កិច្ចប្រជុំប្រចាំឆ្នាំរវាងសហព័ន្ធអន្តរជាតិ និងថ្នាក់ដឹកនាំ-អគ្គលេខាធិការ កាកបាទក្រហម អឌ្ឍចន្ទក្រហម ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក តាមរយៈប្រព័ន្ធវីដេអូ

ចែករំលែក៖

ភ្នំពេញ៖ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នារសៀលថ្ងៃពុធ ទី១៦ ខែធ្នូ ឆ្នាំ២០២០ នេះ គណៈប្រតិភូកាកបាទក្រហមកម្ពុជា ដឹកនាំដោយ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំរវាងសហព័ន្ធអន្តរជាតិ និងថ្នាក់ដឹកនាំ-អគ្គលេខាធិការ កាកបាទក្រហម អឌ្ឍចន្ទក្រហម ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក តាមរយៈប្រព័ន្ធវីដេអូ។

កិច្ចប្រជុំនារសៀលនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ លោក Francesco Rocca ប្រធានសហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហម (IFRC) និងអញ្ជើញចូលរួមពី គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) ព្រមទាំងថ្នាក់ដឹកនាំនៃសមាគមជាតិប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកចំនួន ៣៦ប្រទេស។

គោលបំណងនៃការរៀបចំកិច្ចប្រជុំនេះ គឺដើម្បីពិភាក្សាអំពីស្ថានភាពបច្ចុប្បន្នក្នុងដំណាក់កាលកូវីដ-១៩ ថាតើត្រូវធ្វើយ៉ាងណាដើម្បីអាចចាត់ចែង គ្រប់គ្រងនូវចរន្តសេដ្ឋកិច្ចសាកលលោក និងវិបត្តិហិរញ្ញវត្ថុដែលប៉ះពាល់ដល់សមាគមជាតិ ដោយធានាថាសមាគមជាតិនៅតែជាស្ថាប័នដែលមានការជឿជាក់ពីសហគមន៍​ ម្ចាស់ជំនួយ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់។

ក្នុងឱកាសនោះ​ សមាគមជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម ១៤ប្រទេសរួមមាន​ ៖ ឥណ្ឌូណេស៊ី ចិន ម៉ាល់ឌីវ ឥណ្ឌា អាហ្វហ្គានីស្ថាន នេប៉ាល់ ជប៉ុន អូស្ត្រាលី ឃុកអាយឡេន កម្ពុជា ប៉ាពូញូហ្គីណេ បង់ក្លាដេស​ ប៉ាគីស្ថាន និងហ្វីលីពីន បានធ្វេីបទបង្ហាញចែករំលែកបទពិសោធន៍​ អនុសាសន៍ និងសំណូមពរសំខាន់ៗដល់កិច្ចប្រជុំទាំងមូល ជាពិសេសដល់សហព័ន្ធអន្តរជាតិ។ ដោយឡែក​ ចំពោះកាកបាទក្រហមកម្ពុជា លោកជំទាវអគ្គលេខាធិការ​ បានស្នើសុំដល់សហព័ន្ធអន្តរជាតិ សូមបន្តជួយលើផ្នែកបណ្តុះបណ្តាលពីចម្ងាយដើម្បីពង្រឹងសមត្ថភាពមន្រី្ត បុគ្គលិក អ្នកស្មគ្រ័ចិត្ត និងយុវជន​នៅតាមសាខា-អនុសាខា និងបង្កើតប្រព័ន្ធស្វែងរកមូលនិធិតាមonline ដើម្បីស្របទៅតាមបរិបទសង្គម រស់នៅធម្មតាតាមបែបគន្លងថ្មី។ ទន្ទឹមនឹងនេះ​ កាកបាទក្រហមកម្ពុជា​ បានស្មើសុំដល់សហព័ន្ធអន្តរជាតិ​ ឱ្យបន្តរក្សាទុកការិយាល័យនៅកម្ពុជាយ៉ាងតិចពីរទៅបីឆ្នាំទៀតឬរហូតដល់ការរីករាលដាលជំងឺកូវីដបានធូរស្បើយ ដោយមានតំណាងម្នាក់ដូចបច្ចុប្បន្ន។

ចំពោះសំណេីរបស់​កាកបាទក្រហមកម្ពុជា​ សហព័ន្ធអន្តរជាតិ នឹងយកទៅធ្វេីការពិចារណា​ ហេីយឆ្លេីយតបមក​កាកបាទក្រហមកម្ពុជា​វិញ៕

ដោយ៖ សិលា

...

           

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print