សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាលនាំយកអំណោយមនុស្សធម៌ជូនក្រុមគ្រួសារសពក្មេងលង់ទឹកស្លាប់នៅស្រុកស្អាង

ចែករំលែក៖

ខេត្តកណ្តាល៖ នៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ លោក គង់ សោភ័ណ្ឌ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានអញ្ជើញចូលរួមរំលែកទុក្ខ និងនាំយកអំណោយមនុស្សធម៌ប្រគល់ជូនប្រជាពលរដ្ឋចំនួនពីរគ្រួសារ ដែលមានកូនស្រីចំនួន២នាក់ បានស្លាប់ដោយសារលង់ទឹកប្រឡាយព្រែកធំ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ នៅភូមិត្នោតញី ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល។
ក្នុងឱកាសដ៏ក្រៀមក្រំ និងពោរពេញដោយសេចក្តីសោកស្តាយនេះ លោកអភិបាលខេត្ត បានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព និងបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក និងក្តីសោកស្តាយជាទីបំផុតពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្តេចតេជោនាយករដ្ឋមន្រ្តី ចំពោះបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ជាពិសេសបងប្អូនទាំងពីរគ្រួសារដែលបានបាត់បង់កូនស្រីជាទីស្រលាញ់នាពេលនេះ។ ជានិច្ចកាលសម្តេចទាំងទ្វេតែងតែយកចិត្តទុកដាក់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដោយមិនប្រកាន់វណ្ណៈ បក្សពួក ពណ៌សម្បុរ សាសនា ឬនិន្នាកានយោបាយអ្វីឡើយ។

លោកអភិបាលខេត្ត បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់ខ្ពស់ក្នុងការថែទាំសុខភាព ជាពិសេសការពារឱ្យបានពីការឆ្លងមេរោគកូវីដ-១៩ ដោយអនុវត្តឱ្យបានតាមការណែនាំរបស់ក្រសួងសុខាភិបាល គឺត្រូវពាក់ម៉ាស់ លាងដៃ និងអាល់កុល ឬជែល រក្សាគម្លាតសុវត្ថិភាពនៅពេលប្រាស្រ័យទាក់ទងគ្នា។

អំណោយដែលសាខាប្រគល់ជូនដល់ក្រុមគ្រួសារសពទាំងពីរគឺក្នុងមួយគ្រួសារទទួលបានអង្ករ៥០គីឡូក្រាម មី២កេស ទឹកត្រី២យួរ ទឹកស៊ីអុីវ២យួរ ត្រីខកំប៉ុង២យួរ ទឹកផ្លែឈើ២កេស អាល់កុល១ដប ម៉ាស់១ប្រអប់ និងថវិកា១លានរៀល។

ដោយមើលឃើញពីទុក្ខលំបាករបស់ពួកគាត់ លោកអភិបាលខេត្តបានណែនាំដល់សាខាកាកបាទក្រហមកម្ពុជាខេត្ត និងអនុសាខាកាកបាទក្រហមស្រុក ជួយសម្របសម្រួលដោះស្រាយជួសជុលផ្ទះជូនពួកគាត់ឡើងវិញឱ្យបានសមរម្យផងដែរ៕

...

ឆ ដា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print