខែធ្នូបានប្រកាសថា ប្រទេសរបស់លោកស្រីបានត្រៀមលក្ខណៈបើកព្រំដែនជាមួយ អូស្ត្រាលីជាថ្មីនៅដើមខែមករាឆ្នាំ២០២១។ ពលរដ្ឋប្រទេសទាំងពីរ ធ្វើដំណើរមិនចាំបាច់ធ្វើចត្តាឡីស័ក១៤ថ្ងៃនោះឡើយ។
ការបើកព្រំដែនលើកនេះ ដោយសង្ឃឹមថានឹងមិនបិទ ជាថ្មីឡើងវិញនោះឡើយដោយសារតែ មានវ៉ាក់សាំងប្រឆាំងកូវីដ១៩ ហើយ។ នាយករដ្ឋមន្ត្រីនូវែលសេឡង់ មិនបានបញ្ជាក់ថា នឹងត្រូវបើកនៅពេលណាច្បាស់នោះឡើយ គ្រាន់តែបញ្ជាក់ថា នឹងបើកនៅដើមខែមករាឆ្នាំ២០២១។ ប្រទេសទាំងពីរ ក្នុងរយៈពេល២៨ថ្ងៃ មិនមានករណីឆ្លងថ្មីណាមួយក្នុងសហគមន៍នោះឡើយ។
លោកស្រីJacinda Ardern បានបន្តទៀតថា គម្រោងបើកព្រំដែននឹងត្រូវធានាថាមិនមានករណីឆ្លងថ្មី នោះឡើយ។ ជាមួយគ្នានេះដែរ ក្រុមហ៊ុនអាកាសចរណ៍ប្រទេសទាំងពីរ ក៏បានត្រៀមលក្ខណៈហោះហើរជាថ្មីផងដែរ។
រដ្ឋមន្ត្រីទទួលបន្ទុកទប់ស្កាត់កូវីដ១៩ របស់នូវែលសេឡង់លោកChris Hipkins បានឲ្យដឹងថា លោកនឹងទៅកាន់អាកាសយានដ្ឋានអន្តរជាតិAuckland នៅថ្ងៃទី១៥ខែធ្នូ ដើម្បីត្រួតពិនិត្យ ស្ថានភាពជាក់ស្តែង មុនពេលដំណើរការហោះហើរអន្តរជាតិឡើងវិញ។
ក្នុងពេលជាមួយគ្នានោះដែរ អូស្ត្រាលី ក៏បានបញ្ចប់ច្បាប់ទប់ស្កាត់កូវីដ១៩ នៅក្នុងរដ្ឋ New South Wales នៅថ្ងៃទី ១៤ខែធ្នូ ហើយនៅដើមឆ្នាំ២០២១ បណ្តាក្រុមហ៊ុននឹងដំណើរការធម្មតាវិញ៕ ដោយ៖ធីរីណា