ខេត្តព្រៃវែង៖ នៅថ្ងៃសុក្រ ទី១៨ ខែធ្នូ ឆ្នាំ២០២០ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង រួមជាមួយលោក ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ស្តើង សុខុម ប្រធានក្រុមការងារចុះជួយស្រុកកំចាយមារ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងពិគ្រោះយោបល់ដើម្បីទទួលយកនូវសំណួរ និងសំណូមពររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានក្នុងឃុំក្របៅ ស្រុកកំចាយមារ ក្នុងន័យបម្រើសេវាសំណូមពរជូនប្រជាពលរដ្ឋឱ្យចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់។
វេទិការសំណេះសំណាល និងពិគ្រោះយោបល់នេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកអភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក លោកមេឃុំ/មេភូមិ មន្រ្តីរាជការសាលាស្រុក និងប្រជាពលរដ្ឋមួយចំនួនថែមទៀត។
សូមបញ្ជាក់ផងដែរថា វេទិការនេះគឺដើម្បីស្វែងយល់ពីស្ថានភាពទូទៅនៃការអភិវឌ្ឍឃុំ ស្រុក ព្រមទាំងបញ្ហាប្រឈមនានា និងផ្តល់នូវឱកាសជូនដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ក្នុងការបញ្ចេញមតិរបស់ខ្លួនពាក់ព័ន្ធនឹងក្តីកង្វល់ សំណូមពរ និងតម្រូវការជាក់ស្តែងនៅក្នុងមូលដ្ឋានដើម្បីឲ្យអាជ្ញាធរមានសមត្ថកិច្ចដោះស្រាយ និងឆ្លើយតបចំពោះតម្រូវការ និងសំណូមពរដែលបានស្នើឡើងក្នុងគោលបំណងពង្រឹងយន្តការ តម្លាភាពព្រមទាំងលើកកម្ពស់គោលការណ៍ អភិវឌ្ឍន៍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។
បន្ទាប់មកលោកអភិបាលខេត្ត និងគណៈអធិបតីទាំងអស់ ព្រមទាំងមន្ទីរជំនាញពាក់ព័ន្ធ និងសហការីបានបន្តដំណើរត្រួតពិនិត្យរថយន្តសង្រ្គោះបន្ទាន់ដែលខូចខាត ទីតាំងប្រព័ន្ធចែកចាយទឹកស្អាតស្រុក និងពិនិត្យមើលផ្លូវលំគ្រួសក្រហមដែលត្រូវជួសជុលប្រវែង១៦៦៥ម៉ែត្រ នៅភូមិកន្លែងជ្រៅ ឃុំក្របៅ ស្រុកកំចាយមារ៕