ដោយសារមិនចេះអធ្យាស្រ័យយោគយល់គ្នាទាស់ពាក្យសម្តីតិចតួចសោះបុរស៤នាក់វាយបុរស២នាក់របួសត្រូវសមត្ថកិច្ចក្រុងតាខ្មៅឃាត់ខ្លួនបាន៣នាក់

ចែករំលែក៖

ខេត្តកណ្ដាល៖ ព្រោះតែខ្វះការយោគយល់មិនចេះអធ្យាស្រ័យគ្នា បានធ្វើឲ្យបុរស៤នាក់វាយបុរស២នាក់ឱ្យរងរបួសនិងសម្ភារផ្សេងទៀតរងការខូចខាតផងដែរ ទីបំផុតបុរស៣នាក់ក្នុងចំណោម៤នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាននៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ ដែលករណីនេះបានកើតឡើងកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង២០និង១០នាទី ត្រង់ចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុង​ភូមិ​តាក្ដុល​ សង្កាត់តាក្តុល ក្រុងតាខ្មៅ​។ 

 មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថាជនរងគ្រោះ២នាក់មាន៖ទី១-ឈ្មោះ សំ សែន ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិតាក្តុលត្បូង សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរលក់ដូរ(ខូចខាតសម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួន)។

ទី២-ឈ្មោះ រី សារ៉េត ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិតាក្តុលត្បូង សង្កាត់តាក្តុល ក្រុងតាខ្មៅខេត្តកណ្តាល, មុខរបរមេភូមិតាក្តុលត្បូង(រងរបួសបែកចុងចិញ្ចើមខាងស្តាំនិងរយះកដៃខាងឆ្វេង)។

ចំណែកជនសង្ស័យមានគ្នា៤នាក់គឺ៖

ទី១-ឈ្មោះ ឆិល ចាន់ធឿន ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរបុគ្គលិកក្រុមហ៊ុន(ឃាត់ខ្លួន)។

ទី២-ឈ្មោះ ឆិល មករា ភេទប្រុស អាយុ៣៥ឆ្នាំ ទីលំនៅភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល, មុខរបរបុគ្គលិកក្រុមហ៊ុន(ឃាត់ខ្លួន)។

ទី៣-ឈ្មោះ សំ ចាន់ធី ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិតាក្តុលត្បូង សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល,មុខរបរបេីកបររថយន្ត(ឃាត់ខ្លួន)។

ទី៤-ឈ្មោះ ឆិល ចាន់ថុល ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិតាក្តុលត្បូង សង្កាត់តាក្តុលក្រុងតាខ្មៅខេត្តកណ្តាល,មុខរបរនៅផ្ទះ(គេចខ្លួន)។

ដោយឡែកវត្ថុតាងចាប់យកមាន៖ ដុំថ្មចំនួន៦ដុំ,​កាំបិតប៉័ងតោដងជ័រចំនួន១​ប្រវែង៣០សង់ទីម៉ែត្រ,​អំបែងចានមួយចំនួននិងបំពង់ទឹកក្តៅពណ៌ក្រហមចំនួន១។

    ប្រភពដដែលបន្តថា​ មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ សំ សែន បានចតរថយន្តរបស់ខ្លួននៅតាមផ្លូវមុខផ្ទះរបស់ខ្លួន លុះដល់វេលាកើតហេតុខាងលើស្រាប់តែជនសង្ស័យឈ្មោះ ឆិល ចាន់ធឿន បានបើករថយន្តចេញពីផ្ទះម្តាយរបស់ខ្លួនដែលនៅផ្ទះក្បែរគ្នាមកដល់មុខផ្ទះជនរងគ្រោះបើកចេញមិនរួចព្រោះផ្លូវចង្អៀតដោយទើសរថយន្តរបស់ជនរងគ្រោះ ភ្លាមនោះជនរងគ្រោះបានចេញពីផ្ទះមកជួយសារ៉េស្រាប់តែជនសង្ស័យឈ្មោះ ឆិល ចាន់ធឿន បាននិយាយថា ចតឡានពេញផ្លូវ។  ពេលនោះជនរងគ្រោះប្រាប់ថាសុំចតតែពីរថ្ងៃទេដោយសម័យកូវីដមិនហ៊ានទុកឡាននៅការាសទេ ហើយក៏មានទំនាស់ពាក្យសម្តីគ្នាទៅវិញទៅមក។ ពេលនោះជនរងគ្រោះឈ្មោះ រី សារ៉េត ដែលជាមេភូមិនៅផ្ទះជាប់គ្នាក៏ចេញមកឃាត់កុំឱ្យឈ្លោះគ្នា ស្រាប់តែជនសង្ស័យនិយាយថាមិនមែនរឿងរបស់អ្ហែងទេកុំមកចេះ។ ដោយខ្លាចមានរឿង ជនរងគ្រោះឈ្មោះ សំ សែន បានដឹកដៃជនរងគ្រោះឈ្មោះរី សារ៉េតឱ្យចូលទៅក្នុងផ្ទះរបស់ខ្លួនស្រាប់តែក្រុមជនសង្ស័យខាងលើបាននាំគ្នាចូលទៅវាយបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះបណ្តាលឱ្យខូចខាត និងយកដុំថ្មគប់បណ្តាលឱ្យជនរងគ្រោះឈ្មោះ រី សារ៉េត រងរបួសបែកចុងចិញ្ចើមខាងស្តាំ និងរយះកដៃខាងឆ្វេង ហើយក្រុមជនសង្ស័យគេចខ្លួនបាត់អស់ ។ក្រោយពីបានទទួលពាក្យបណ្តឹងពីជនរងគ្រោះកម្លាំងប៉ុស្តិ៍ សហការជាមួយកម្លាំងជំនាញបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានបីនាក់ដូចខាងលើនៅថ្ងៃទី១៣ខែឆ្នាំដដែល បញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីចាត់ការតាមនីតិវិធី៕ដោយ៖ស្អាងជ័យ

...

  

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print