សម្ដេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសារពិសេសទាក់ទិននឹងបញ្ហាជំងឺកូវីដ-១៩ និងការទិញវ៉ាក់សាំងកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសារពិសេសទៅកាន់បងប្អូនជនរួមជាតិ ទាក់ទិនទៅនឹងស្ថានភាពជំងឺកូវីដ-១៩ និងការទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលការថ្លែងសារនេះ ធ្វើឡើងពីគេហដ្ឋានផ្ទះតាខ្មៅ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា» គឺជាការចម្លងបែបចង្កោម និងតាមទីកន្លែងមួយៗ មិនមែនជាទ្រង់ទ្រាយធំពេកនោះទេ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា WHO បានវាយតម្លៃករណីសហគមន៍នៅកម្ពុជា ជាករណីឆ្លងបែបកើតមានម្តងៗមួយកន្លែង ដោយមិនមានបណ្តុំឆ្លងច្រើនពេក ហើយក៏មិនទាន់ដាក់ចូលទៅក្នុងរបៀបឆ្លងសហគមន៍ធំនោះដែរ។ សម្តេចតេជោ បានកោតសរសើរក្រសួងសុខាភិបាល ក្រុមគ្រូពេទ្យជួរមុខ អាជ្ញាធរ ប្រជាពលរដ្ឋ ដែលបានចូលរួមសហការក្នុងព្រឹត្តិការណ៍ដ៏មានគ្រោះថ្នាក់សម្រាប់ជាតិ និងប្រជាពលរដ្ឋ។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ព្រឹត្តិការណ៍សហគមន៍អាចទប់ស្កាត់បានហើយ តែមិនទាន់បិទបញ្ចប់នោះទេ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា គ្រប់គ្រងបាន តែមិនទាន់បញ្ចប់ដោយយោងលើហេតុផលចំនួន៥៖

១) មិនទាន់ដឹងអស់នៅឡើយទេថា តើមានកន្លែងណាខ្លះទៀត ដែលអ្នកជំងឺទៅដល់ រកមិនទាន់ឃើញ អ្នកជំងឺមិនប្រាប់ ឬភ្លេចកន្លែងទៅដល់រយៈពេល១៤ថ្ងៃ មុនពេលរកឃើញ។
២) តើនៅមានអ្នកប៉ះពាល់ផ្ទាល់ ឬប្រយោលដោយមិនមកបង្ហាញមុខ ព្រោះខ្លាចការធ្វើតេស្ត ដែលជាហានិភ័យឆ្លងចូលសហគមន៍។
៣) អ្នកប៉ះពាល់មួយចំនួនមិនទាន់ថ្ងៃធ្វើតេស្តលើកទី២ ឬទី៣នៅឡើយ ព្រោះទើបដឹងប៉ះពាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩ ហើយធ្វើតេស្តមួយដង ឬពីរដងប៉ុណ្ណោះ។
៤) អ្នកត្រូវធ្វើចត្តាឡីស័កហូរហែតាំងពីរថ្ងៃទី២៩ វិច្ឆិកា ដល់ថ្ងៃរកឃើញវិជ្ជមានចុងក្រោយនៅថ្ងៃទី១៤ ធ្នូ មិនដឹងថា បានធ្វើចត្តាឡីស័ក ១៤ថ្ងៃ ឬធ្វើតេស្ត៣ដងដែរឬទេ?
៥) នៅតាមខេត្តមួយចំនួនដែលអ្នកជំងឺទៅដល់មុនពេលរកឃើញជំងឺ តើបានរកឃើញអ្នកពាក់ព័ន្ធអស់ឬទេ?

សម្តេចតេជោ ហ៊ុន សែន សូមការយោគយល់ក្នុងការរក្សាស្ថានភាពដូចពេលបច្ចុប្បន្នមួយរយៈទៀត ដើម្បីឱ្យប្រាកដថា ព្រឹត្តិការណ៍សហគមន៍បានបិទបញ្ចប់។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផលប៉ះពាល់សង្គមខ្លាំងជាងគេនាពេលនេះ គឺការអប់រំ និង សេវា។ ប៉ុន្តែផ្នែកសេដ្ឋកិច្ចឧស្សាហកម្ម និងកសិកម្ម ប្រជាពលរដ្ឋអាចនៅធ្វើធម្មតា។សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីយកឈ្នះលើជំងឺកូវីដ១៩ ត្រូវធ្វើជាអ្នកចុះចាញ់ អ្នកខ្លាច តែមិនត្រូវតក់ស្លុត ឬស្លន់ស្លោនោះទេ។

ទាក់ទងនឹងការអប់រំ សម្តេចតេជោបានមានប្រសាន៍ថា លទ្ធភាពនៃការប្រឡងថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ប្រហែលជាមិនអាចធ្វើបាន ព្រោះលទ្ធភាពប្រកាសបញ្ចប់ព្រឹត្តិការណ៍សហគមន៍មុនថ្ងៃទី១១ ខែមករា ឆ្នាំ២០២១បានទេ។ សម្តេចតេជោស្នើក្រសួងពិនិត្យលទ្ធភាពវាយតម្លៃលើការប្រឡងឆមាសរបស់សិស្ស ដើម្បីកំណត់អ្នកជាប់ធ្លាក់មធ្យមសិក្សាទុតិយភូមិតែម្តង។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាល បានត្រៀមថវិកា ១០០ ទៅ២០០លានដុល្លារ សម្រាប់ទិញវ៉ាក់សាំងកូវីដ-១៩។ រាជរដ្ឋាភិបាលមានថវិកាក្នុងដៃប្រមាណ ៥៣៨លានដុល្លារហើយ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងស្តារឡើងវិញសេដ្ឋកិច្ចឡើងវិញ។​ កម្ពុជាទទួលទិញវ៉ាក់សាំងរបស់ប្រទេសណា ដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោកប៉ុណ្ណោះ។ សម្តេចមិនយកប្រជាពលរដ្ឋទៅធ្វើតេស្តវ៉ាក់សាំងរបស់ប្រទេសណាមួយនោះឡើយ។
រាជរដ្ឋាភិបាលបានត្រៀមឃ្លាំងដែលអាចទុកវ៉ាក់សាំងរហូតដល់ -៨០ អង្សារ ឬក្រោមនេះ។

សម្តេចតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍ និងបទបញ្ជាចំនួន៤ ដើម្បីទប់ស្កាត់ព្រឹត្តិការណ៍សហគមន៍៖
១) តាមដានអ្នកនៅសេសសល់មិនទាន់ធ្វើតេស្តគ្រប់ចំនួន ឬធ្វើចត្តាឡីស័កមិនទាន់គ្រប់ថ្ងៃឱ្យបានម៉ឺងម៉ាត់។ អាជ្ញាធរត្រូវពិនិត្យ កុំពឹងផ្អែកលើគ្រូពេទ្យ គ្រពេទ្យហត់ណាស់ហើយ។
២) ត្រូវអនុវត្ត ៣ការពារ (ពាក់ម៉ាស់, លាងដៃ, គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ដោយចាប់ពី ១ម៉ែត្រកន្លះឡើងទៅ ឱ្យបានគ្រប់គ្នា នៅគ្រប់ទីកន្លែង)។
៣) ត្រូវអនុវត្ត ៣កុំ ( ១៖ កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក រកកន្លែងមានខ្យល់ចេញចូល, ២៖ កុំទៅកន្លែងមនុស្សច្រើនកុះករ, ៣៖ កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម ពេលជួបគ្នា អ្នកមានផ្តាសាយ ឬសង្ស័យមានជំងឺកូវីដ១៩ កុំចេញក្រៅ ហើត្រូវទាក់ទងទៅគ្រូពេទ្យ)។
៤) នៅតាមកន្លែងលក់ដូរ ភោជនីយដ្ឋាន អាហារដ្ឋាន ផ្សារទំនើប និងធនាគារ ត្រូវត្រួតពិនិត្យបើគ្មានម៉ាស់មិនឱ្យចូល វ៉ាស់កម្តៅ និងរៀបចំកន្លែងអង្គុយរក្សាគម្លាត តាមបន្ទប់ទឹកត្រូវមានសាប៊ូលាងដៃ។
អាជ្ញាធរត្រូវពិនិត្យតាមអាហារដ្ឋាន ភោជនីយដ្ឋាន បើមិនអនុវត្តន៍តាមគោលការណ៍នេះ ត្រូវបិទបណ្តោះអាសន្ន។ ពិនិត្យលទ្ធភាពផ្តល់ក្របខណ្ឌបន្ថែមឱ្យគ្រូពេទ្យតាមរយៈការប្រលង ឬគ្រូពេទ្យជាប់កិច្ចសន្យា។ សម្តេចតេជោ ហ៊ុន សែន អរគុណវិទ្យាស្ថានប៉ាស្ទ័រ វិទ្យាស្ថានប្រយុទ្ធប្រឆាំងជំងឺឆ្លងរបស់អាមេរិក និងអង្គការសុខភាពពិភពលោក ដែលបានចូលរួមជាមួយកម្ពុជាប្រយុទ្ធនឹងជំងឺកូវីដ-១៩។

សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យផ្គត់ផ្គង់សម្ភារ បរិក្ខារពេទ្យ ជាពិសេសម៉ាស់ អាវ ទៅមន្ទីរពេទ្យ និងមណ្ឌលសុខភាព ដែលត្រូវជួយរុករកអ្នកជំងឺកូវីដ-១៩ មិនត្រូវឱ្យខ្វះសម្ភារ បរិក្ខារពេទ្យក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩មួយចំនួន ដូចប្រទេសជឿនលឿនមួយចំនួននោះឡើយ៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print