យោងតាមការចេញផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ Marca បានឲ្យដឹងថា សន្និបាតសមាជិកប្រចាំឆ្នាំសម្រាប់ក្លិប Real Madrid នៅឆ្នាំនេះគឺខុសគ្នាខ្លាំងណាស់ ព្រោះការអនុម័តឲ្យប្រើប្រាស់ថវិកាប្រចាំឆ្នាំរបស់ក្លិបគឺទាបជាងឆ្នាំមុន។ វាគឺជាកិច្ចប្រជុំដ៏សំខាន់មួយព្រោះថាថវិកាដែលត្រូវបានអនុម័តត្រូវបានកាត់បន្ថយចំនួន៣០០ លានអឺរ៉ូបើប្រៀបធៀបនឹងតួលេខព្យាករបើប្រៀបធៀបនឹងឆ្នាំមុន។
ការកាត់បន្ថយថវិកាដោយសារវិបត្តិជំងឺរាតត្បាតកូវីដ-៩ ដែលបានរាលដាលចាប់តាំងពីខែមីនាត្រូវបានបោះឆ្នោតចាប់តាំងពីថ្ងៃសុក្រ ខណៈសមាជិកគាំទ្រលោក Florentino Perez និងក្រុមប្រឹក្សាភិបាលរបស់គាត់ជាអ្នកដឹកនាំបន្តទៀតនៅឆ្នាំក្រោយ។
មានសមាជិកក្លិបចំនួន១.៧៧៣នាក់ ដែលបានចូលរួមប្រជុំដើម្បីអនុម័តថវិកា និងវិធានការផ្សេងៗ។ ការបោះឆ្នោតនៅពេលនេះបង្ហាញថា ក្លិបនឹងមានថវិកា៦១៧ លានអឺរ៉ូសម្រាប់ឆ្នាំ ២០២០-២០២១ ដែលតិចជាងឆ្នាំ២០១៩-២០២០ចំនួន១៤ភាគរយ។
ការថមថយថវិកានេះត្រូវបានគេព្យាករពីការបាត់បង់ប្រាក់ចំនួន៦៩ លានអឺរ៉ូដែលក្លិបនឹងសំលឹងកាត់បន្ថយឱ្យបានច្រើនបំផុត និងរង់ចាំការត្រឡប់មកវិញរបស់អ្នកគាំទ្រដែលអាចធ្វើទៅបានទោះបីជាក្រុមប្រឹក្សាមិនរំពឹងថានឹងមាននៅពេលឆាប់ៗនេះក៏ដោយ។
ថវិកាកាលពីរដូវកាលមុនមានតម្លៃ៨២២,១លានអឺរ៉ូដោយការរីករាយដាលនៃកូវីដ-១៩ ប៉ះពាល់ដល់បណ្តាញអាជីវកម្មផ្សេងៗនៅក្នុងក្លិបរួមទាំងការធ្លាក់ចុះនូវប្រាក់ចំណូលយ៉ាងច្រើនពីកង្វះអ្នកគាំទ្រនៅក្នុងពហុកីឡដ្ឋានក៏ដូចជាការឧបត្ថម្ភ និងព្រឹត្តិការណ៍ពាណិជ្ជកម្មផ្សាយផ្ទាល់នៅពហុកីឡដ្ឋាននិងការលក់អាហារនៅក្នុងក្លិប។
ក្លិបបានដាក់តួលេខ១០៦ លានអឺរ៉ូទៅលើផលប៉ះពាល់នៃជំងឺរាតត្បាតដែលជាការកាត់បន្ថយប្រាក់ចំណូល១៣ភាគរយ។
ប្រសិនបើជំងឺរាតត្បាតមិនដែលបានកើតឡើងថវិកាត្រូវបានគេរំពឹងថា នឹងត្រូវបានគេដាក់នៅ៩០០លានអឺរ៉ូ។ ក្លិបនេះទទួលបានប្រាក់កម្ចីពីធនាគាររយៈពេលវែងចំនួន១៥៥ លានអឺរ៉ូក្នុងខែមេសា និងឧសភាដែលមានលក្ខណៈជាប្រាក់កម្ចីចំនួន៤ដែលត្រូវគិតក្នុងរយៈពេល៥ ឆ្នាំ និង៥០លានអឺរ៉ូនៅក្នុងគោលនយោបាយឥណទានដែលផុតកំណត់ក្នុងរយៈពេល៣ឆ្នាំ។
កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២០ ទ្រព្យសម្បត្តិសុទ្ធរបស់ក្លិបមានចំនួន៥៣៣លានអឺរ៉ូដោយមានសាច់ប្រាក់សុទ្ធចំនួន១២៥ លានអឺរ៉ូដោយមិនរាប់បញ្ចូលគម្រោងកែលម្អរបស់ Estadio Santiago Bernabeu ។
កីឡាករ និងគ្រូបង្វឹកនៃក្រុមដំបូងក្នុងវិស័យបាល់ទាត់និងបាល់បោះក៏ដូចជាក្រុមប្រឹក្សាភិបាលរបស់ក្លិបបានកាត់ប្រាក់ខែ១០ភាគរយសម្រាប់ឆ្នាំនេះដែលបានជួយបញ្ចប់ថវិកាកាលពីរដូវកាលមុនជាមួយនឹងអតិផរណាប្រមាណ៣១៣.០០០អឺរ៉ូ។
ការកាត់បន្ថយប្រាក់ឈ្នួលថ្មីក៏នឹងត្រូវបានរំពឹងទុកសម្រាប់រដូវកាលនេះផងដែរដើម្បីជួយធ្វើឱ្យ មានតុល្យភាពថវិការបស់ក្លិប។ ខណៈដែលក្រុមផ្សេងទៀតបានធ្វើការស្មានអំពីការផ្ទេរកីឡាករ Real Madrid បានរក្សាជំហររបស់ខ្លួនថានឹងមិនមានការចុះហត្ថលេខាណាមួយឡើយដូចជាករណីនេះតាំងពីមុនរដូវក្តៅផងដែរ ៕ដោយ៖ភារៈ