ខេត្តកែប៖ បុរសម្នាក់ ហេតុតែចងគំនុំរឿងស្នេហា របស់ខ្លួនបែកបាក់គ្នា បែរជាបង្កើតគំនិតទុច្ចរិត បើក Facebook ក្លែងក្លាយជាច្រើនដាក់រូបអតីតគូស្នេហ៍របស់ខ្លួន ហើយយកទៅប្រមាថព្រះចេស្តាព្រះមហាក្សត្រ ថ្នាក់ដឹកកំពូល អភិបាល និង ស្នងការខេត្ត ជាច្រើន ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនបានតែម្តង។
ជនសង្ស័យ ដែលមានគំនិតអាក្រក់ក្នុងសង្គមនោះគឺឈ្មោះ ងិន ស៊ុយទ្រី អាយុ២៥ឆ្នាំ ត្រូវបានសមត្ថកិច្ចនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយនគរបាលខេត្តកែប ឃាត់ខ្លួនបាននៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ នេះ នៅចំណុចភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ដែលជាកន្លែងរស់នៅរបស់ជនសង្ស័យតែម្តង។ បន្ទាប់ពីកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ បើកការស៊ើបអង្កេតស្រាវជ្រាវ តែក្នុងរយ:ពេលប៉ុន្មានថ្ងៃនោះ។
យោងតាមសមត្ថកិច្ច នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានអោយដឹងថា: ជនសង្ស័យរូបនេះមានចេតនាទុច្ចរិត បានបង្កើតគណនីហ្វេសប៊ុក ក្លែងក្លាយជាច្រើន ធ្វើការជេរប្រមាថ បរិហាកេរ្តិ៍ បំប៉ោងព័ត៌មាន បំពុលសង្គម និង បង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបរិហារកេរ្តិ៍ ថ្នាក់ដឹកនាំកំពូលៗ មានទាំងព្រះមហាក្សត្រ សម្តេចនាយករដ្ឋមន្រ្តី អភិបាលខេត្ត ព្រមទាំងស្នងការនគរបាលខេត្តមួយចំនួន ដោយគេបានសរសេរនូវភាសាអសុរោះ កាត់តរូបភាព លើគណនីហ្វេសប៊ុកក្លែងក្លាយទាំងនោះ។
ជនសង្ស័យ ងិន ស៊ុយទ្រី បានសារភាពថា ខ្លួនមានទំនាក់ទំនងស្នេហាជាមួយនឹងនារីឈ្មោះ ទ្រី ស៊ាងម៉ី តាំងពីដើមឆ្នាំ២០១៦ ក្រោយមកនាងបានផ្លាស់ប្ដូរមកធ្វើការនៅរាជធានីភ្នំពេញ តាំងពីពេលនោះមកទំនាក់ទំនងរបស់ពួកគេបានត្រូវឃ្លាតឆ្ងាយ និងដោយសារនារី ទ្រី ស៊ាងម៉ី មានទំនាក់ទំនងជាមួយបុរសជាច្រើនផ្សេងទៀត ធ្វើឱ្យគេកើតចិត្តប្រចណ្ឌ ហើយក៏បានបង្កើតគណនីក្លែងក្លាយជាឈ្មោះរបស់នារី ទ្រី ស៊ាងម៉ី ឪពុក និងជាមិត្តភក្តិរបស់នាងជាច្រើនទៀត ដើម្បីធ្វើការវាយប្រហារថ្នាក់ដឹកនាំកំពូលៗ ក្នុងចេតនាដើម្បីទម្លាក់កំហុសឱ្យនាង ទ្រី ស៊ាងម៉ី ព្រមទាំងមិត្តភក្កិ និងដៃគូរស្នេហា ក៏ដូចជាគ្រួសាររបស់នាងផង ។
បច្ចុប្បន្ននេះនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកែប កំពុងរៀបចំកសាងសំណុំរឿងបញ្ជូនជនសង្ស័យនេះទៅតុលាការដើម្បីចាត់ការតាមនីតិវិធី។
មជ្ឈដ្ឋានរបស់ប្រជាពលរដ្ឋ លើកឡើងថា ក្នុងនាមជាកូនប្រុសដើមទ្រូងប្រាំហត្ថ មិនគួរមានភាពទន់ជ្រាយ ក្នុងរឿងស្នេហា រហូតដល់ចងកំហឹង តាមព្យាបាទទៅលើគូស្នេហ៍របស់ខ្លួន បង្កើតជាហ្វេសប៊ុកក្លែងក្លាយ យករូបរបស់នាង រូបឪពុករបស់នាង និងមិត្តភ័ក្រ របស់នាង ដើម្បីជេរប្រមាថថ្នាក់ដឹកនាំកំពូលៗរបស់រដ្ឋ ស្នងការ អភិបាលខេត្ត ដើម្បីទម្លាក់កំហុសទៅលើអតីតគូកំណាន់ចិត្តនោះឡើយ។
នេះចាត់ទុកជាសំណាងហើយ ដែលស្ត្រីជាគូកំណាន់ចិត្ត បានសម្រេចចិត្ត ផ្តាច់មនោសញ្ជេតនាស្នេហា ជាមួយនឹងបុរសខាងលើ ខណៈអាចដឹងអំពីអត្តចរិក លក្ខណៈរបស់បុគ្គលនេះ គឺជាប្រភេទមនុស្សដែលមិនអាច ផ្ញើវាសនាសម្រាប់អនាគតបាន។
ដូច្នេះប្រជាពលរដ្ឋ សូមឱ្យសមត្ថកិច្ចបន្តអនុវត្តនីតិវិធី ទៅលើជនខាងលើនេះ ដើម្បីបញ្ចៀសឲ្យបាននូវការបង្កើត account ក្លែងក្លាយ ក្នុងការជេរប្រមាថ អ្នកដឹកនាំ អ្នកដទៃ ក្នុងអំពើល្មើសច្បាប់៕
ដោយ៖ សិលា