ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាខ្លាំងបានបេីករថយន្តកាមរីហាយប្រ៊ីដក្នុងល្បឿនលឿនហើយរេចង្កូតទៅបុករថយន្តម៉ាកCRVពីក្រោយពេញទំហឹងខណៈកំពុងឈប់ចតស្ងៀមលេីចិញ្ចេីមផ្លូវបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំរួចហើយរុញទៅបុកស្ត្រីម្នាក់ជាអ្នករេីសអេតចាយធ្វើឲ្យរងរបួសរលាត់ដៃជេីង។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចច្រកចូលប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី២ តាមបណ្តោយផ្លូវចោមចៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកCRV ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2N-2853 បេីកបរតាមបណ្តោយផ្លូវចោមចៅក្នុងទិសដៅពីលិចទៅកេីត
ខណៈមកដល់ចំណុចកេីតហេតុក៏បានស៊ីញ៉ូឈប់តែមិនទាន់ពន្លត់ម៉ាស៊ីននោះទេ។ បន្ទាប់មកក៏ឃេីញមានស្ត្រីម្នាក់អូសរទេះអេតចាយមកឈប់ខាងមុខរថយន្តហេីយក៏ដើរមករេីសសំបកកំប៉ុង ភ្លាមនោះស្រាប់តែមានបុរសម្នាក់បេីករថយន្តម៉ាកកាមរីហាយប្រ៊ីដ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2N-4479 សង្ស័យស្រវឹងស្រាបេីកបរក្នុងទិសដៅពីលិចទៅកេីតដោយល្បឿនលឿនបានរេចង្កូតទៅបុករថយន្តCRV ពីក្រោយពេញទំហឹងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ហេីយរុញទៅបុកស្ត្រីដែលកំពុងរេីសអេតចាយនៅខាងមុខបណ្តាលឲ្យដួលរងរបួសស្រាល។
ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់និងធ្វេីការសម្របសម្រួលឱ្យភាគីទាំងសងខាងចរចាគ្នា។ ដោយភាគីខាងរថយន្តបង្កព្រមទទួលកំហុសនិងចេញថ្លៃជួសជុលទៅលេីរថយន្តរងគ្រោះចំនួន១៣០០ដុល្លារដេីម្បីបញ្ចប់រឿងនៅនឹងកន្លែងកេីតហេតុ។ ដោយឡែកស្ត្រីអ្នករេីសអេតចាយត្រូវបានម្ចាស់រថយន្តបង្កចេញថ្លៃព្យាបាលចំនួន២០០ដុល្លារ៕ ដោយ៖សុខាសែនជ័យ