ខេត្តកណ្ដាល៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមធ្វើការឆ្លើយតបបំភ្លឺជូន គេហទំព័រសារព័ត៌មាន ទូរទស្សន៍ ព្រះនរាយណ៍ ដែលបានចុះផ្សាយជាវីដេអូឃ្លីប អមដោយខ្លឹមសារថា «ក្រុមគ្រួសារលោកស្រី អេង លន ដែលមានទីលំនៅភូមិអន្លង់សាន្ត ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល ទទួលរងនៅអំពើអយុត្តិធម៌ក្នុងអំពើហិង្សា ដែលជនបង្កបាននាំគ្នាព្រួតវាយក្រុមគ្រួសារលោកស្រី មានកូនបង្កើត កូនប្រសារ បណ្ដាលឱ្យរងរបួសស្នាមគ្រប់ៗគ្នា ហើយលោកស្រីក៏បានដាក់ពាក្យបណ្ដឹងចូលតុលាការអស់រយៈពេល ០៣ឆ្នាំមកហើយ មកដល់ពេលនេះគឺនៅតែពុំទាន់មានដំណោះស្រាយណាមួយជូនដល់ក្រុមគ្រួសារលោកស្រីនៅឡើយទេ»។
បន្ទាប់ពីទទួលបានដំណឹងភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឱ្យលោកអធិការនគរបាលស្រុកកោះធំ ស្រាវជ្រាវករណីនេះ ។
ជាលទ្ធផល ៖
នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ លោកអធិការនគរបាលស្រុកកោះធំបានបញ្ជាក់ឱ្យដឹងថា ៖ ចំពោះព័ត៌មានខាងលើនេះ គឺពិតកើតមានឡើងមែន គឺជាករណី “ហិង្សាដោយចេតនាទៅវិញទៅមក” បានកើតឡើងតាំងពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោងប្រមាណ១៨ និង ៣០នាទី នៅចំណុចខាងមុខផ្ទះឈ្មោះ អាយ ស៊ូខេង ស្ថិតក្នុងភូមិអន្លង់សាន្ត ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល។ នៅក្នុងជម្លោះហិង្សានោះគឺមាន៖
-ភាគី(ក) ចំនួន ០៤នាក់៖ ១.ឈ្មោះ អាយ ជីងប៉ាវ ភេទប្រុស ២.ឈ្មោះ អាយ ហាំងអ៊ីម ភេទប្រុស ៣.ឈ្មោះ អាយ ស៊ូខេង ភេទស្រី និង៤.ឈ្មោះ ខិ សុគីម ភេទស្រី អ្នកទាំង០៤នាក់ រស់នៅភូមិអន្លង់សាន្ត ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល ។
-ភាគី(ខ) ចំនួន ០៣នាក់ ដែលជាក្រុមគ្រួសាររបស់លោកស្រី អេង លន៖ ១.ឈ្មោះ សៅ ស្រ៊ូ ភេទប្រុស ២.ឈ្មោះ អៀវ វួចឡាយ ភេទស្រី ៣.ឈ្មោះ លន សេងឡាយ ភេទប្រុស អ្នកទាំង០៣មានទីលំនៅភូមិអន្លង់សាន្ដ ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល ។
សូមបញ្ជាក់ ៖ ចំពោះករណីហិង្សាដោយចេតនាទៅវិញទៅមកខាងលើ គឺកម្លាំងសមត្ថកិច្ចជំនាញនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកកោះធំ បានធ្វើការស៊ើបអង្កេតបឋមកសាងសុំណុំរឿងបញ្ជូនទៅកាន់ការិយាល័យជំនាញខេត្តរួចរាល់តាំងពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ ។ បន្ទាប់មកការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានពិនិត្យនិងបញ្ជូនសំណុំរឿងនេះទៅអយ្យការអមសាលាដំបូងខេត្តកណ្តាល កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ រួចហើយដែរ ។ ចំពោះនីតិវិធីបន្តគឺនៅលើតុលាការ ។
អាស្រ័យហេតុនេះ សូមបណ្តាញសារព័ត៌មាន ក៏ដូចជាសាធារណជន ដែលប្រើប្រាស់បណ្តាញសង្គមមេត្តាជ្រាបជាព័ត៌មាន និងកុំមានការភាន់ច្រឡំ ៕
សូមអរគុណ!!!
ដោយ៖ សិលា