កសិករចិញ្ចឹមទាយកស៊ុតធ្វើឲ្យជីវភាពគ្រួសារគាត់ធូរធារជាលំដាប់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ការចិញ្ចឹមទាយកស៊ុតលក់ ក្លាយជាមុខរបរមួយដែលធ្វើឲ្យប្រជាកសិករមួយចំនួនមានជីវភាពធូរធារ ល្អប្រសើរឡើង។ ជាក់ស្តែង លោកស្រី យ៉ាត ទួម ជាកសិករធ្វើស្រែ និងជាប្រធានសហគមន៍ចិញ្ចឹមទាយកស៊ុតលក់នៅក្នុងភូមិស្វាយដង្គត់ សង្កាត់កោះពងសត្វ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានជីវភាពធូរធារជាងមុនដោយសារតែអាជីពមួយនេះផងដែរ។

ដោយចង់បានចំណូលបន្ថែមបន្ទាប់ពីការធ្វើស្រែ លោកស្រី យ៉ាត ទួម បន្ថែមថាគាត់បានចិញ្ចឹមទាជាលក្ខណៈគ្រួសារដោយចាប់ផ្តើមពី១០០ក្បាលរហូតឡើងទៅរាប់ពាន់ក្បាល។ ក្រោយមកទៀតក៏មានការបណ្តុះបណ្តាលដោយមន្ត្រីជំនាញនៃមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទ លោកស្រីបានកែប្រែពីការចិញ្ចឹមទាជាលក្ខណៈធម្មជាតិ លែងចោល ដើរតាមឃ្វាលនៅតាមវាលស្រែ កែមកធ្វើទ្រុងសុវត្ថិភាពបច្ចេកទេសតាមការណែនាំរបស់មន្ត្រីជំនាញវិញម្តង ដែលធ្វើឲ្យលោកស្រីចាប់ផ្តើមទទួលទិន្នផលខ្ពស់ជាងមុន ហើយចិញ្ចឹមទាកាន់តែច្រើនឡើងៗ រហូតដល់បច្ចុប្បន្ននេះ មានចំនួន២៥០០០ក្បាលលើផ្ទៃដី៤ហិកតាផងដែរ។

លោកស្រីបានបញ្ជាក់ថា ក្រោយពីលោកស្រីចិញ្ចឹមទាបានជោគជ័យ និងមានចំនួនច្រើនជាងគេនៅក្នុងសង្កាត់កោះពងសត្វ មន្ត្រីជំនាញបានលើកទឹកចិត្តលោកស្រី ជាអ្នកចិញ្ចឹមទាគំរូ និងជាប្រធានសហគមន៍ចិញ្ចឹមទាយកស៊ុត ប្រចាំសង្កាត់កោះពងសត្វ នៅបច្ចុប្បន្ននេះតែម្តង។

ចំពោះការជ្រើសរើសពូជវិញគឺលោកស្រីយកមកពីប្រទេសថៃ ដែលមានចាក់វ៉ាក់សាំងស្រេច ធន់ទឹកនិងជំងឺ ពងធំៗ ដោយទាទិញមកធំស្រាប់ មានអាយុ៥ខែតែម្តង ហើយតម្លៃក្នុងមួយក្បាល១៩,៥០០រៀល។ ចំពោះទា២៥០០០ក្បាលនេះ គាត់បានផ្តល់ចំណីលាយស្រេច និងចំណីផ្សំក្នុងមួយថ្ងៃពី១១០ ទៅ១២០ការុង គិតជាទឹកប្រាក់ចន្លោះពី៤លានរៀលទៅ៥លានរៀល ហើយចំណូលស៊ុតទាដែលទទួលបានវិញក្នុងមួយថ្ងៃជិត២ម៉ឺនគ្រាប់ ដែលក្នុងស៊ុត១តម្លៃ៣៥០រៀល ទៅ៤៣០រៀល សរុបជាប្រាក់ចាប់ពី ៦,០០០,០០០រៀល ទៅ៧,០០០,០០០រៀល។ បើកាត់ថ្លៃកម្មករ និងទឹកភ្លើងចំណាយលើសម្ភារផ្សេងៗ ថ្លៃប្រេង នៅសល់ច្រើនគួរសម ដែរដែលធ្វើឲ្យលោកស្រីមានជីវភាពធូរធារ មានរថយន្តផ្ទាល់ខ្លួន រថយន្តសម្រាប់បម្រើមុខរបរ និងមានមុខមានមាត់នៅក្នុងសង្គមផងដែរ។

  លោកស្រី យ៉ាត ទួម ប្រធានសហគមន៍រូបនេះ បានអះអាងថា ទោះជាពិភពលោកកំពុងជួបបញ្ហាជំងឺកូវីដ-១៩ក្តី ក៏មិនធ្វើឲ្យប៉ះពាល់ទីផ្សារដល់មុខរបររបស់លោកស្រីដែរ តែក៏ជួបបញ្ហាខ្លះៗ ទាក់ទងនឹងតម្លៃនៅលើទីផ្សារផងដែរ ដែលតម្លៃបច្ចុប្បន្ននេះមានការធ្លាក់ចុះ ដោយសារការនាំស៊ុតចូលពីប្រទេសជិតខាង។ លោកស្រីសំណូមពរដល់ក្រសួងពាក់ព័ន្ធ និងមន្ត្រីជំនាញសូមជួយកាត់បន្ថយការនាំចូលស៊ុតទាពីប្រទេសជិតខាងចូលក្នុងស្រុកដែលនាំឲ្យតម្លៃស៊ុតដែលចិញ្ចឹមទាក្នុងស្រុកមានការធ្លាក់ថ្លៃផងដែរ៕

        

...

ដោយ៖វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print