ខេត្តបន្ទាយមានជ័យ៖ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន០៦គ្រាប់ដែលនៅសេសសល់ពីសម័យសង្រ្គាម ត្រូវបានក្រុមការងារអភិវឌ្ឍតំបន់បឹងជង្រុកនិង៦៧១ ស្ថិតក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ បានស្រាវជ្រាវដឹងនិងធ្វើការប្រគល់ឲ្យអង្គភាពស៊ីម៉ាក់កម្ទេចចោល នៅថ្ងៃទី១៦ខែ ធ្នូ ឆ្នាំ២០២០ ម្សិលមិញនេះ។
លោក បេន សំអាត អធិការនគរបាលស្រុកម៉ាឡៃ បានឲ្យដឹងថា គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ទាំងនោះគឺជាគ្រាប់ដែលបន្សល់ទុកនៅអំឡុងសម័យសង្រ្គាម ក្នុងនោះមាន ក្បាលគ្រាប់ទំហំ 60 mm 01គ្រាប់ -ក្បាលគ្រាប់105mm ចំនួន01គ្រាប់ -គ្រាប់មីនប្រភេទ 69 ចំនួន 03 គ្រាប់ -គ្រាម់មីន MBV 78 A1 ចំនួន0 1ដែលបានរកឃើញ នៅលើដីទំហំ 304 ហិកតា ដែលកំពុងឈូសឆាយនៅចំណុចបឹងជង្រុកនិង៦៧១ ភូមិសាស្ត្រឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដែលនឹងគ្រោងចែកជូនប្រជាពលរដ្ឋរស់នៅតំបន់នោះ ។
លោកអធិការបានបញ្ជាក់ថា ដើម្បីបញ្ចៀសការគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ នៅថ្ងៃទី១៦ ខែធ្នូ វេលាម៉ោង០៣ និង២៣ នាទី រសៀល លោក ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងក្រុមការងារ ព្រមទាំងក្រុមស៊ីម៉ាក់ បានរៀបចំធ្វើការកម្ទេចចោលនៅនឹងកន្លែង ដើម្បីបញ្ជៀសគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋនៅថ្ងៃក្រោយ ៕
ដោយ÷ វណ្ណា