ក្មេងស្រី កំព្រាឪពុក និងត្រូវបានម្ដាយបង្កើតបោះបង់ចោល គ្មានទីពឹង ត្រូវបានកងកម្លាំងរបស់តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ជួយជួសជុលជម្រកស្នាក់នៅ និងឧបត្ថម្ភគ្រឿងឧបភោគបរិភោគ

ចែករំលែក៖

ខេត្តកំពង់ធំ៖ ក្មេងស្រីអាយុ១៥ឆ្នាំ ឈ្មោះ មួន ចន្ទ្រា កំព្រាឪពុក និងត្រូវបានម្ដាយបង្កើតបោះបង់ចោល ទុកឱ្យរស់តែនៅម្នាក់ឯងក្នុងខ្ទមកំសត់ប្រក់ស្បូវ ជញ្ចាំងបាំងក្រណាត់ នៅក្នុងភូមិអូរគ្រូកែ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ត្រូវបានប្រជាពលរដ្ឋមានទីលំនៅក្បែខាងរាយការណ៍មកកាន់តំបន់ប្រតិបត្តិការសឹករងកំពង់ធំ។

ក្រោយទទួលបានដំណឹង នៅរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០កន្លងទៅ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងអាជ្ញាធរមូលដ្ឋាន បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ ច័ន្ទមុន្នី នូវស័ង្កសី, គ្រឿងឧបភោគបរិភោគ, និងថវិកាមួយចំនួនទៀត ផ្ដល់ជូនក្មួយស្រី និងបានចាត់តាំងកម្លាំងផ្នែកសឹករងប្រាសាទសំបូរ ជួសជុលជម្រកស្នាក់នៅជូនក្មួយស្រីឱ្យបានសមរម្យផងដែរ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្ដាំផ្ញើដល់ក្មួយស្រី មួន ចន្ទ្រា ឱ្យខិតខំតស៊ូជំនះនឹងវាសនា និងការលំបាកនៅពេលនេះ ហើយត្រូវបន្តខិតខំរៀនសូត្រ យកចំណេះដឹងជាមូលដ្ឋាន ព្រមទាំងបានផ្តាំផ្ញើដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរខាង សូមជួយមើលថែទាំក្មួយស្រី ប្រសិនបើមានការខ្វះខាតស្បៀងអាហារ ឬសម្ភារសិក្សា សូមផ្តល់ដំណឹងមកកាន់ ឯកឧត្តម និងក្រុមការងារ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ដើម្បីបន្តជួយដោះស្រាយការខ្វះខាតបន្ថែមទៀត ធ្វើយ៉ាងណាឱ្យក្មួយបានសិក្សារៀនសូត្រមានចំណេះដឹងសម្រាប់រកការងារធ្វើ អាចចិញ្ចឹមជីវិតបានទៅអនាគត៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print