តាមគេហទំព័រworldometer ក្នុងរយៈពេល២៤ម៉ោងកន្លងមក ពិភពលោក មានអ្នកឆ្លងកូវីដ១៩ កើនឡើងដល់ទៅ ជាង៥២១ពាន់នាក់ និងស្លាប់ជាង៧៦០០នាក់។ ៣ប្រទេសដែលមានអ្នកឆ្លងច្រើនជាងគេបំផុតនោះគឺ អាមេរិក មានអ្នកឆ្លង ដល់ទៅ១៧១ពាន់នាក់ អង់គ្លេស ជាង៣៥ពាន់នាក់និងរុស្ស៊ីជាង២៨,៩ពាន់នាក់។ ប្រទេសដែលមានករណីឆ្លងច្រើនគឺបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ដល់ពលរដ្ឋ ជាច្រើនផងដែរ។
បច្ចុប្បន្នអាមេរិកនៅតែជាប្រទេសនាំមុខ ពីចំនួនអ្នកឆ្លងសរុបដដែលគឺមានជាង១៨,២លាននាក់និងស្លាប់ជាង ៣២៤ពាន់នាក់ ។ លំដាប់ទីពីរគឺឥណ្ឌាមានអ្នកឆ្លងកូវីដ១៩សរុបជាង១០លាននាក់ និងស្លាប់ ជាង ១៤៥ពាន់នាក់។ ប្រទេសប្រេស៊ីលស្ថិតនៅលំដាប់ទីបី មានអ្នកឆ្លងកើនឡើងដល់ទៅ ជាង៧ ពាន់លាននាក់ និងស្លាប់ ជាង១៨៦ពាន់នាក់។
ប្រទេសតំបន់អឺរ៉ុប ក្រោយប្រទេសអង់គ្លេសរកឃើញមានករណីវិវឌ្ឍន៍វីរុសកូវីដ១៩ថ្មី មានល្បឿនឆ្លងលឿនជាងវីរុសកូវីដ១៩ចាស់ដល់ទៅ៧០ ដង ធ្វើឲ្យប្រទេសតំបន់អឺរ៉ុបផ្អាករាល់ការធ្វើដំណើរទៅកាន់ប្រទេសអង់គ្លេស។ ក្រៅពីអឺរ៉ុបប្រទេសតំបន់អាស៊ី និងមជ្ឈិមបូព៌ាក៏បានផ្អាករាល់សកម្មភាព ធ្វើដំណើរដូចគ្នា។
អ្នកនាំពាក្យនាយករដ្ឋមន្ត្រីអង់គ្លេស បានឲ្យដឹងថា នាយករដ្ឋមន្ត្រីBoris Johnson បានកោះប្រជុំជាបន្ទាន់បន្ទាន់នៅថ្ងៃទី២១ខែធ្នូ ដើម្បីពិភាក្សាលើការដឹកជញ្ជូនទំនិញ ឆ្លងកាត់ប្រទេសអង់គ្លេស ។
ជាមួយគ្នានេះដែរ អង្គការសុខភាពពិភពលោក WHO បានអំពាវនាវដល់បណ្តាប្រទេសក្នុងតំបន់អឺរ៉ុប ចាត់វិធានការ ទប់ស្កាត់កូវីដ១៩ យ៉ាងមានប្រសិទ្ធភាពបំផុត។
ចំណែកនៅក្នុងតំបន់អាស៊ីវិញ ប្រទេស កូរ៉េខាងត្បូង ជប៉ុន ក៏មានករណីឆ្លងកើនឡើងខ្ពស់ផងដែរ បង្ខំឲ្យរដ្ឋាភិបាលត្រូវរឹតបន្តឹងការទប់ស្កាត់ពិសេស ក្នុងពេលចូលឆ្នាំសកលចូលមកដល់៕ ដោយ៖ធីរីណា
រូបភាព៖ttxvn