ទូរស័ព្ទរបស់អ្នកសារព័ត៌មានមួយចំនួនត្រូវបានវាយប្រហារ តាមរយៈកម្មវិធី iMessage

ចែករំលែក៖

ភ្នំពេញ៖ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា អគ្គស្នងការនគរបាលជាតិ នៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ បានបញ្ជាក់ឲ្យដឹងថា, បើយោងតាមក្រុមអ្នកស្រាវជ្រាវរបស់ Citizen Lab នៃសាកលវិទ្យាល័យ Toronto ក្នុងប្រទេសកាណាដា បានរកឃើញថាទូរស័ព្ទរបស់អ្នកសារព័ត៌មានមួយចំនួនត្រូវបានរងការវាយប្រហារពីកម្មវិធី Pegasus របស់ក្រុមហ៊ុន NSO Group ដែលជាក្រុមហ៊ុនបង្កើតកម្មវិធីវាយប្រហារ មានទីតាំងនៅប្រទេសអុីស្រាអែល។ 

ការរកឃើញនេះបន្ទាប់ពីអ្នកសារព័ត៌មានម្នាក់ឈ្មោះ Tamer Almisshal ដែលធ្វើការនៅក្រុមហ៊ុនសារព័ត៌មាន Al Jazeera បានស្នើសុំឱ្យក្រុមអ្នកស្រាវជ្រាវធ្វើការវិភាគទៅលើទូរស័ព្ទរបស់គាត់ ដោយគាត់មានការសង្ស័យថាទូរស័ព្ទរបស់គាត់អាចត្រូវបានរងការវាយប្រហារ។ លទ្ធផលក្រោយពីធ្វើការវិភាគនោះគឺ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថាទូរស័ព្ទរបស់គាត់ត្រូវបានភ្ជាប់ទៅនឹង server របស់ក្រុមហ៊ុន NSO Group ដែលជាប្រភពសម្រាប់ចែកចាយកម្មវិធីវាយប្រហារក្នុងអំឡុងពេលពីខែកក្កដាដល់ខែសីហាកន្លងទៅនេះ។ 

ជាងនេះទៅទៀតតាមការវិភាគក៏បានរកឃើញ បញ្ជីឈ្មោះកម្មវិធីផ្សេងៗដែលកម្មវិធីវាយប្រហារនេះបានប្រើប្រាស់នោះរួមមាន ការថតសំឡេងតាមរយៈម៉ៃក្រូហ្វូនឬការនិយាយទូរស័ព្ទ ថតរូបភាពតាមរយៈកាមេរ៉ាទូរស័ព្ទ ទាញយកលេខសម្ងាត់ និង តាមដានទីតាំងរបស់ទូរស័ព្ទបានទៀតផង។ ក្នុងរយៈពេលជាងមួយឆ្នាំចុងក្រោយនេះ មានអ្នកធ្វើការឱ្យក្រុមហ៊ុន Al Jazeera ចំនួន៣៦នាក់ រួមមានអ្នកសារព័ត៌មាន អ្នកគ្រប់គ្រងកម្មវិធី និងអ្នកគ្រប់គ្រងធំៗត្រូវបានក្លាយជាគោលដៅក្នុងការវាយប្រហារពីប្រទេសមួយចំនួននៅតំបន់អារ៉ាប់រួម។ 

សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុន Apple បានធ្វើការកែសម្រួលភាពចន្លោះប្រហោងនេះ ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ iOS 14 ដែលបានដាក់ឱ្យប្រើប្រាស់កាលពីខែកញ្ញាកន្លងទៅ។ បញ្ហានេះគឺជាឧទាហរណ៍ដ៏ល្អមួយដល់អ្នកប្រើប្រាស់ដែលគួរតែធ្វើបច្ចុប្បន្នភាពឧបករណ៍បច្ចេកវិទ្យារបស់លោកអ្នកឱ្យបានទៀងទាត់និងឆាប់រហ័សដើម្បីចៀសវាងពីការវាយប្រហារ៕

...

ដោយ៖សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print